សន្តិសុខ និង សង្គម

រដ្ឋមន្រ្តីមហាផ្ទៃប្រកាស រកយុត្តិធម៌ជូន គ្រួសារសពជនរងគ្រោះម្នាក់ ដែលត្រូវមន្រ្តីនគរបាលស្រុកព្រះស្ដេចបាញ់សម្លាប់

ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាសរកយុត្តិធម៌ជូនក្រុមគ្រួសារសពលោក ម៉ន វុធដែលត្រូវបាន មន្រ្តីនគរបាលស្រុកព្រះស្ដេចបាញ់សម្លាប់ ដោយចោទប្រកាន់ថាជាចោរលួចរថយន្តកាលពីម៉ោង២៣និង០០នាទី យប់ថ្ងៃទី២៣ខែមីនាឆ្នាំ២០១៩ នៅចំណុច​ភូមិគោកសណ្ដែក ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង។

សម្ដេចក្រឡាហោម ស ខេង បានសរសេរបញ្ជាក់ក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី២៥មីនានេះថា”ក្នុងនាមក្រសួងមហាផ្ទៃ ខ្ញុំសន្យាថានឹងស្វែងរកយុត្តិធម៌ជូនគ្រួសារ​សព​ ក៏ដូចជាក្រុមគ្រួសារដែលមានការពាក់ព័ន្ធ និង ជូនសង្គមជាតិយើងទាំងមូល”។

សម្ដេចបានបញ្ជាក់បន្ថែមថា”ខ្ញុំមានការសោកស្តាយប្រកបដោយសមាណទុក្ខដ៏ក្រៀមក្រំបំផុត ក្រោយទទួលបានព័ត៌មានមកថា លោក ម៉ន វុធ បានទទួលមរណភាព ក្នុងហេតុការណ៍ផ្ទុះអាវុធ កាលពីម៉ោង២៣:០០នាទីយប់ថ្ងៃទី២៣ខែមីនាឆ្នាំ២០១៩ នៅចំណុច​ភូមិគោកសណ្ដែក ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង ។ 

ខ្ញុំសូមចូលរួមរំលែកមរណទុក្ខ ដ៏ក្រៀម​ក្រំនេះជាមួយគ្រួសារសព និង សូមបួងសួងឲ្យវិញ្ញាណក្ខន្ធលោក ម៉ន វុធ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ”។ 

សូមរំលឹកថាកាលពីយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិគោកសណ្តែក ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែងមានកម្លាំង នគរបាល និងអាវុធហត្ថជាច្រើននាក់ បានដេញតាមរថយន្តមួយ គ្រឿងម៉ាកព្រូសពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ2AF-2679ក្រោយមានពាក្យបណ្ដឹងថា អ្នកបើករថយន្តខាងលើបានលួចរថយន្តចេញពីភ្នំពេញ ឆ្ពោះមកខេត្តព្រៃវែង ហើយត្រូវបានម្ចាស់រថយន្តប្តឹង មកសមត្ថកិច្ច ស្រុកព្រះស្តេច ក្រោយពិនិត្យឃើញតាមប្រព័ន្ធ GPS ទើបកម្លាំងនគរបាលស្រុកព្រះស្តេចរួមជាមួយកម្លាំងអាវុធហត្ថផង បានដេញរហូតយករថយន្តមួយគ្រឿង ទៅពាំងហើយក៏ផ្ទុះអាវុធទៅលើជនសង្ស័យទាំង២នាក់ដែលកំពុង នៅខាងក្នុងរថយន្តរហូតដល់ស្លាប់ម្នាក់ និងរបួសម្នាក់៕

Facebook Comments

To Top