សន្តិសុខ និង សង្គម

Cellcard ចូលរួមលើកស្ទួយ កម្មវិធីប្រពៃណីជាតិខ្មែរ

ភ្នំពេញគ៖ កម្មវិធី សង្ក្រាន្តវិទ្យាល័យ បង្កើតឡើងនៅថ្ងៃទី ១៥រោជ ខែកត្តិក ឆ្នាំវក ព.ស ២៥៦០ ជាលើកទីដំបូងបង្អស់ ផ្តួចផ្តើមធ្វើឡើងដោយ ក្រុមអតីតសិស្សនៃវិទ្យាល័យ ចំណេះទូទៅ និងបច្ចេកទេសហ៊ុនសែនជម្ពូវ័ន (ពីមុនឈ្មោះវិទ្យាល័យហ៊ុនសែនជម្ពូវ័ន) ក្នុងគោលបំណង ផ្សារភ្ជាប់ និង បង្កើនទំនាក់ទំនងមិត្តភាព របស់ប្អូនៗគ្រប់បណ្តា វិទ្យាល័យផ្សេងៗ ក្នុងរាជធានីភ្នំពេញ ក៏ដូចជាបងប្អូននិស្សិត និងមហាជនទូទៅ ចូលរួមបង្កើតបរិយាកាស សប្បាយរីករាយ ដើម្បីត្រៀមអបអរសាទរ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ តាមរយៈការអប់រំផ្នែក បំនិនជីវិត កីឡា និងផ្នែកវប្បធម៏ សិល្បៈប្រជាប្រិយខ្មែរ ។

កម្មវិធីនេះមានការចូលរួមឧបត្ថម្ភធំ ដោយក្រុមហ៊ុន Cellcard ដែលជាក្រុមហ៊ុន មានម្ចាស់ភាគហ៊ុនជាជនជាតិខ្មែរ ហើយដែលតែងតែចូលរួមគាំទ្រ កម្មវិធីនានារបស់សង្គម ជាពិសេសផ្តោតយ៉ាងសំខាន់ លើយុវជន ជួយបំផុសបំផុលស្មារតី អោយពួកគេជៀសឆ្ងាយ ពីគ្រឿងញៀន ដោយនាំយកកម្មវិធីថ្មីៗ ជាច្រើន។

Cellcard បច្ចុប្បន្នក៏សហការជាមួយ សហពន័្ធកីឡាបាល់ទាល់កម្ពុជា ដើម្បីរៀបចំកម្មវិធី ការប្រកួតជម្រើសជើងឯក សាលាតម្រង់ទិស ដែលនឹងរៀបចំពិធី បិទកម្មវិធីនៅថ្ងៃទី៣១ មិនា ២០១៩ នៅខេត្តបន្ទាយមានជ័យ។

ជាការពិតណាស់កម្មវិធី សង្ក្រាន្តវិទ្យាល័យ បានប្រារព្ធឡើង៣ដងរួចមកហើ ពោលគឺ៖
លើកទី១ នៅឆ្នាំ២០១៦ ៖ វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសហ៊ុនសែនជម្ពូវ័ន
លើកទី២ នៅឆ្នាំ២០១៧ ៖ វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសហ៊ុនសែនជម្ពូវ័ន
លើកទី៣ នៅឆ្នាំ២០១៨ ៖ វិទ្យាល័យ ជាស៊ីមសាមគ្គី

ព្រឹត្តិការណ៏ ដែលបង្កប់នូវការអប់រំ និងសាមគ្គីភាព ក្រោមស្មារតីតែមួយនេះដែលបាន ផ្តល់ភាពរីករាយជូនប្អូនៗនៅសាលា ទាំងមូល យ៉ាងសោមន្សរីករាយ ជាមួយការកំសាន្ត ល្បែងប្រជាប្រិយខ្មែរ ការតាំងបង្ហាញ ឧបករណ៏បុរាណ និង ប្រជាប្រិយខ្មែរ ការបង្ហាញ សិល្បៈរបាំប្រជាប្រិយ ការតាំងលក់ផលិតផលខ្មែរ ម្ហូបអាហារខ្មែរដ៏ច្រើនសម្បូរបែប ជាពិសេសការរាំលេងកំសាន្ត ចង្វាក់ប្រជាប្រិយខ្មែរ និងចង្វាក់នាទស្សវត្សទី៦០ផងដែរ។

កម្មវិធីកន្លងមកបានប្រព្រឹត្តទៅ ក្នុងភាពអាធិកអាធម សប្បាយរីករាយ និង បង្កប់នូវការអប់រំជាច្រើនជូនប្អូនៗ យុវជនជំនាន់ក្រោយ តាមរយះសិល្បៈប្រជាប្រិយ និង បែបបទប្រពៃណី ក្រោមការជ្រុមជ្រែងពី ក្រសួងពាក់ព័ន្ធ ដូចជាក្រសួង អប់រំ យុវជន និង កីឡា ក្រសួងវប្បធម៏ និង វិចិត្រសិល្បៈ ពិសេសការសហការពី គណនាយកសាលា ដែលជាម្ចាស់ផ្ទះ លោកអភិបាលខណ្ឌ និងអ្នកឧបត្ថម្ភកម្មវិធី ជាច្រើនទៀតដែលមិនអាចខ្វះបាន។

