នយោបាយ

សម្ដេច ស ខេង ថា CNRP ត្រូវរំលាយដោយសារ ប្រឆាំងការបោះឆ្នោត ហើយកៀងគរពលរដ្ឋ មកធ្វើបាតុកម្មនៅភ្នំពេញ

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា អតីតគណបក្សសង្គ្រោះជាតិ (CNRP) ត្រូវបានតុលាការកំពូលរំលាយ ដោយសារបក្សមួយនេះ ប្រឆាំងការបោះឆ្នោតកាលពី ឆ្នាំ២០១៣ ហើយកៀងគរប្រជាពលរដ្ឋពី បណ្ដាខេត្តនានា ឲ្យប្រមូលផ្ដុំគ្នាឡើងមកធ្វើបាតុកម្ម នៅរាជធានីភ្នំពេញ ដើម្បីផ្ដួលរំលំអ្នកឈ្នះឆ្នោត ។

ទោះបីជាសម្ដេច ស ខេង មិនបាននិយាយចំឈ្មោះថា គណបក្សណាក៏ដោយ ក៏គេអាចដឹងបានថា ជាអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូល សម្រេចរំលាយកាលពីថ្ងៃ១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ។

ក្នុងពិធីបុណ្យបញ្ចុះ ខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានា នៅវត្តក្រាំងចេតិយ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា មានអ្នកខ្លះចង់នាំយកកម្ពុជា ទៅរកភ្លើងសង្គ្រាមឡើងវិញ ។ បញ្ហានេះសម្ដេច បានអំពាវនាវឲ្យប្រជាពលរដ្ឋ កុំគាំទ្រ ។

សម្ដេចបន្តថា ក្នុងប្រវត្តិសាស្ត្រកម្ពុជា មានការបោះឆ្នោត ២ដង ដែលល្អបំផុត គឺឆ្នាំ២០១២ បោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ គ្មានអ្នកណារបកស្បែកម្នាក់ទេ ឆ្នាំ២០១៣ ក៏ដូចគ្នាដែរ ហើយបោះឆ្នោតឆ្នាំ២០១៨ ក៏អត់មានមនុស្សស្លាប់ យើងក៏ចាត់ទុកថា ល្អដែរ ។

សម្ដេចក្រឡាហោម បញ្ជាក់ថា “ដល់ហើយមាន អាគណបក្សមួយនោះ ឥឡូវរំលាយបាត់ហើយ ម៉េចបានរំលាយ មិនមែននៅស្ងៀមៗរំលាយទេ វាមានហេតុ មានផលរបស់វា ។ រំលាយដោយសារអី ដោយសារគេបោះឆ្នោត ល្អម្ល៉ឹងៗ អត់មានមនុស្សស្លាប់ អត់មានអីផង អន្តរជាតិទទួលស្គាល់ ពេញពិភពលោក នៅឆ្នាំ២០១៣ តែមកគៀងគរប្រជាពលរដ្ឋ ពីព្រៃវែងផង ពីកំពង់ចាម ពីភ្នំពេញ កណ្ដាល កំពង់ស្ពឺ ជាដើម ។ល។ ដើម្បីទៅធ្វើបាតុកម្ម បំផ្លាញ់ការបោះឆ្នោត ហើយផ្ដួលអ្នកដែលឈ្នះឆ្នោត” ។

សម្ដេចបន្តថា “យើងសួរថា អាហ្នឹងវាប្រជាធិតេយ្យទេ វាអត់ប្រជាធិបតេយ្យទេ ហើយផ្ដួលទៅ សួរថាខ្មែរយើងបានសុខទេ អ្នកនោះឡើងមកជំនួស អ្នកដែលត្រូវដួល ឧបមាថា គេផ្ដួលគណបក្សប្រជាជនចុះ សួរថា គណបក្សប្រជាជនសុខចិត្តទេ គឺអត់សុខចិត្តទេ ពីព្រោះថា បោះឆ្នោតខ្លួនឈ្នះ ហើយបោះឆ្នោតយ៉ាងល្អ តាមស្តង់ដារអន្តរជាតិ ហើយដល់គេមកបំផ្លាញលទ្ធផល មកផ្ដួលយើងសួរថាសុខចិត្តអត់ អត់សុខចិត្ត ។ អត់សុខចិត្តមានអី មានតែប្រឆាំង ដល់ប្រឆាំងវាមិនទៅវឹកវរបែកបាក់ស្រុកទេស សារជាថ្មី រឿងនេះហើយដែលគណបក្សមួយនោះ ត្រូវប្រឈមការរំលាយ” ។

សម្ដេចបន្ថែមថា ដល់ពេលរំលាយហើយ ចោទថាកម្ពុជា ងាកទៅរករបបឯកបក្ស គឺមានបក្សតែមួយ ប៉ុន្តែបច្ចុប្បន្ននេះ កម្ពុជាមានគណបក្សនយោបាយជិត ៥០គណបក្ស ហើយមានអង្គការក្រៅរដ្ឋាភិបាលជាង ៥០០០អង្គការ ។

សម្ដេចថ្លែងបញ្ជាក់ថា ប្រជាធិបតេយ្យកម្ពុជា នៅតែមានមូលដ្ឋានគ្រឹះរឹងមាំ មិនដូចអ្នកមួយចំនួន លើកឡើងថា កម្ពុជាបាត់បង់លទ្ធិប្រជាធិបតេយ្យ ឬដើរថយក្រោយឡើយ ៕

ដោយ៖ ខា ដា

Facebook Comments

To Top