នយោបាយ

យុត្តិធម៌មានពន្លឺហើយ! ចៅក្រមស៊ើបសួរ រកឃើញទីតាំងផ្ទះ អ្នកស្រី ម៉ក់ ពៅ (មានវីដេអូ)


ភ្នំពេញ៖ នៅទីបំផុត ក្រុមការងារចុះវាស់វែង ផ្ទះអ្នកស្រី ម៉ក់ ពៅ ដឹកនាំដោយចៅក្រមស៊ើបសួរ លោក រស់ ពិសិដ្ឋ នៃសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី៩​ខែមេសា​ ឆ្នាំ២០១៩ បានរកឃើញផ្ទះ អ្នកស្រី​ ម៉ក់ ពៅ តាមគំនូសបង្ហាញរបស់មន្ទីររៀបចំដែន​ដី នគរូបនីយកម្ម និងសំណង់រាជធានីភ្នំពេញ។

យោងតាមកំណត់ហេតុ​ស្តីពីការចុះពិនិត្យទីតាំងដីទំនាស់ ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ២២០ ដែលមជ្ឈមណ្ឌលព័ត៍មានដើមអម្ពិល​ ទទួលបានឲ្យដឹថា ក្រោយពីបានចុះមកដល់ទីតាំង ផ្ទះលេខ១៦៥EO ផ្លូវលេខ២១៥ កែងផ្លូវលេខ២០៦ ស្ថិតនៅក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ​ ដោយយោងទៅលើប្លង់បង្ហាញ​ទីតាំងដីវិវាទ ចុះថ្ងៃទី​៣១ ខែតុលា ឆ្នាំ២០១៨ ចេញដោយប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសុរិយោដី រាជធានីភ្នំពេញ។

កំណត់ហេតុដដែលបង្ហាញថា “សន្និដ្ឋានជារួម គឺផ្ទៃសំណង់ដែលសង់គ្របលើដីវិវាទ មានទំហំសរុបស្មើនឹង ៥៤,៩៤ម៉ែត្រការ៉េ។ មន្រ្តីជំនាញនិងសមាភាពចូលរួមទាំងអស់ បានឯកភាព​ទៅនឹងលទ្ធផលដែលវាស់វែងខាងលើ”។

តាមរយៈការចុះវាស់វែង និងគំនូសប្លង់បង្ហាញទីតាំងដី ចុះហត្ថលេខាដោយលោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែន​ដី នគរូបនីយកម្ម និងសំណង់រាជធានីភ្នំពេញ ចុះថ្ងៃទី​៣១ ខែតុលា ឆ្នាំ២០១៨  សបញ្ជាក់យ៉ាងច្បាស់ថា អ្នកស្រី ម៉ក់ ពៅ ពិតជាម្ចាស់កម្មសិទ្ធប្រាកដមែន។ ការរកឃើញនេះ សមល្មមអាចឲ្យចៅក្រមស៊ើបសួរ លោក រស់ ពិសិដ្ឋ ចេញដីការចាប់ខ្លួន ជនល្មើស និងអ្នកផ្សំគំនិត ពីបទរំលោភឧក្រិដ្ឋថ្នាក់ទី៣ មានស្ថានទំងន់ទោស ដែលអាចប្រឈមមុខនឹងជាប់ពន្ធនាគារ ៥ឆ្នាំ។

មជ្ឈដ្ឋានទូទៅដែលតាមរឿងក្តី អ្នកស្រី ម៉ក់ ពៅ ស្រ្តីមេ៉ម៉ាយកូន៦ក្នុងបន្ទុក រំពឹងថា ចៅក្រមស៊ើបសួររូបនេះ នឹងមិនធ្វើឲ្យកំណែទម្រង់ប្រព័ន្ធតុលាការ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលទើបតែប្រកាសរំលឹក និងយកគំរូ​តាមរឿង “ប៉ាវចិន” កាលពីពេលថ្មីៗ ជ្រុះដល់ដីនោះទេ។

មជ្ឈដ្ឋានដដែល បន្តទៀតថា ភាពអយុត្តិធម៌នៃក្រុមគ្រួសារអ្នកស្រី ម៉ក់ ពៅ​ ដែលមានស្វាមីជាមន្រ្តីនគរបាលយុត្តិធម៌ ក្រសួងមហាផ្ទៃ​ និងបានទទួលមរណភាព មានរយៈពេលជាង១ទសវត្សរ៍ហើយ ដូច្នេះ ល្មមដល់ពេលវេលា សមល្មមនឹងទទួលបានផ្ទះអ្នកស្រីមក វិញហើយ៕

សវតារឿង (សូមទស្សនាវីដេអូ)៖

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌​ ជួយអន្តរាគមន៍​ ផ្ទះម្តាយមីង​ លោក​ សយ​ សុភាព

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍនា នាព្រឹកថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ បានសម្តែង នូវការប្តេជ្ញាចិត្តរបស់លោក ក្នុងចូលខ្លួនអន្តរាគមន៍ តាមនីតិវិធីច្បាប់ ដើម្បីចូលរួមដោះស្រាយផ្ទះម្តាយមីង លោក សយ សុភាព អគ្គនាយក មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ដែលរងនូវភាពអយុត្តិធម៌ អស់រយៈពេលជិត១ទសវត្សរ៍ មកហើយ ដោយសារតែការអនុវត្តសាល ក្រមស្ថាពរ មិនបានជោគជ័យ។

លោករដ្ឋមន្រ្តី បានថ្លែងប្រាប់លោក សយ សុភាព នៅការិយាល័យធ្វើការផ្ទាល់ខ្លួន នៅឯទីស្តីការក្រសួងយុត្តិធម៌ថា លោកទើបតែបានដឹងអំពីបញ្ហានេះ ហើយថា នឹងចូលរួមអន្តរាគមន៍តាមនីតិវិធីច្បាប់ ហើយសន្យាថា នឹងបិទបញ្ចប់ ក្នុងសប្តាហ៍ក្រោយ។

គួរបញ្ជាក់ថា ជំនួបនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីលោករដ្ឋមន្រ្តី បានមើលការផ្សាយ របស់ទូរទស្សន៍BTV កម្មវិធីព័ត៌មាន “ពីកម្ពុជា” ដែលមានលោក សយ សុភាព ជាពិធីករ និងដែលលោក សយ សុភាព បានសំណូមពរចំៗនិងដោយត្រង់ៗ ទៅកាន់លោករដ្ឋមន្រ្តី អង្គ វង្សវឌ្ឍនា កាលពីថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៨។

តាមរយៈកម្មវិធី ដែលលោកកំពុងអត្ថាធិប្បាយ អំពីតំបន់នយោបាយ អាមេរិក ចិន ក្នុងទឹកដីកម្ពុជា លោក សយ សុភាព បានលើក បញ្ហាដីធ្លី ដែលជាមុខសញ្ញាធំ និងមានអទិភាពមួយ ក្នុងចំណោមមុខសញ្ញាធំៗឯទៀត ដែលបរទេស កំពុងវាយប្រហារ មកលើរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ជាប្រមុខ៕

To Top