ព័ត៌មានជាតិ

លោក ម៉ឺង ពន្លក៖ ចលនាយុវជនកម្ពុជា ក្រុម១៥៧ បង្កើតឡើងដើម្បីជម្រុញ លើការងារមនុស្សធម៌ និងសង្គម ខណៈប្រជាពលរដ្ឋមួយចំនួន កំពុងជួបការលំបាក (មានវីដេអូ)


កំពង់ស្ពឺ៖ លោក ម៉ឹង ពន្លក ប្រធានក្រុម ចលនាយុវជនកម្ពុជា ១៥៧ (ច.យ.ក) បានលើកឡើងថា ចលនាយុវជនកម្ពុជា ក្រុម១៥៧ ត្រូវតែបន្ត ជួយដល់ប្រជាពលរដ្ឋបន្ថែមទៀត នៅតាមបណ្តាលខេត្តនានា ទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីឲ្យយុវជនទាំងអស់ មានឱកាស ធ្វើសកម្មភាពមនុស្សធម៌ ក៏ដូចជាចូលរួម សកម្មភាពសង្គម ដើម្បីអភិវឌ្ឍប្រទេសជាតិ ។

ក្នុងឱកាសជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ ចែកជូនដល់ប្រជាពលរដ្ឋ ប្រមាណជាង៣០០គ្រួសារ នៅភូមិកាប់ទូក សង្កាត់កណ្តាលជុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩នេះ លោក ម៉ឹង ពន្លក ប្រធាន ក្រុមចលនាយុវជនកម្ពុជា ១៥៧ បានលើកឡើងថា ប្រទេសកម្ពុជា ជាប្រទេសកំពុងមានការអភិវឌ្ឍ តែដោយប្រទេស ធ្លាប់រងគ្រោះ ដោយសារសង្គ្រាម ជាច្រើនទសវត្សន៍មកហើយ ដូច្នេះការងើបពីសង្គ្រាម ជាការមួយដ៏លំបាក តែការកសាងប្រទេសជាតិ ពីបាតដៃទទេ ក្រោមការដឹកនាំ ប្រកបដោយភាពឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានការរីកចម្រើន និងការអភិវឌ្ឍជាលំដាប់ បើទោះបីយ៉ាងណាក៏ដោយ ក៏នៅមានការខ្វះខាតមួយចំនួន ដូច្នេះដើម្បីបំពេញ ការខ្វះខាតទាំងនេះ មានតែក្រុមការងារ ចលនាយុវជនកម្ពុជា ក្រុម១៥៧ទេ ក្រោយពីប្រទេសជាតិ មានសុខសន្តិភាពហើយ អាចមានឱកាស និងពេលវេលាមួយ ចូលរួមជួយដល់ ការងារមនុស្សធម៌ និងចូលរួម ដល់សកម្មភាព ជួយដល់សង្គមជាតិ ។

ក្នុងឱកាសនោះ លោកប្រធាន ចលនាយុវជនកម្ពុជា ក្រុម១៥៧ ក៏បានរំលឹក ពីប្រវត្តិនៃការបង្កើត ក្រុម១៥៧ឡើង ដែលដំបូងឡើយ យុវជននៅគ្រប់ខេត្តក្រុង គេស្គាល់តែក្រុម១៥៧ ហើយលោកក៏បាន បញ្ជាក់ថា ក្រុម១៥៧នេះ បង្កើតឡើងដោយ លោក ហ៊ុន ម៉ាណែត ដែលជាស្ថាបនិកមួយរូប នៅក្នុងក្រុមចលនាយុវជនកម្ពុជា ក្រុម១៥៧ ដោយកើតចេញ ពីព្រឹត្តិការណ៍ នៃការប៉ះទង្គិចគ្នា នៅតាមព្រំដែនកម្ពុជា ថៃ នៅពេលដែលទាហានថៃ ធ្វើការឈ្លានពាន លើទឹកដីកម្ពុជា ហើយនៅពេលនោះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជួបជុំ ជាកម្លាំងយុវជនមួយ ដើម្បីប្រមូលមូនិធិ ក៏ដូចជាសម្ភារៈ ឧបករណ៍ គ្រឿងឧបភោគបរិភោគ ដើម្បីជួយដល់កងទ័ពកម្ពុជា ដែលកំពុងឈរជើង កាពារព្រំដែន ដោយបានប្រសិទ្ធនាម ថាក្រុមយុវជន១៥៧ ដែលជាការបូកបញ្ចូល ជាមួយថ្ងៃបង្កើតឡើង ចំថ្ងៃទី១៥ ខែ៧ (កក្កដា) ដោយបានភ្ជាប់ថ្ងៃទី១៥ ជាមួយខែ៧នេះ ទៅជាលេខ១៥៧តែម្តង ដោយឡែកឆ្នាំ នៅក្នុងឆ្នាំ២០០៨ ។

