អន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិអង់គ្លេសដាក់ឈ្មោះឲ្យនាវាចម្បាំងទ័ពជើងទឹកថ្មី

បរទេស៖យោងតាមសេចក្តីរាយការណ៍ថ្មីមួយ ដែលចេញផ្សាយដោយកាសែត UPI នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ បានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Stuart Andrew នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានធ្វើការដាក់ឈ្មោះឲ្យនាវាចម្បាំងថ្មីថា HMS Tamar ដែលជានាវាទី៤ក្នុងចំណោមនាវាល្បាតក្បែរតំបន់ឆ្នេរថ្មីចំនួន៥គ្រឿងរបស់ទ័ពជើងទឹក។
នាវាចម្បាំងមានប្រវែងជិត២៩៧ហ្វីតនេះ គឺមានបំពាក់ដោយកាំភ្លើងធំ៣មីលីម៉ែត្រមួយដើម និងមានចតយន្តហោះ ជាទីដាក់ឧទ្ធម្ភាគចក្រ Merlin មួយគ្រឿង ហើយវាគឺជាផ្នែកនៃកុងត្រា OPV មួយ ជាមួយក្រុមហ៊ុនការពារជាតិ BAE Systems ដែលមានទំហទឹកប្រាក់សរុប៨៣០លានដុល្លារ។
លោករដ្ឋមន្ត្រីការពារជាតិអង់គ្លេសបានមានប្រសាសន៍ដូច្នេះថា “ចាប់តាំងពីការល្បាតតំបន់ឆ្នេរនិងដែនទឹកចក្រភពអង់គ្លេសរបស់យើង រហូតដល់ការប្រឆាំងនឹងការរត់ពន្ធនិងប្រឆាំងប្រតិបត្តិការអំពើភេរវកម្មនោះ នាវាទាំងនេះ គឺជាផ្នែកដ៏សំខាន់មួយនៃកងនាវាទ័ពជើងទឹកអង់គ្លេស ហើយការដាក់ឈ្មោះនៅថ្ងៃនេះ បង្ហាញឲ្យឃើញ នូវពេលវេលាដ៏សំខាន់ក្នុងកម្មវិធីនៃនាវា HMS Tamar នៅមុនពេលចាប់ផ្តើមធ្វើតេស្តលើកផ្ទៃសមុទ្រ និងការត្រូវបានទទួលយកចូលទៅក្នុងសេវាកម្មប្រតិបត្តិការ នៅឆ្នាំក្រោយ”៕

ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top