នយោបាយ

នាយករដ្ឋមន្រ្តី អំពាវនាវថៅកែរោងចក្រ W&D ឲ្យទទួលយកកម្មករ ចូលធ្វើការវិញ (មានវីដេអូ)


ភ្នំពេញ ៖ បន្ទាប់ពីកម្មករជាង១០០នាក់ តំណាងឲ្យជាង១ពាន់នាក់ នៅរោងចក្រដាប់ប៊ែលយូ អែន ឌី (W&D) បានឡើងមកតវ៉ា នៅមុខផ្ទះសម្តេចតេជោ ដើម្បីស្នើសម្តេចអន្តរាគមន៍ឲ្យពួកគេ បានចូលធ្វើការងារវិញ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវថៅកែ ទទួលយកឲ្យចូលបម្រើការងារវិញ ។

ក្នុងឱកាសអញ្ជើញ ប្រគល់សញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្មករធ្វើកូដកម្ម ដើម្បីសុំបើកប្រាក់អតីតភាពការងារ បានបញ្ចប់ហើយ ប៉ុន្តែរឿងនៅសល់ បន្ទាប់ពីកូដកម្មហើយថៅកែដេញមិនឲ្យធ្វើការ ។

សម្ដេចតេជោបន្តថា សម្ដេចក៏បានប្រាប់ទៅលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ ឲ្យសម្របសម្រួលជាមួយថៅកែ ដើម្បីធ្វើយ៉ាងណាឲ្យទទួលយក កម្មករ-កម្មការិនីចូលធ្វើការវិញ ។

នាយករដ្ឋមន្រ្តីបន្ថែមថា ការធ្វើកូដកម្មមិនមែន ជាដំណោះស្រាយទេ ហើយការបណ្ដេញកម្មករ ក៏មិនមែនជាដំណោះស្រាយដែរ ដូច្នេះត្រូវមានការយោគយល់គ្នា ហើយកម្មករ-កម្មការិនី ក៏មិនត្រូវទាមទារអ្វីឲ្យហួសហេតុពេកដែរ នៅពេលដែលខ្លួនមិនបានចូលធ្វើរាប់ខែ ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា “ខ្ញុំអំពាវនាវចំពោះម្ចាស់រោងចក្រ សុំឲ្យទទួលយកកម្មករ-កម្មការិនី ដូចជារោងចក្រ W&D សុំឲ្យទទួលយកកម្មករ-កម្មការរិនី ចូលធ្វើការងារវិញ ហើយផ្ដល់ភាពកក់ក្ដៅទាំងសងខាង កុំរកការប្រឈមមុខដាក់គ្នា ។ ចំណុចនេះ បណ្ដាលមកពីកម្មកររបស់យើង អនុវត្តន៍ខុសច្បាប់ខ្លួនឯង ក្នុងពេលដែលច្បាប់តម្រូវថា ទូទាត់៦ខែម្ដង ។យើងនាំគ្នាដោយការញុះញង់ របស់មនុស្សមួយចំនួន ទៅធ្វើបាតុកម្មទាមទារបើកប្រាក់ផ្ដាច់” ។

សម្ដេចតេជោថ្លែងទៀតថា តាមការពិត កម្មករ១០០នាក់ ដែលឡើងមកទាមទារនោះ គឺតំណាងឲ្យកម្មករ ជាង១០០០នាក់ផ្សេងទៀត ដើម្បីសុំចូលធ្វើការងារវិញតែប៉ុណ្ណោះ មិនមែនទាមទារប្រាក់នោះទេ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៨ មីនា ក្រុមកម្មករជាង១០០នាក់ បាននាំគ្នាមក សុំកិច្ចអន្តរាគមន៍ពីសម្តេចតេជោ ដើម្បីបានចូលធ្វើការងារវិញ មិនមែនមកបន្ត សុំប្រាក់អតីតភាពការងារទេ ក្រោយពីក្រុមកម្មករចំនួន១៨០០នាក់ ធ្វើការនៅរោងចក្រ ដាប់ប៊ែលយូ អែន ឌីស្ថិតនៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានធ្វើកូដកម្ម កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ និងបានហែញត្តិ យកទៅដាក់នៅខុទ្ទកាល័យនាយករដ្ឋមន្រ្តី កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីសុំកិច្ចអន្តរាគមន៍ បើកប្រាក់អតីតភាពការងារ ឬប្រាក់សោធននិវត្តន៍មុនឆ្នាំ២០១៩ ឲ្យអស់ មុននឹងអនុវត្តច្បាប់ថ្មី ដែលនឹងត្រូវបើករាល់៦ខែម្ដង ៕ ដោយ៖ ខា ដា

Facebook Comments

To Top