លោកបន្តថា គោលដៅ គឺសម្រាប់ជួយផ្គត់ផ្គង់កងទ័ព ដែលកំពុងឈរជើង តាមព្រំដែន រួមទាំងជួយជួសជុល អគារឡេដ្ឋានផ្សេងៗ របស់កងទ័ព ជួយទំនុកបម្រុង សម្ភារៈផ្សេងៗតាមលទ្ធភាព ដែលមូលនិធិ អាចរៃអង្គាសបាន ក្រោយមកសភាពការ តាមបន្ទាត់ព្រំដែន ដែលថៃ បានឈ្លានពាន ក៏មានសភាពការស្ងប់ស្ងាត់ និងតាមការចង្អុលបង្ហាញ ពីស្ថាបនិករបស់យុវជន ដែលមានលោក ហ៊ុន ម៉ាណែត ឲ្យក្រុមការងារ ចលនាយុវជនកម្ពុជា ក្រុម១៥៧ ត្រូវតែបន្ត ជួយដល់ប្រជាពលរដ្ឋបន្ថែមទៀត នៅតាមបណ្តាលខេត្តនានា ទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីឲ្យយុវជនទាំងអស់ មានឱកាស ធ្វើសកម្មភាពមនុស្សធម៌ ក៏ដូចជាចូលរួម សកម្មភាពសង្គម ដើម្បីអភិវឌ្ឍប្រទេសជាតិ ដូច្នេះបានជាក្រុមការងារ បានបង្កើតជាសាខា តាមបណ្តាលខេត្តមួយចំនួន ដែលមកទល់ នឹងពេលបច្ចុប្បន្ន មាន១២ រាជធានីខេត្ត ហើយនឹងឈាន ទៅបង្កើតបន្តទៅទៀត ខណៈដែលមាន សមាជិក សមាជិកា មកដល់ពេលនេះ កកើតឡើងជាង១ពាន់នាក់ ហេតុនេះហើយ ទើបអាចបន្តសកម្មភាព ស្ទើតែទូទាំងប្រទេស ដើម្បីបម្រើការងារមនុស្សធម៌ និងការងារសង្គម ដល់ប្រជាពលរដ្ឋ ។

គួររំលឹកថា អំណោយ ដែលចលនាយុវជនកម្ពុជា ក្រុម១៥៧ បានចែកជូនដល់ប្រជាពលរដ្ឋ ជាង៣០០គ្រួសារ នាឱកាសនោះ ក្នុងមួយគ្រួសារ ទទួលបាន អង្ករ ២០គីឡូក្រាម, មី១កេស, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ ស្ករស កន្លះគីឡូក្រាម, អំបិល កន្លះគីឡូក្រាម, ប៊ីចេង កន្លះគីឡូក្រាម និងថវិកា ៥ម៉ឺនរៀល ៕ ដោយ៖ ដារាត់

Facebook Comments

To Top