នយោបាយ

នាយករដ្ឋមន្រ្តី ៖ អាជ្ញាធរត្រូវសម្រួល ដល់ការជួបជុំរបស់អ្នក ទទួលសិទ្ធិធ្វើនយោបាយ ខណៈសម្តេចគំរាម ចាត់ការអ្នកមិនព្រម ស្នើសិទ្ធិធ្វើនយោបាយ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាឲ្យអាជ្ញាធរមូលដ្ឋាន ត្រូវសម្រួលដល់ការជួបជុំគ្នា របស់អ្នកនយោបាយ ដែលបានទទួលសិទ្ធិ ធ្វើនយោបាយឡើងវិញ ក្នុងពេលដែលសម្តេច បានគំរាមចាត់វិធានការណ៍ ទៅលើក្រុមដែលមិនបានសុំសិទ្ធិធ្វើនយោបាយ ហើយបែរមានការប្រមូលផ្តុំគ្នា តាមរយៈការបង្កើត គណៈកម្មការចំពោះ ដើម្បីត្រៀមទទួលលោក សម រង្ស៊ី ដែលជាអតីតមេបក្សរបស់ខ្លួន។

ជាថ្មីម្តងទៀត ក្នុងពេលចូលរួមចែកសញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចបានលើកឡើងថា ចាប់ពីពេលនេះឲ្យតែចោទប្រកាន់ថា សម្តេច ឬគណបក្សប្រជាជន បំបែកបំបាកអតីតគណបក្សសង្រ្គោះជាតិ គឺសម្តេចចាត់ទុកអ្នកនោះ គឺជាមនុស្សអន់បំផុត ដែលគ្រប់គ្រងបក្សខ្លួនឯងមិនបានហើយ បែរជាមកចោទសម្តេចទៅវិញ។

ជាមួយគ្នានេះ សម្តេចក៏បានលើកទឹកចិត្ត ដល់អ្នកសុំសិទ្ធិធ្វើនយោបាយឡើងវិញ តាមរយៈស្នើឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជួយសម្របសម្រួល នៅពេលពួកគេមានការជួបជុំអ្នកគាំទ្រ។

សម្តេចតេជោបញ្ជាក់ថា “ស្នើឲ្យអាជ្ញាធរទាំងអស់ធ្វើយ៉ាងណា សម្រួលដល់អ្នក ដែលសុំសិទ្ធិនយោបាយឡើងវិញ បានធ្វើសកម្មភាពនយោបាយពិតប្រាកដ តាមរយៈការជួបជុំអ្នកគាំទ្រ ឬតាមមធ្យោបាយផ្សេងទៀត ។ ឧទារហណ៍ ៖ ការជួលបណ្តាញផ្សព្វផ្សាយ ឬបង្កើតបណ្តាញផ្សព្វផ្សាយ ដោយខ្លួនជា អនឡាញ ហ្វេសប៊ុក…នេះជារឿងបានសិទ្ធិនយោបាយ” ។ ក្នុងឱកាសនោះដែរ ក៏បានលើកពីការសុំសិទ្ធិនយោបាយ របស់លោក រៀល ខេមរិន្ទ្រ លោក គង់ គាំ និងលោក គង់ បូរ៉ា ផងដែរ។

សម្តេចបញ្ជាក់ទៀតថា “គេមានសិទ្ធិធ្វើនយោបាយ ជួបជុំគ្នាចំពោះអ្នកគាំទ្ររបស់ខ្លួន តែសូមបញ្ជាក់ថា គណបក្សមួយដែលស្លាប់ហើយ គេមិនត្រូវធ្វើសកម្មភាព តាមរួបភាពបែបនេះបានទេ ។ ប៉ុន្តែគេអាចជួបអតីតបក្សនេះ ជារឿងរបស់គេ តែទម្រង់បក្សដែលងាប់ ហើយមិនអាចរស់នៅវិញបានទេ” ។

ទន្ទឹងនឹងនេះ សម្តេចតេជោ ក៏បានបញ្ជាក់ទៅកាន់អ្នក ដែលមិនទាន់បានសុំសិទ្ធិនយោបាយ ថា បើធ្វើសកម្មភាពនយោបាយ គឺខុសច្បាប់ ហើយត្រូវចាត់ការ មិនអាចបណ្តែតបណ្តោយទៀតទេ។

សម្តេចសង្កត់ធ្ងន់ថា “ត្រូវចែកគ្នាឲ្យដាច់ គឺអ្នកទទួលបានសិទ្ធិធ្វើនយោបាយ និងអ្នកមិនបានទទួលសិទ្ធិធ្វើនយោបាយ តាមសាលដីការកំពូល គឺមិនទាន់បានសិទ្ធិទេ ។ បើអ្នកទៅធ្វើឲ្យមានចលនានោះ អ្នកនឹងទទួលទោសកាន់តែធ្ងន់ធ្ងរ គឺប្រឆាំងនឹងសាលដីការតុលាការកំពូល”។

