ព័ត៌មានជាតិ

ស្ត្រីជាង ២ពាន់នាក់ កំពុងជាប់ពន្ធនាគារ ភាគច្រើនជាអ្នកប្រើប្រាស់ គ្រឿងញៀន

ភ្នំពេញ៖ លោក សុច សុផាន់ណារ៉ា អគ្គនាយករងនៃអគ្គនាយកដ្ឋាន និងអយ្យការនៃក្រសួងយុត្តិធម៌ បានឲ្យដឹងថា បច្ចុប្បន្នមានស្ត្រីកំពុងជាប់ ពន្ធនាគារជាង ២ពាន់នាក់ ដែលភាគច្រើន ពាក់ព័ន្ធគ្រឿងញៀន ។

ក្នុងបទសម្ភាសន៍ ជាមួយអ្នកសារព័ត៌មាន នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ មុនបើកកិច្ចប្រជុំរបស់គណៈកម្មការ ថ្នាក់ជាតិត្រួតពិនិត្យ និងវាយតម្លៃទណ្ឌិតលើកលែង និងបន្ធូរបន្ថយទោស ថ្ងៃបុណ្យចូលឆ្នាំខ្មែរ លោក សុច សុផាន់ណារ៉ាបានថ្លែងថា មានទណ្ឌិតចំនួន ៤៦០នាក់ ក្នុងនោះស្ត្រី ៤៩នាក់ មកពីអប់រំកែប្រែរាជធានី-ខេត្ត១៨ និងមណ្ឌលអប់រំកែប្រែ៤។

លោកឲ្យដឹងថា ប្រមុខរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ ចំពោះជនជាប់ទោសជាស្ត្រី។ ជាពិសេសស្ត្រីដែល មានកូននៅជាមួយ ស្ត្រីមានគភ៌ ស្ត្រីចាស និងស្ត្រីមានជំងឺធ្ងន់ធ្ងរ ។

ជាមួយគ្នានោះដែរ លោក សុច សុផាន់ណារ៉ា ក៏បានឲ្យដឹងថា ការជួបពិភាក្សាជាមួយ ប្រធានតុលាការ ប្រធានព្រះរាជអាជ្ញា មានស្ត្រីកំពុងជាប់ក្នុងពន្ធនាគារសរុប ២៤៤១នាក់ ក្នុងនោះស្ត្រី មានគ៌ភ៤៤នាក់ ស្ត្រីមានកូនតាម១២៦នាក់។

អគ្គនាយកដ្ឋាន និងអយ្យការនៃក្រសួងយុត្តិធម៌ មានប្រសាសន៍ថា សម្រាប់ការលើកលែងទោសស្ត្រី តាមគោលការណ៍ របស់រាជរដ្ឋាភិបាល មិនមែនធ្វើតែសម្រាប់ ថ្ងៃចូលឆ្នាំនោះទេ ធ្វើជានិរន្ត។

លោក សុច សុផាន់ណារ៉ាបន្តថា “ស្ត្រីកំពុងជាប់ពន្ធនាគារភាគច្រើន ជាអ្នកប្រើប្រាស់គ្រឿងញៀន និងប្តីលែងលះ ដូច្នេះបញ្ហាដែលពិបាកនោះ គឺកូនដែលរស់នៅជាមួយម្តាយ ក្នុងពន្ធនាគារ” ។

ចំណែកលោក អ៊ុច ពង្ស អគ្គនាយករងនៃអគ្គដ្ឋាន ពន្ធនាគារក្រសួងមហាផ្ទៃ ក៏បានលើកឡើងដែរថា ខាងពន្ធនាគារអប់រំរាជធានី-ខេត្ត បានដាក់សំណើរដើម្បី ស្នើសុំឲ្យគណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃ មាន ៤៦០នាក់ ក្នុងនោះស្ត្រី ៤៩នាក់ ។

លោកបន្តថា តាមសំណើរបស់គណៈកម្មការរាជធានី-ខេត្ត ស្នើសុំលើកលែងទោសចំនួន ៧២នាក់ ស្រី៣នាក់ , ស្នើសុំលើកលែងទោសពីមួយជីវិត មកត្រឹម២០ឆ្នាំ មានប្រុស៧នាក់ ស្រី៣ នាក់, ស្នើសុំបន្ធូរបន្ថយទោសរយៈពេល ១២ខែ មានចំនួន ១៤៤នាក់ ស្ត្រី២១នាក់ , រយៈ៩ខែ ៩២នាក់ ស្ត្រី៨នាក់ និងស្នើសុំបន្ធូរបន្ថយរយៈពេល ៦ខែ មានចំនួន ១៨២នាក់ ស្ត្រី២៥នាក់ ៕

ដោយ ស សំណាង

Facebook Comments

To Top