សេដ្ឋកិច្ច & អចលនទ្រព្យ

២ខែដើមឆ្នាំ២០១៩ កម្ពុជាអនុម័ត៧៣ គម្រោងលើការ វិនិយោគ ខណៈទុនជាង ២ពាន់លានដុល្លារ

ភ្នំពេញ ៖ ក្រោយពីកម្ពុជា មានសុខសន្ដិភាព ស្ថេរភាព និងសេដ្ឋកិច្ចកើនឡើងឥតឈប់ឈរ អ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានបញ្ជាក់ថា ២ខែដើមឆ្នាំ២០១៩ កម្ពុជាមានគម្រោង វិនិយោគបានអនុម័ត ៧៣គម្រោង និងទុនវិនិយោគ២.២ពាន់លានដុល្លារ បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៨ ដែលមានត្រឹមតែ ៣៩គម្រោង និងទុនវិនិយោគប្រមាណ ជា៣២៧លានដុល្លារ។

ក្នុងរយៈពេល៥ឆ្នាំ ពីឆ្នាំ២០១៤-២០១៨ ក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា បានឲ្យដឹងថា កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ៩៥៨គម្រោង និងមានទុនវិនិយោគប្រមាណជា២៣ ប៊ីលានដុល្លារដែលអាចបង្កើតការងារជាង ១លានកន្លែង។

ក្នុងសន្និសីទសារព័ត៌មានស្ដីពីស្ថានភាពជាក់ស្ដែង និងការអនុវត្តសិទ្ធិកម្មករកម្ពុជា ប្រកបដោយចីរភាព និងប្រសិទ្ធភាពនៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ លោក ផៃ ស៊ីផាន បានថ្លែងថា “ក្នុងរយៈពេល ២ខែដើមឆ្នាំ២០១៩ គម្រោងវិនិយោគដែលត្រូវ បានអនុម័តមានចំនួន៧៣គម្រោង ក្នុងនោះទុនវិនិយោគ២.២ពាន់លានដុល្លារ (២.២ប៊ីលានដុល្លារ) ធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ដែលមានចំនួន ត្រឹមតែ៣៩គម្រោង ក្នុងទុនវិនិយោគចំនួន៣២៧លានដុល្លារ”។

សម្រាប់កិច្ចថែក្សាការពារកម្មករនិយោជិត ចាប់តាំងពីឆ្នាំ២០១៧ដល់២០១៩ លោកថា រាជរដ្ឋាភិបាលបានជួបប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុម និងកម្មករនិយោជិតទាំងក្នុងនិងក្រៅប្រព័ន្ធ ចំនួន៦៦លើក ដែលមានចំនួនកម្មករសរុប៩៤២.២៦៧នាក់។

ជាងនេះទៅទៀត អ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏លើកឡើងទៀតថា ចំពោះ វិស័យសំណង់ និងវិស័យធនាគារ និងហិរញ្ញវត្ថុ ក៏មានការរីកចម្រើន គួរឲ្យកត់សម្គាល់ផងដែរ។ វិស័យសំណង់ មានទុនវិនិយោគ កើនឡើងជាបន្ដបន្ទាប់ ក្នុងអត្រាកំណើនជាមធ្យមប្រចាំឆ្នាំ២៣% ។ ក្នុងនោះទំហំទុនវិនិយោគ នៅឆ្នាំ២០១៨ មានចំនួនប្រមាណជា៥.៧ប៊ីលានដុល្លារ។ ទន្ទឹមគ្នានេះដែរ ចំនួនធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានកើនឡើងពី៨៦ដល់ ១៣៧គ្រឹះស្ថាន ៕
ដោយ ៖ អេង ប៊ូឆេង

Facebook Comments

To Top