ព័ត៌មានជាតិ

ការពង្រឹងសហប្រតិបត្តិការរវាង កងទ័ពកម្ពុជា-ចិន ពី១ថ្ងៃទៅ១ថ្ងៃកាន់តែ រីកចម្រើន

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀបាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានឲ្យដឹងថា ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ រវាងកងទ័ពកម្ពុជា-ចិនកាន់តែមាន ភាពរីកចម្រើន ឡើងគួរឲ្យកត់សម្គាល់។

ក្នុងពិធីបិទសមយុទ្ធនាគមាសឆ្នាំ២០១៩ នៅថ្ងៃទី២៥ខែមីនា ឆ្នាំ២០១៩ នាទីលានហ្វឹកហ្វឺនបាញ់គ្រាប់ពិត តេជោសែនជុំគិរី កងពលតូចថ្មើរជើងលេខ៧០ សម្ដេច ទៀ បាញ់ ថ្លែងថា បច្ចុប្បន្នកម្ពុជាកំពុងរួមវិភាគទាន ក្នុងបុព្វហេតុ សន្តិភាព ស្ថិរភាព ក្នុងការរួមដោះស្រាយបញ្ហាប្រឈម នានានៅលើលោក តួយ៉ាងប្រឆាំងភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ការប្រែប្រួលអាកាសធាតុ ការជួញដូរគ្រឿងញៀន និងមនុស្ស ជំងឺឆ្លង ដែលកំពុងគម្រាមកំហែង ដល់សន្តិសុខក្នុងតំបន់ និងពិភពលោក ដែលត្រូវការឲ្យកម្ពុជា រួមកម្លាំងគ្នា ឆ្លើយតប និងដោះស្រាយឲ្យខានតែបានផងដែរ។

សម្ដេចបានបន្តថា “ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ រវាងកងទ័ពប្រទេសទាំង ពីរកម្ពុជា-ចិន ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែមានភាពរីកចម្រើនឡើងគួរឲ្យកត់សម្គាល់ បានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែង បំពេញតួនាទីយ៉ាងសកម្ម ប្រកបដោយប្រសិទ្ធភាព និងទទួលខុសត្រូវខ្ពស់”។

សម្ដេចបានឲ្យដឹងទៀតថា ដោយឡែក ការរៀបចំសមយុទ្ធនាពេលនេះ គឺបានរៀបចំទាំងលំហាត់នៅទីបញ្ជាការ និងសមយុទ្ធអនុវត្តជាក់ស្ដែងនៅទីលាន សំដៅលើកកម្ពស់សមត្ថភាព ធនធានមនុស្ស ក្នុងប្រតិបត្តិការរួមគ្នាប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌ ដែលបានផ្ដល់ឱកាសឲ្យកងទ័ព ប្រទេសទាំងពីរ បានរៀនសូត្រ ពង្រឹងសមត្ថភាព ដកបទពិសោធន៍គ្នាទៅវិញទៅមក និងសហការគ្នាឲ្យកាន់តែជិតស្និទ្ធ ថែមមួយកម្រិតទៀត ដើម្បីចូលរួមថែរក្សាសុខសន្តិភាព ទប់ស្កាត់និងលុបបំបាត់គ្រោះ គម្រាមកំហែងទាំងឡាយ នៅក្នុងតំបន់និងនៅលើសកលលោកផងដែរ។

សម្ដេចសង្កត់ធ្ងតន់ថា ជាក់ស្ដែងទំនាក់ទំនងមិត្តភាព ជានប្រពៃណីកម្ពុជា-ចិន មានការរីកចម្រើនគួរឲ្យមានការកត់សម្គាល់ ហើយកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាល កងទ័ពនៃប្រទេសទាំងពីរ ត្រូវបានបន្តពង្រីក និងធ្វើកាន់តែស៊ីជម្រៅ លើគ្រប់វិស័យ រហូតឈានដល់ កិច្ចសហ ប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយ ដោយឈរលើគោលការណ៍ជឿជាក់គ្នា យោគយល់គ្នា និងផ្ដល់ផលប្រយោជន៍ឲ្យគ្នា លើមូលដ្ឋាន ឈ្នះៗ និងសន្តិសហវិជ្ជមាន ដែលមិនអាចបំបែកបានឡើយ។

សម្ដេចបញ្ជាក់ថា ក្នុងរយៈពេល១៣ឆ្នាំកន្លងមក ដោយសារប្រទេសជាតិ មានសុខសន្តិភាព ពេញលេញ និងចាត់ទុកការងារហ្វឹកហ្វឺន ជាការងារអាទិភាព ទើបកម្ពុជាមាន លទ្ធភាព បញ្ជូន កម្លាំង របស់កម្ពុជាជិត ៦០០០នាក់ ក្នុងនោះមាននារីជាង២៩០នាក់ ឲ្យទៅចូលរួមបំពេញ បេសកកម្ម រក្សាសន្តិភាព ក្នុងក្របខ់ណ្ឌអង្គការសហប្រជាជាតិ និងស្ថិរភាពពិភពលោក។សមិទ្ធផលដែលមស្រេចបាន លើវិ ស័យរក្សាសន្តិភាព បានរួមចំណែកលើកមុខមាត់ និងកិត្តិយសរបស់ប្រទេសជាតិ នៅលើឆាកអន្តរជាតិ ដែលបានបង្ហាញពីឆន្ទៈដ៏មោះមុត របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួម ជាមួយសហគមន៍អន្តរជាតិ ក្នុងបុព្វហេតុ សន្តិសុខ និងកិច្ចអភិវឌ្ឍក្នុងពិភពលោក។

សូមបញ្ជាក់ថា សមយុទ្ធនាគមាសឆ្នាំ២០១៩រវាងកងទ័ពកម្ពុជា-ចិនត្រូវបានបិទបញ្ចប់ជាផ្លូវការនៅព្រឹកថ្ងៃទី២៥ មីនានេះ ក្រោយពីបើកកាលពីថ្ងៃទី២៨ កុម្ភៈ ។ លំហាត់ ហ្វឹកហ្វឺននេះ មានភាគីកងទ័ពរំដោះប្រជាជនចិន ចូលរួមចំនួន ២៥២នាក់ និងភាគីកម្ពុជា ចូលរួមចំនួន២៥៤២នាក់ ក្នុងនោះមាន៖ កម្លាំងធ្វើលំហាត់ចំនួន ៣៨២នាក់, កម្លាំងបម្រើការក្នុងលំហាត់ ចំនួន៤៤៨នាក់, កម្លាំងចូលរួមក្នុងពិធីបើក-បិទ ចំនួន១,៦៨៥នាក់ និងមាននោះឧទ្ធម្ភាគចក្ររបស់ចិនចំនួន ៦គ្រឿង ចូលរួមសមយុទ្ធផងដែរ ៕ ដោយ ធី លីថូ

Facebook Comments

To Top