សេដ្ឋកិច្ច & អចលនទ្រព្យ

រាជរដ្ឋាភិបាលគ្រោង អភិវឌ្ឍន៍ ខេត្តមណ្ឌលគិរី ឱ្យទៅជាតំបន់ ទេសចរណ៍ពិសេស

ភ្នំពេញ៖លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១៨មេសា បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង រៀបចំផែនការមេអភិវឌ្ឍន៍ ខេត្តមណ្ឌលគិរីឱ្យទៅជាតំបន់ ទេសចរណ៍សមាហរណពិសេស។ នេះបើយោង តាម ការ ចុះផ្សាយ របស់AKP។

លោកអូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា ដើម្បីចូលរួម ចំណែកក្នុង ការអភិវឌ្ឍវិស័យទេសចរណ៍ ដែលជាចន្ទល់ទ្រទ្រង់ កំណើនសេដ្ឋកិច្ច ជាតិឱ្យកាន់ តែរឹងមាំនិងនិរន្តរភាព និងដោយផលិតផលទេសចរណ៍ កម្ពុជានៅមានកម្រិត បើធៀបនឹង ប្រទេសជិតខាងក្នុងតំបន់ កម្ពុជាត្រូវធ្វើពិពិធកម្មផលិតផល ទេសចរណ៍ជាចាំបាច់ សំដៅលើក កម្ពស់ភាពប្រកួតប្រជែងនៃវិស័យ ទេសចរណ៍កម្ពុជា ជាពិសេទេសចរណ៍ បែបវប្បធម៌ និងធម្ម ជាតិ ដែលជាផលិតផលឈានមុខ របស់កម្ពុជា។ ក្រសួងទេសចរណ៍ បានរៀបចំវិធានការក្នុង ការលើកស្ទួយវិស័យ ទេសចរណ៍កម្ពុជា តាមរយៈការអភិវឌ្ឍផលិតផលទេសចរណ៍, ការលើក កម្ពស់សេវាមួយស្តង់ដារមួយ បុគ្គលិកម្នាក់ជំនាញមួយ និងទេសចរណ៍វៃឆ្លាត (Smart Tourism) ជាដើម។

លោកបានបន្ដថា ការលើកកម្ពស់ សេវាមួយស្តង់ដារមួយ គឺជាបទ ដ្ឋាន នៃសេវាទេសចរណ៍ ឱ្យស្របតាមស្តង់ដារអាស៊ាន ស្របពេលដែលទស្សនវិស័យនៃបុគ្គលិក ម្នាក់ជំនាញមួយ ជាការគិតគូរថ្មីសំដៅរួម ចំណែក ដល់ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យ ទេសចរណ៍នៅកម្ពុជា តាមរយៈការង្កើនចំនួន និងគុណភាពនៃសាលាបណ្តុះបណ្តាល វិជ្ជាជីវៈ ទេសចរណ៍។ ជាមួយគ្នានេះ ការអភិវឌ្ឍវិស័យទេសចរណ៍វៃឆ្លាត សំដៅដល់ធ្វើឌីជីថល រូប នីយកម្ម (Digitalization) ក្នុងដំណើរការនៃការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យទេសចរណ៍ ការធ្វើដំណើរ បដិសណ្ឋារកិច្ច និងឧស្សាហកម្មម្ហូប-អាហារ ជាដើម។

