អន្តរជាតិ

តើវាជាសុបិន្តដ៏អាក្រក់ សម្រាប់ចិនមែនឬទេ? ប្រសិនបើអាមេរិកពិតជា នឹងមានវត្តមាន នៅកោះត៉ៃវាន់?

អត្ថបទវិភាគមួយដែល ត្រូវបានចេញផ្សាយដោយ រ៉យទ័រ កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅ បានសរសេរថា កិច្ចសហប្រតិបត្តិការសន្តិសុខ កាន់តែស្និទ្ធស្នាលរវាងកោះតៃវ៉ាន់ និងសហរដ្ឋអាមេរិក អាចមានសន្ទុះខ្លាំងជាងនេះ នៅពេលខាងមុខនៅពេលដែល ភាគីទាំងពីរទំនងជាចាំបាច់ ត្រូវធ្វើឲ្យមានតុល្យភាពក្នុងការ ប្រឆាំងទៅនឹងវត្តមានយោធារបស់ចិន នៅក្នុងច្រកសមុទ្រនៃកោះតៃវ៉ាន់ និងក៏ដូចជា សមុទ្រចិនខាងត្បូងផងនោះ ។

កាលពីនៅថ្ងៃទី៥ ខែវិច្ឆិកា កន្លងទៅរដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់លោក Yen Teh-Fa បានប្រាប់សមាជិកសភាថា រដ្ឋាភិបាលរបស់លោកថា ខ្លួនកំពុងពិចារណាដើម្បីអនុញ្ញាត ឱ្យកងនាវាចរអាមេរិក ចូលមកដល់កោះ Taiping ប្រសិនបើរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នឹងធ្វើការស្នើសុំ។
តែលោក Yen បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកអាចត្រូវបាន អនុញ្ញាតឱ្យចូលមកដើម្បី ដំណើរការប្រតិបត្តិការក្នុង ន័យមនុស្សធម៌ឬសន្តិសុខ ក្នុងតំបន់ប្រសិនបើពួកគេ នឹងអនុវត្តឲ្យមានភាពស្របទៅ តាមផលប្រយោជន៍របស់តៃវ៉ាន់។

Taiping ដែលជាកោះមួយក្នុងចំណោម កោះពីរជាកម្មសិទ្ធរបស់កោះតៃវ៉ាន់ ដែលមានទីតាំងស្ថិតនៅក្នុង សមុទ្រចិនខាងត្បូង គឺជាប្រជុំកោះបែបធម្មជាតិ ដ៏ធំជាងគេបំផុតរបស់ត៉ៃវ៉ាន ដោយវាមានប្រវែង ១,៤គីឡូម៉ែត្រ និងទទឹង ៤០០ម៉ែត្រ។

កោះនេះស្ថិតនៅចម្ងាយ ១៦០០គីឡូម៉ែត្រ ពីកោះតៃវ៉ាន់នៅក្នុងអាងទឹក ដ៏សំខាន់នៃសមុទ្រចិនខាងត្បូង ហើយមានសារៈសំខាន់ជាយុទ្ធសាស្រ្ត ដែលជាទីតាំងដ៏ល្អមួយ ដើម្បីធានាផ្លូវសមុទ្រ និងងាយស្រួលក្នុងការបង្កើត វត្តមានយោធានៅក្នុងតំបន់ ដែលមានជម្លោះ ។

វត្តមានយោធាសហរដ្ឋអាមេរិក នៅលើកោះ Taiping ឬនៅលើកោះតៃវ៉ាន់ ដោយផ្ទាល់នឹងក្លាយជា ការបង្កហេតុដ៏ធ្ងន់ធ្ងរមួយ សម្រាប់ប្រទេសចិន ដែលរហូតមកតែងតែចាត់ទុកថា តៃវ៉ាន់ជាខេត្តមួយរបស់ខ្លួន ហើយចាត់ទុកថា ទំនាក់ទំនងរបស់សហរដ្ឋអាមេរិក ជាមួយត៉ៃវ៉ាន់ គឺជាការគំរាមកំហែង ដល់អធិបតេយ្យភាពរបស់ចិន ។

លទ្ធភាពដែលអាចចូលទៅ បោះទីតាំងទ័ពនៅលើកោះ Taiping នឹងផ្តល់ភាពចល័តកាន់តែច្រើន ដល់សហរដ្ឋអាមេរិក នៅក្នុងសមុទ្រចិនខាងត្បូង ក៏ដូចជាផ្តល់សព្វាវុធនានា សម្រាប់គូប្រជែងដូចជាវៀតណាម ឬហ្វីលីពីនដែលច្បាស់ណាស់ វានឹងធ្វើឱ្យប៉ះពាល់ដល់ការ ទាមទារដែនដីរបស់ រដ្ឋាភិបាលក្រុងប៉េកាំង។

ប្រសិនបើវាអាចនឹងកើតឡើងមែននោះ ការប្រឈមមុខគ្នាកាន់ តែជិតរវាងកងកម្លាំងចិន និងអាមេរិកនៅក្នុងតំបន់ នឹងកាន់តែខ្លាំងឡើង ហើយការបិទទ្វារច្រកចេញចូលនានា នាវារបស់ពួកគេ និងការស្ទាក់ចាប់បានក៏ អាចកើនឡើងដែរជា បន្តបន្ទាប់ជាមិនខាន ។

ប្រែសម្រួល: ស៊ុន លី

Facebook Comments

To Top