ព័ត៌មានជាតិ

លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញសួរសុខទុក្ខ អ្នកជំងឺនិងពិនិត្យអ្នកជំងឺ ដែលសមាគម TYDA និងអង្គការមូលនិធិឆឺជី បញ្ជូនមកពីតាមបណ្តាខេត្ត

ភ្នំពេញ៖ នាល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ នេះ លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ បានអញ្ជើញសួរសុខទុក្ខអ្នកជំងឺភ្នែក ដែលបានវះកាត់រួច និងត្រៀមវះកាត់ព្យាបាល នៅមន្ទីរពេទ្យព្រះអង្គឌួង។

លោកស្រី បានពាំនាំប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខ ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ជូនដល់អ្នកជំងឺដែលកំពុង សម្រាកព្យាបាលក្នុង មន្ទីរពេទ្យនេះផងដែរ។ ជាមួយគ្នានោះលោកស្រី ក៏បានថ្លែងអំណរគុណ ជូនដល់អង្គការមូលនិធិ ពុទ្ធសាសនាឆឺជី និងមន្ទីរពេទ្យព្រះអង្គឌួង ដែលបានសហការជាមួយ សមាគមជួយពិនិត្យ ព្យាបាលអ្នកជំងឺក្រីក្រ ដែលសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម័យតេជោ(TYDA) និងអង្គការមូលនិធិពុទ្ធសាសនាឆឺជី បញ្ជូនមកពីតាមបណ្តាខេត្ត និងសហគមន៍ផ្សេងៗ នាពេលកន្លងមក។

សកម្មភាពនៃផ្នែក ពាក់ព័ន្ធទាំងអស់នេះ គឺបង្ហាញអំពីសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋក្រីក្រ នៅតាមបណ្ដាខេត្ត តាមរយៈការចុះពិនិត្យ និងព្យាបាលជំងឺ ដោយគិតថ្លៃ នឹងបញ្ជូនមកព្យាបាលវះកាត់ នៅរាជធានីភ្នំពេញ ក្រោមការឧបត្ថម្ភដ៏ ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

សូមបញ្ជាក់ថា នៅដើមខែមីនា ឆ្នាំ២០១៩ កន្លងទៅនេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ បានសហការជាមួយ អង្គការមូលនិធិ ពុទ្ធសាសនាឆឺជី ចុះពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ស្ថិតក្នុងមន្ទីរពេទ្យ ស្រុកព្រៃកប្បាស ខេត្តតាកែវ និងបានបញ្ជូនអ្នកជំងឺ ដែលមានបញ្ហាភ្នែកចំនួន ១០១នាក់ មកទទួលការព្យាបាលបន្ត ដែលក្នុងនោះអ្នកជំងឺភ្នែក ចំនួន ៤៧នាក់ ត្រូវទទួលការវះកាត់ ព្យាបាលដោយក្រុមគ្រូពេទ្យជំនាញ នៅមន្ទីរពេទ្យព្រះអង្គឌួង រាជធានីភ្នំពេញ ៕

Facebook Comments

To Top