លោកបានបន្ដ ទៀតថា វិធាន ការខាងលើ ត្រូវគាំទ្រដោយអភិក្រម ៤ ដែលជាគោលការណ៍គ្រឹះ នៃផែនការ អភិវឌ្ឍន៍វិស័យទេសចរណ៍ រួមមាន ការពង្រឹងយន្តការស្ថាប័ន, ការផ្សព្វផ្សាយក្នុងប្រទេស និងក្រៅប្រទេស និងការសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនទេសចរណ៍។ ជាមួយគ្នានេះ អង្គប្រជុំក៏បានគាំទ្រចំពោះវិធានការដែល បានដាក់ចេញដោយក្រសួងទេសចរណ៍ និងបាន ស្នើ ឱ្យគ្រប់ក្រសួង-ស្ថាប័ន និងសមត្ថកិច្ចពាក់ព័ន្ធ ចូលរួម និងគាំទ្រ នៅគ្រប់យន្តការទាំងអស់ រួមទាំង យន្តការគណៈកម្មាធិការ និងក្រុមការងារដែល មានជាធរមាន ដើម្បីសម្រួលដល់ការ ប្រតិបត្តិអភិវឌ្ឍន៍វិស័យទេសចរណ៍មានប្រសិទ្ធភាពខ្ពស់ និងប្រកបដោយស័ក្តិសិទ្ធភាព។យោងតាមស្មារតីនៃអនុក្រឹត្យលេខ ៤០ អនក្រ.បក ស្តីពីតំបន់ទេសចរណ៍ពិសិដ្ឋ ចុះថ្ងៃទី ៧ ខែ មីនា ឆ្នាំ ២០១៩ កន្លងមក អង្គប្រជុំគាំទ្រចំពោះគម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍ពិសិដ្ឋ និងបានលើកទឹកចិត្តឱ្យមានការសិក្សាស៊ីជម្រៅមុននឹងឈានដល់ការអនុវត្តគម្រោងពាក់ព័ន្ធនានា ដោយមានការគិតគូរបង្កើតជាយន្តការ និងនីតិវិធីជាកញ្ចប់ សំដៅសម្រួល និងបង្កើន ប្រសិទ្ធភាពនៃដំណើរការអនុវត្តគម្រោងតំបន់ទេសចរណ៍ពិសិដ្ឋ ជាពិសេស គម្រោងទេស ចរណ៍ ផ្ទះទី២ សម្រាប់ទេសចរវ័យចំណាស់។

ទន្ទឹមនេះ ការអនុវត្ត គួរចាប់ផ្តើមពីកម្រិត សាក ល្បងមុននឹងឈានដល់ទ្រង់ទ្រាយធំ។  លោកក៏បានជំរុញដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ បន្តចូលរួមចំណែកផ្តល់ កិច្ចសហការ និងការគាំទ្រក្នុងគ្រប់ទិដ្ឋភាព រាប់ទាំង ហិរញ្ញវត្ថុ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តគម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍ពិសិដ្ឋ ទទួលបានជោគជ័យ។ ចំពោះការផ្តួចផ្តើមក្នុងការអភិវឌ្ឍតំបន់ទេសចរណ៍ ក្នុងខេត្ត អាទិភាព នានា អង្គប្រជុំបានពិភាក្សា និងឯកភាពជាគោលការណ៍ថា ត្រូវមានការរៀបចំផែន ការមេ អភិវឌ្ឍន៍ និងផែនការ វិនិយោគឱ្យបានគ្រប់ជ្រុងជ្រោយ។ ផែនការមេ នឹងរួមចំណែកបង្កើន ប្រសិទ្ធភាពនៃការគ្រប់គ្រង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសកម្មភាពអាជីវកម្មគាំទ្រ ជាពិសេស សហគ្រាស ធុនតូច និងមធ្យម ។

គណៈកម្មាធិការគោល នយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍ តំបន់ឆ្នេរសមុទ្រកម្ពុជា, គណៈ កម្មាការ អភិឌ្ឍន៍វិស័យទេសចរណ៍ និងក្រុមការងារ ពាក់ព័ន្ធផ្សេងទៀត នឹងបន្តជ្រោមជ្រែង ជំរុញ និងគាំទ្រលើវិធានការ និងផែនការនៃការអភិវឌ្ឍវិស័យ ទេសចរណ៍ កម្ពុជាឱ្យអស់ពី សក្តានុពល ក្នុងគោលដៅរួមចំណែកលើក កម្ពស់ភាពប្រកួតប្រជែងវិស័យ ទេសចរណ៍ កម្ពុជា៕

Facebook Comments

To Top