ព័ត៌មានជាតិ

កញ្ញា យិន ម៉ាណា បង្កគ្រោះថ្នាក់ ឲ្យនិស្សិតស្រីស្លាប់ ត្រូវបញ្ជូនទៅដេក នៅពេទ្យរុស្ស៊ី ព្រោះមានជំងឺ

ភ្នំពេញ ៖ ប្រភពព័ត៌មានច្បាស់ ការណ៍បញ្ជាក់ថា កញ្ញា យិន ឃុន ម៉ី ហៅ ម៉ាណា ដែលបើក រថយន្តយ៉ាងសាហាវ បុកនិស្សិតស្រី ឌុំ រីដា ស្លាប់យ៉ាងអណោចអធម ត្រូវបានផ្ទេរពីពន្ធនាគារ ប៉េហ្ស៊ី ទៅដេកមន្ទីរពេទ្យរុស្ស៊ី កាលពីយប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ ដោយសារមានជំងឺ សួត និង ថប់ដង្ហើម ។

កញ្ញា ឃុន ម៉ី ត្រូវ បានតុលាការចោទប្រកាន់ ជាផ្លូវការតែមួយបទល្មើសប៉ុណ្ណោះ គឺបើកបរ ធ្វេសប្រហែសបណ្ដាល ឲ្យស្លាប់អ្នកដទៃ ។

លោក លី សុផាណា អ្នកនាំពាក្យអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងតាម បណ្ដាញសង្គមតេឡេក្រាមថា “ក្រោយពីពិនិត្យសំណុំរឿង និងបញ្ចប់ការសាកសួរលើឈ្មោះ យិន ឃុនម៉ី តំណាងអយ្យការ បានសម្រេចបើកការស៊ើបសួរ ដោយចោទប្រកាន់ពីបទ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជារ មិនប្រុងប្រយត្ន័បណ្តាល ឲ្យស្លាប់អ្នកដទៃតាមមាត្រា៨៥ នៃច្បាប់ចរាចរណ៍ផ្លូវគោក” ។

ជាមួយគ្នានេះ លោកស្រី ផាត់ ពៅ អាយុ៥០ឆ្នាំ ជាម្តាយបង្កើតសពនិស្សិត ឌុំ រីដា នៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០១៩ បានដាក់ពាក្យបណ្ដឹងផ្លូវការទៅលោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការ នគរបាលរាជធានីភ្នំពេញ ទាមទារសំណងជំងឺចិត្តចំនួន ២០ម៉ឺនដុល្លារ និងស្នើចាត់ការតឹងរ៉ឹងបំផុតតាមផ្លូវច្បាប់ ប៉ុន្តែក្រោយមកព្រមទទួល សំណងចំនួន៧ម៉ឺនដុល្លារ ។

កញ្ញា យិន ឃុនម៉ី បានបើករថយន្តទំនើប RANGE ROVER ផ្លាកលេខ 2AF-7777 បុកនិស្សិតស្រី ឌុំ រីដា ស្លាប់យ៉ាងអណោចអធម ។

ជុំវិញបញ្ហានេះ មហាជនបានថ្កោលទោសយ៉ាងខ្លាំង ក្លា រហូតជនបង្កចូលខ្លួនសារភាពដោយ ខ្លួនឯង ៕ គិរី

To Top