ពាក់ព័ន្ធលោក កឹម សុខា វិញសម្តេចបានថ្លែង មិនបញ្ចេញឈ្មោះថា មានអុ្នកខ្លះកំពុងឃុំនៅក្នុងផ្ទះនៅឡើយទេ តែព្រមានគេកុំឲ្យសុំសិទ្ធិនយោបាយ ។

នាយករដ្ឋមន្រ្តីអះអាងថា “ចាំតែរួចខ្លួនទៅ អញមិនឲ្យរួចខ្លួនទេ តែតុលាការកាត់ហើយ គ្មានរញ៉េរញ៉ៃ ។ វាមិនជាប់ខ្លួនឯង សុទ្ធតែជេរគេអាក្បត់ជាតិ អាលក់ខ្លួន អាលក់សតិសម្បជ្ជញ្ញៈ គ្រប់សព្វ ។ លាបពណ៌ឲ្យអតីតសហការីខ្លួនឯង” ។

បន្ថែមពីលើទៀតថា សម្តេចថា “ខ្ញុំគ្រាន់តែបញ្ជាក់ជូន មន្ត្រីតាមខេត្ត-ស្រុក-ភូមិដែលធ្វើការនៅទីនោះ។ នៅពេលណាដែលគេ ទទួលនបានសិទ្ធិនយោបាយហើយ គេត្រូវតែមានសិទ្ធចំពោះអ្នក ដែលគាំទ្ររបស់គេ នៅកន្លែងនេះ ឬនៅកន្លែងនោះ តាមរយៈការស្នើសុំ ឬការពារសន្តិសុខឲ្យពួកគេ ។ ប៉ុន្តែសម្រាប់អ្នក់មិនទាន់ទទួលបានសិទ្ធិទេ កុំធ្វើសកម្មភាព ហើយកុំលួចលាក់ និងចាត់តាំងកំលាំងដើម្បីធ្វើអ្វី«…» គណៈកម្មការចំពោះកិច្ចទាំងអស់ ត្រូវប្រយ័ត្ន សុំព្រមានឲ្យច្បាស់ ។ គណៈកម្មការចំពោះកិច្ច ជ្រើសរើសមួយឃុំ៥នាក់ ដើម្បីត្រៀមទទួលអាចង្រៃណានោះ (សម រង្ស៊ី) សាកលមើល…”។

ចំពោះការរៀបចំគណៈកម្មការ ចំពោះកិច្ច ដើម្បីទទួលលោក សម រង្ស៊ី នោះដែរ សម្តេចតេជោ ក៏បានលើកឡើងថា កុំចង់សាក់ឲ្យសោះ ហើយកុំអួតថា មានតំណាងអង្គការសហប្រជាជាតិមកជាមួយ ជាជារឿងផ្សេង ចំណែកអ្នកត្រូវដាក់ខ្នោះ គឺជាត្រូវវៃខ្នោះហើយ។

សម្តេចបញ្ជាក់ថា “អ្នកបរទេសជិះមកជាមួយ គឺជារឿងបរទេស ។ ឯអ្នកដែលត្រូវវៃខ្នោះ គឺចាំតែវៃខ្នោះដែលមានសាលដីការតុលាការ ហើយបើមកតាមព្រំដែនគឺល្អមើលតាស់ ។ អញអត់ដឹងទេ ឯងត្រូវដឹងទល់ដែន គេធ្វើយ៉ាងម៉េច គឺថាត្រង់សេ ហើយគេមានកំាភ្លើងយន្តនៅទីហ្នឹង តែគ្រាន់តែបច្ចុប្បន្នគេហាមដាក់មីន ។ ប៉ុន្តែបើមកតាមទល់ដែនគឺរឿងធំហើយ” ។

សម្តេចក៏បានលើកឡើងថា តើចូលតាមទល់ដែនណា បើនៅប្រទេសវៀតណាមមិនត្រូវ ។ ឡាវក៏មិនត្រូវ ។ សូម្បីតែថៃក៏មិនខុសពីគ្នាដែរ ។

ទាក់ទងករណីនេះដែរ ក្រុមអតីតមន្រ្តីបក្សប្រឆាំង ដែលទទួលបានសិទ្ធិធ្វើនយោបាយ ដឹកនាំដោយ លោក អ៊ូ ច័ន្ទរ័ត្ន ក៏បានធ្វើសន្និសីទសារព័ត៌មានមួយដែរ នៅព្រឹកថ្ងៃទី២៥ មីនា នេះ បង្ហាញពីជំហររបស់ពួកគាត់។

ក្នុងនោះពួកគាត់ ក៏បានចេញសេចក្តីថ្លែងការណ៍ អំពាវនាវឲ្យមានការផ្សះផ្សាជាតិ តាមរយៈវប្បធម៌សន្ទនា ប៉ុន្តែរក្សាជំហរស្នើឲ្យដោះលែង និងផ្ដល់នីតិសម្បទានយោបាយឡើងវិញ ដល់លោក កឹម សុខា ៕ ដោយ ៖ស សំណាង

Facebook Comments

To Top