ព័ត៌មានជាតិ

ឃាត់ខ្លួន នគរបាលម្នាក់ ខណៈម្នាក់ទៀត កំពុងគេចខ្លួន ករណីបាញ់សម្លាប់ អ្នកបើករថយន្ត ដោយចោទថា ជាចោរ

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការ នគរបាលជាតិ បានថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃទី២៥ មីនានេះថា កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមន្រ្តី នគរបាល នៃអធិការដ្ឋាននគរបាលស្រុកព្រះស្ដេចម្នាក់ ចំណែកបក្ខពួកម្នាក់ទៀត កំពុងរត់គេចខ្លួន ក្នុងករណីបាញ់ស្រោច បណ្ដាលឲ្យអ្នកបើក រថយន្តម្នាក់ស្លាប់ និងអ្នកធ្វើដំណើរជាមួយម្នាក់ទៀត រងរបួសធ្ងន់ ។

សូមរំលឹកថាកាលពីយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិគោកសណ្តែក ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែងមានកម្លាំង នគរបាល និងអាវុធហត្ថជាច្រើននាក់ បានដេញតាមរថយន្តមួយ គ្រឿងម៉ាកព្រូសពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ2AF-2679ក្រោយមានពាក្យបណ្ដឹងថា អ្នកបើករថយន្តខាងលើបានលួចរថយន្តចេញពីភ្នំពេញ ឆ្ពោះមកខេត្តព្រៃវែង ហើយត្រូវបានម្ចាស់រថយន្តប្តឹង មកសមត្ថកិច្ច ស្រុកព្រះស្តេច ក្រោយពិនិត្យឃើញតាមប្រព័ន្ធ GPS ទើបកម្លាំងនគរបាលស្រុកព្រះស្តេច រួមជាមួយកម្លាំងអាវុធហត្ថផង បានដេញរហូតយករថយន្តមួយគ្រឿង ទៅពាំងហើយក៏ផ្ទុះអាវុធទៅលើជនសង្ស័យទាំង២នាក់ ដែលកំពុង នៅខាងក្នុងរថយន្តរហូតដល់ស្លាប់ម្នាក់ និងរបួសម្នាក់ ។
នាយឧត្តមសេនីយ៍ ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានថ្លែងបញ្ជាក់ថា “ជនសង្ស័យដែលជាមុខសញ្ញាមានពីរនាក់ ក្រោយកើតហេតុកម្លាំងជំនាញ បានធ្វើការជ្រាវស្រាវ និងបានឃាត់ខ្លួនមន្រ្តីនគរបាលស្រុកព្រះស្តេច ខេត្តព្រៃវែងម្នាក់ ចំណែកម្នាក់ទៀតកំពុងរត់គេចខ្លួន ។ តែទោះជាយ៉ាងណាកម្លាំងជំនាញក៏កំពុងបើកការជ្រាវស្រាវរកជនសង្ស័យម្នាក់ទៀតមកផ្តន្ទាទោសផងដែរ “។
លោកបានបញ្ជាក់បន្ថែមថា” ចំពោះការបាញ់សម្លាប់នេះ យើងនៅមិនទាន់ដឹងថា តើជនសង្ស័យមួយណាជាជនដៃដល់នោះទេ ដោយកម្លាំងកំពុងជ្រាវស្រាវបន្ត និងកំណត់មុខសញ្ញាឲ្យច្បាស់លាស់” ។

ទាក់ទិនករណីនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានបញ្ជាឲ្យលោកឧកញ៉ា ជឹម សុខ នាំកូនប្រុសរបស់ខ្លួនឈ្មោះ ជឹម រតនៈ និងអ្នកពាក់មួយចំនួនទៀត ចូលមកបំភ្លឺខណៈសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាសរកយុត្តិធម៌ ជូនក្រុមគ្រួសារសពជនរងគ្រោះផងដែរ៕ដោយ៖ព្រឿង វិសាល

Facebook Comments

To Top