ព័ត៌មានជាតិ

ត្រីមាសទី១ គ្រោះថ្នាក់ចរាចរណ៍កើតឡើង ជាង១ពាន់លើក និងសម្លាប់ពលរដ្ឋ៥១៣នាក់

ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ក្នុងត្រីមាសទី១ ឆ្នាំ២០១៩ បានកើតឡើងចំនួន១០៧៦លើក ក្នុងនោះ មានអ្នកស្លាប់៥១៣នាក់ និងអ្នករងរបួសមានចំនួន១៥៩២នាក់។

យោងតាមរបាយការណ៍ត្រួតពិនិត្យលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំត្រីមាសទី១ ឆ្នាំ២០១៩ បានឲ្យដឹងថា កន្លែងមានអ្នកស្លាប់ច្រើនជាងគេ គឺនៅរាជធានីភ្នំពេញ មានចំនួន៩១នាក់ ខេត្តកំពង់ស្ពឺចំនួន៣៩នាក់ និងខេត្តព្រះសីហនុចំនួន៣២នាក់ ហើយចំនួនជនរងគ្រោះជាមធ្យមក្នុងមួយថ្ងៃស្លាប់៦នាក់ និងរបួសចំនួន១៨នាក់។

មូលហេតុបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលមកពីការបើកបរហួសល្បឿនកំណត់ មាន៤១% មិនគោរពសិទ្ធិ១៩% មិនប្រកាន់ស្ដាំ១៣% វ៉ាជែង៩% បត់៩% ស្រវឹង៤% កត្តាយានយន្ត៣% និងងងុយដេក២% ។

របាយការណ៍បន្តថា ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកប្រចាំត្រីមាសទី១ ឆ្នាំនេះ ធៀបត្រីមាសទី១ ឆ្នាំ២០១៨ មានការកើនឡើងចំនួនគ្រោះថ្នាក់កើន២៥៧លើក ស្មើ៣១% ចំនួនអ្នកស្លាប់កើនឡើង៣៣នាក់ ស្មើនិង៧% និងចំនួនអ្នករបួសកើនឡើង៣៥៨នាក់ ស្មើនិង២៩% ។

ប្រភពឲ្យដឹងទៀតថា “ក្នុងចំណោមអ្នកស្លាប់ចំនួន៥១៣នាក់ ភាគច្រើនជាអ្នកជិះម៉ូតូ មានចំនួន៣៨៧នាក់ ស្មើ៧៥% (ប្រភេទ១២៥សេចុះក្រោម) ។ ក្នុងនោះមិនពាក់មួកសុវត្ថិភាពមានចំនួន៣០០នាក់ ស្មើ៧៧%។ រថយន្តដឹកកម្មករនិយោជិតមានគ្រោះថ្នាក់ចរាចរណ៍២លើក បណ្ដាលឲ្យរបួស៩២នាក់។ មូលហេតុបណ្ដាលមកពីការបើកបរធ្វេសប្រហែសក្រឡាប់ខ្លួនឯង និងដោយយានដទៃបុកពីក្រោយ” ។

របាយការណ៍ឲ្យដឹងទៀតថា ករណីគ្រោះថ្នាក់ត្រូវបានដោះស្រាយចប់ចំនួន៣៨២ករណី បញ្ជូនទៅតុលាការចំនួន៣៣៣ករណី មានជនល្មើសចំនួន៨៧នាក់ និងកំពុងអង្កេតចំនួន១១១ករណី៕ ដោយ នឿត សម្ផស្ស

Facebook Comments

To Top