ព័ត៌មានជាតិ

សិស្សនិស្សិត ចង់ទៅបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅក្រៅប្រទេស ជាពិសេសនៅសហរដ្ឋអាមេរិក ពុំចាំបាច់ចំណាយថវិកា ច្រើនទេ គឺអាចមកបន្តការសិក្សានៅកម្ពុជា

ភ្នំពេញ៖ បន្ទាប់ពីមានការ ចាប់អារម្ភណ៍ជាច្រើន​ និងទន្ទឹងរង់ចាំរាប់ឆ្នាំកន្លងមក សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បានប្រកាសកាលពីថ្ងៃអង្គារទី19 មីនាកន្លងនេះថា ចាប់ពីឆ្នាំ២០១៩ នេះតទៅអ្នកដែលចង់ ទៅបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅក្រៅប្រទេស ជាពិសេសនៅសហរដ្ឋអាមេរិក ពុំចាំបាច់ចំណាយថវិកា ច្រើនទៀតទេ គឺអាចមកបន្តការសិក្សា នៅកម្ពុជាបានតែម្តង។

យោងតាមសេចក្តីប្រកាសព័ត៌មាន ដែលទើបចេញផ្សាយមុននេះបន្តិច បានឱ្យដឹងថា សាកលវិទ្យាល័យ AUPP នឹងបើកថ្នាក់អនុបណ្ឌិត លើជំនាញមួយចំនួនរួមមាន៖ អនុបណ្ឌិតធុរកិច្ច អនុបណ្ឌិតហិរញ្ញវត្ថុ អនុបណ្ឌិតជំនាញម៉ាឃីតធីង អនុបណ្ឌិតគោលនយោបាយសាធារណៈ និងអនុបណ្ឌិតផ្នែកច្បាប់ ។

លោកសាស្រ្តាចារ្យបណ្ឌិត Nial Farrell សាកលវិទ្យាធិការង ទទួលបន្ទុកផ្នែកកម្មវិធីសិក្សា និងកិច្ចការនិស្សិត បានមានប្រសាសន៍ថា “សញ្ញាបត្រអនុបណ្ឌិតនៅ AUPP អាចបន្ថែមសក្តានុពល ដល់និស្សិតមួយផ្នែកធំទៀត ក្នុងទីផ្សារការងារជាតិ និងអន្តរជាតិ និងការប្រកបរបរ អាជីវកម្មផ្ទាល់ខ្លួន។”

ចំពោះនិស្សិតឬបញ្ញាជន ដែលជាប់រវល់ការងារ និងការប្រកបរបរអាជីវកម្មផ្សេងៗ អាចមានជម្រើសសិក្សាបាន ចាប់ពីថ្ងៃចន្ទដល់សុក្រ ចាប់ពីម៉ោង ៥:៣០ ដល់ ៨:៣០ យប់ ឬតែថ្ងៃសៅរ៍ និងអាទិត្យ។ ចូលរៀន៖ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩។ ចាប់ផ្តើមទទួលពាក្យចូលរៀន ពីថ្ងៃជូនដំណឹងនេះតទៅ។

AUPP ជាសាកលវិទ្យាល័យឈានមុខគេ និងតែមួយគត់នៅកម្ពុជា ដែលផ្តល់ជម្រើសឱ្យនិស្សិតខ្មែរ អាចជ្រើសយកសញ្ញាបត្របានពីរ សញ្ញាបត្រមួយ ផ្តល់ដោយ AUPP និងមួយទៀតផ្តល់ ដោយសាកលវិទ្យាល័យ ដៃគូរនៅអាមេរិក គឺសាកលវិទ្យាល័យអារីហ្សូណា (UA)។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ទូរសព្ទលេខ ០២៣ ៩៩០ ០២៣ / ០១២ ២៦៦ ៦៣១ អ៉ីម៉ែល info@aupp.edu.kh ឬចូលទៅកាន់គេហទំព័រ www.aupp.edu.kh។ សាកលវិទ្យាល័យ AUPP មានទីតាំងស្ថិតនៅ អគារលេខ២៧៨H ផ្លូវ២០១R ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ៕ដោយ៖ ពេជ្រ វីរៈ

Facebook Comments

To Top