ព័ត៌មានជាតិ

ប្រជាពលរដ្ឋនៅឃុំ​ ឃុនរាម ទទួលចំណងដៃផ្លូវលំមួយខ្សែ​ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ភ្នំពេញ:​ ឆ្លេីយតប​ទៅ​នឹង​ការ​ស្នើរសុំ របស់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស កំណាត់ផ្លូវលំក្រាលគ្រួសក្រហមប្រវែង​  ៣០០០ម៉ែត្រ ស្ថិតនៅក្នុងភូមិពើងឆ័ត្រ ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានជួសជុលរួចរាល់ និងសម្ពោធដាក់អោយប្រើប្រាស់​ ជាផ្លូវការហើយ ក្រោមវត្តមាន លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានមូលនិធិ អណ្តូងទឹកស្អាតលោកតា ហ៊ុន នាង កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩នេះ។

នៅក្នុងឱកាស ជួបសំណេះសំណាល សួរសុខទុក្ខ ប្រជាពលរដ្ឋលោកស្រី ប្រធានមូលនីធិ បានលើកឡើងថា សមិទ្ឋផលទាំងនេះ​ បានកើតចេញពីការគិតគូរ យកចិត្តទុកដាក់ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ជាក់ស្តែង ការចំណាយក្នុងការជួសជុលផ្លូវនេះ គឺជាថវិកាផ្ទាល់ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត និងធ្វើការជួសជុល ដោយកងវិស្វកម្ម សម្តេចតេជោ ហ៊ុន សែន។ ហើយសមិទ្ឋផលនេះ ក៏ជាការខិតខំប្រឹងប្រែង របស់អាជ្ញាធរមូលដ្ឋានផងដែរ ដែលជាសេនាធិការឱ្យ ស្រុក ខេត្ត និងរាជរដ្ឋាភិបាល​ ក្នុងការបម្រើ ដល់ប្រជាពលរដ្ឋ ដោះស្រាយកង្វល់នានា របស់ប្រជាពលរដ្ឋ និងដឹកនាំកសាងអភិវឌ្ឍ នៅក្នុងមូលដ្ឋានរបស់ខ្លួន។ ដូច្នេះសូមអោយបងប្អូន ប្រជាពលរដ្ឋដែលប្រើប្រាស់ ផ្លូវនេះទាំងអស់ ជួយថែរក្សាផ្លូវនេះទាំងអស់គ្នា ដើម្បីជាប្រយោជន៍រួម។ 

ក្នុងឱកាសនោះលោកស្រី​ ក៏បានពាំនាំ នូវប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ដែលបានផ្តាំផ្ញើសួរសុខទុក្ខលោកយាយ លោកតា ប្រជាពលរដ្ឋទាំងអស់នៅទីនេះ ថាសូមអោយបងប្អូន យកចិត្តទុកដាក់ថែរក្សាសុខភាព​ ឲ្យបានល្អ ជាពិសេសការបើកត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងសូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ចំពោះការគំទ្រ និងជឿជាក់លើការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជារហូតមក។ 

លោកមេឃុំឃុនរាម បានអោយដឹងដែរ ថាកន្លងមកផ្លូវនេះ ជាពិសេសក្នុងរដូវវស្សា គឺមានទឹកដក់ និងជង្ហុកជាច្រើន ដែលពិបាកដល់ការធ្វើដំណើរទៅមក របស់ប្រជាពលរដ្ឋ និងសិស្សានុសិស្សយ៉ាងខ្លាំង។ លោកបន្តថាផ្លូវនេះមានសារសំខាន់ណាស់ សំរាប់ប្រជាពលរដ្ឋនៅទីនេះ ប្រមាណជាង១៥០គ្រួសារធ្វើដំណើរ និងដឹកជញ្ជូនកសិផល ផ្លាស់ប្តូរទំនិញផ្សេងៗ។ 

ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនេះ បានបង្ហាញនូវទឹកមុខសប្បាយរីករាយយ៉ាងខ្លាំង និងសូមថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋិបណ្ឌិត ដែលបានយកចិត្តទុកដាក់ ជួយដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ គ្រប់ទិសទីដោយមិនប្រកាន់និន្នាការនយោបាយអ្វីៗឡើយ។

សូមបញ្ជាក់ថា កំណាត់ផ្លូវដែលបានជួសជុលរួចរាល់នេះ គឺធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋនៅទីនេះ បានធ្វើការស្នើសុំ ក្រុមការងារមូលនិធិអណ្តូងទឹកស្អាតផ្ទាល់ នៅពេលដែលលោកស្រី និងក្រុមការងារមកប្រគល់អណ្តូងទឹក ជូនប្រជាពលរដ្ឋនៅទីនេះ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ កន្លងមក ហើយថ្ងៃនេះដែរលោកស្រី​ ក៏បានអោយក្រុមការងារធ្វើជូនបន្ថែមប្រវែង៣០០ម៉ែត្រទៀត។ នៅឱកាសនោះដែរ​ ប្រជាពលរដ្ឋដែលបានចូលរួមចំនួន៤៩គ្រួសា ក្នុងមួយគ្រួសារទទួលបាន ទឹកដោះគោខាប់២៤កំប៉ុង និងសារ៉ុងមួយផងដែរ៕

Facebook Comments

To Top