អន្តរជាតិ

ប្រធានាធិបតីតួកគី ថានឹងដាក់ឯកសារបញ្ហាតំបន់ Golan Heights ទៅអង្គការសហប្រជាជាតិ

អង់ការ៉ា៖ ប្រធានាធិបតីទួរគី Recep Tayyip Erdogan បានលេីកឡេីងថា ប្រទេសតួកគី នឹងយកបញ្ហា នៃការទទួលស្គាល់សហរដ្ឋអាមេរិក នូវអធិបតេយ្យភាព របស់អ៊ីស្រាអែលលើតំបន់ Golan Heights ទៅកាន់អង្គការសហប្រជាជាតិ នេះបេីយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩។

លោក Erdogan បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ ជាមួយអ្នកផ្សាយក្នុងស្រុក TGRT Haber ថា “សេចក្តីថ្លែងការណ៍ របស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ លើតំបន់ Golan Heights គឺជាអំណោយមួយ ដល់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ មុនការបោះឆ្នោតសភា ដែលបានកំណត់សម្រាប់ខែមេសា” ។

នៅថ្ងៃព្រហស្បតិ៍លោកត្រាំ បាននិយាយថា វាដល់ពេលហើយ សម្រាប់សហរដ្ឋអាមេរិក ដើម្បីទទួលស្គាល់ អធិបតេយ្យភាពរបស់អ៊ីស្រាអែល យ៉ាងពេញទំហឹងលើតំបន់ Golan Heights ដែលបង្កឱ្យមានការរិះគន់ និងការថ្កោលទោសយ៉ាងខ្លាំង នៅទូទាំងពិភពលោក៕
ដោយ៖ ឈូក បូរ៉ា

Facebook Comments

To Top