ដើម្បីបន្តនូវការអប់រំតាមរយៈព្រឹត្តិការណ៏កំសាន្តមួយនេះ ក៏ដូចជាត្រៀមអបអរសាទរ ទទួលទេវតាឆ្នាំថ្មី យើងបានបន្តរៀបចំ កម្មវិធី សង្ក្រាន្តវិទ្យាល័យ ជាថ្មីម្តងទៀតដោយបាន ទទួលការអនុញ្ញាត ពីលោកនាយកវិទ្យាល័យឥន្ទ្រទេវី និងការគាំទ្រ ពីក្រសួងអប់រំយុវជន នឹងកីឡា ព្រមទាំងក្រសួងវប្បធម៌ នឹងវិចិត្រសិល្បៈ រួមសហការពីសិល្បករបុរាណ នឹងប្រពៃណីខ្មែរ អមជាមួយសិល្បករ សម័យជាច្រើនរូបទៀត ក្នុងការប្រារព្ធនូវកម្មវិធីឡើង ក្រោមប្រធានបទ “សិល្បៈប្រជាប្រិយ យុវជនសម័យថ្មី ស្មារតីតែមួយ” ដោយរួមបញ្ចូល នូវកម្មវិធីសាសនា ល្បែងប្រជាប្រិយ និងការសំដែងសិល្បៈ ទម្រង់ប្រជាប្រិយប្រពៃណីខ្មែរ ជាច្រើនទៀតផងដែរ ។

សម្រាប់កម្មវិធីក្នុងឆ្នាំថ្មីនេះ នឹងប្រារព្ធឡើងរយៈពេល បីថ្ងៃពេញ គឺចាប់ពីថ្ងៃទី ០៥ រហូត ដល់ថ្ងៃទី ០៧ ខែ មេសា ឆ្នាំ ២០១៩ ក្នុងគោលបំណងដូចខាងក្រោម៖
ផ្សព្វផ្សាយពីទម្រង់សិល្បៈរបាំ, ឧបករណ៏ប្រជាប្រិយ និងចង្វាក់ប្រពៃណីរបស់ខ្មែរយើង
•ផ្តល់ឱកាស ដល់សិស្សវិទ្យាល័យផ្សេងៗ ចូលរួមជាមួយកម្មវិធី ហើយយល់ពីតម្លៃ មិត្តភាពសាមគ្គីភាព និងការស្រលាញ់ រាប់អានគ្នា អធ្យាស្រ័យគ្នា ដោយគោរពតាមទម្រង់នៃ សិល្បៈវប្បធម៌ ប្រពៃណីខ្មែរយើង ក្រោមស្មារតីខ្មែរតែមួយ
•លុបបំបាត់សិល្បៈបែកស្លុយ និងសាបព្រោះ នូវទម្រង់សិល្បៈបែបប្រជាប្រិយ ប្រពៃណីខ្មែរ
•ផ្សារភ្ជាប់ និង លើកទឹកចិត្តប្អូនៗវិទ្យាល័យនានា តាមរយៈការចូលរួមកម្មវិធី ក្នុងបរិវេណវិទ្យាល័យខាងលើ ដោយមិនប្រកាន់ទស្សនៈ វិទ្យាល័យនិយម ។

បន្ថែមពីនេះទៅទៀត យើងបានរំលេចនូវមាតិកា នៃកម្មវិធីឆ្នាំនេះ ដោយផ្តោតលើគោលចំនុច សំខាន់ៗបីដូចជា ៖
១. បំនិនជីវិត ដោយតម្រូវអោយសិស្សានុសិស្ស តំណាងវិទ្យាល័យចំនួន ៨ ចូលរួមប្រកួត
កម្មវិធី ចុងភៅវ័យក្មេង (ប្រកួតធ្វើម្ហូប និង បង្អែមខ្មែរ)
២. ទេពកោសល្យសិល្បៈ បើកអោយមានការប្រកួតសំនៀង របស់សិស្សវិទ្យាល័យផ្សេងៗ ទៅលើចង្វាក់ប្រជាប្រិយខ្មែរ ក្រោមកម្មវិធីឈ្មោះថា “ម្ចាស់សំនៀងវិទ្យាល័យ”
៣. គំនិតច្នៃប្រឌិត និង កែច្នៃ បើកអោយសិស្សានុសិស្ស តំណាងវិទ្យាល័យចំនួន ៨ ដាក់តាំងបង្ហាញស្នាដៃច្នៃប្រឌិត បែបវិទ្យាសាស្ត្រ ក្រោមកម្មវិធី “ភូមិវិទ្យាសាស្ត្រ វិទ្យាល័យមួយស្នាដៃមួយ” និងកម្មវិធីច្នៃម៉ូតសម្លៀកបំពាក់កែច្នៃ ពីសំរាមដោយជម្រុញយុវជន អោយស្រលាញ់បរិស្ថាន ក្រោមកម្មវិធី “យុវទូតវិទ្យាល័យ ច្នៃប្រឌិត”៕

Facebook Comments

To Top