ព័ត៌មានជាតិ

លោកស្រី ម៉ែន សំអន៖ ទិវា ៨មីនា បានរំដោះសម្ពាធជាច្រើន ឲ្យស្ត្រីសម្រេចកិច្ចការអ្វីៗស្មើបុរស

ភ្នំពេញ៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចបានអះអាងថា តាមរយៈការប្រារព្ធទិវា សិទ្ធិនារីអន្តរជាតិ ៨មីនា រៀងរាល់ឆ្នាំ ស្រី្តត្រូវបានរំដោះពីសម្ពាធជាច្រើន ហើយមានសមភាព សម្រេចកិច្ចការអ្វីៗ ស្មើនិងបុរស ។

ក្នុងពិធីប្រារព្ធទិវាសិទ្ធិនារី៨មីនា ឆ្នាំ២០១៩ ក្រោមប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស» នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ លោកស្រីបានលើកឡើងថា ដើម្បីលើកស្ទួយតួនាទីស្ត្រីដែល ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិក្នុងកិច្ចគាំពារ សង្គមឲ្យមានប្រសិទ្ធភាព ត្រូវបន្ដអនុវត្ដបង្កើនស្នាដៃ និងសហការឲ្យបានល្អជាមួយ ដៃគូអភិវឌ្ឍន៍សង្គមស៊ីវិលវិស័យឯកជន ។

លោកស្រីថា ទិវាអន្តរជាតិនារី៨ មីនា ត្រូវបានពិភពលោកប្រារព្ធ ធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកការតស៊ូ និងគំរូវីរភាពរបស់នារីៗ ក្នុងការទាមទារសិទ្ធិសេរីភាព និងគេចផុតពីទង្វើជិះជាន់នានា។ សម្រាប់នៅកម្ពុជាមិនថា តែសិទ្ធិនារី ឬបុរសនោះឡើយ គឺត្រូវបានបាត់បង់អស់ក្នុងរ បបកម្ពុជាប្រជាធិបតេយ្យ ប្រល័យពូជសាសន៍ ប៉ុល ពត។

លោកស្រីបន្ថែមថា សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរ ព្រមទាំងស្ត្រីផងបានកើតមានជាថ្មី ក្រោយរបបដ៏យង់ឃ្នងរបស់ ប៉ុល ពត ត្រូវបានវាយផ្តួលរំលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ចាប់តាំងពីថ្ងៃរំដោះ រហូតដល់ពេលបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាតែងតែ បានយកចិត្តទុកដាក់ជានិច្ច ក្នុងការលើកកម្ពស់ស្រ្តី រហូតបង្កើតបានជាពាក្យស្លោកថា ស្រ្តីជាឆ្អឹងខ្នង សេដ្ឋកិច្ចជាតិ ។ នារីបានធ្វើសកម្មភាពបង្កើតស្នាដៃ និងបានចូលរួមចំណែកទទួល និងការតែងតាំងដោយរាជរដ្ឋាភិបាល បានផ្ដល់នូវការលើកទឹកចិត្ដ ។

ចំណែកលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី បានបញ្ជាក់ថា ស្រ្តីនៅសង្គមកម្ពុជា មានច្រើនរូបជាអ្នកសម្រេចចិត្ត លើវិស័យសាធារណៈ និងនយោបាយ ។ ក្នុងនោះ ចន្លោះឆ្នាំ២០០៩ ដល់ឆ្នាំ២០១៧ ចំនួនស្រ្តីជាមន្រ្តីរាជការ កើនឡើងជាលំដាប់ពី ៣៤% ទៅ៤១%។

លោកស្រីបន្តថា រាជរដ្ឋាភិបាល បានតែងតំាងស្រ្តីជាអភិបាលរងខេត្ត នៃគណៈអភិបាលរាជធានី-ខេត្ត២៦រូប ។ អភិបាលក្រុង ស្រុក ខណ្ឌ ជាស្រ្តី៦រូប ។ ស្រ្តីជាអភិបាលរង នៃគណៈអភិ បាលក្រុង ស្រុក ខណ្ឌ១៨៦រូប។ ក្នុងឆ្នាំ២០១៩ ស្រ្តីជាឯកអគ្គរាជទូត មានចំនួន៤រូប និងមន្រ្តីការទូតជាស្រ្តីដែលកំពុង ប្រចំាការនៅបរទេសមានចំនួន ៤៩រូប ៕

ដោយ ស សំណាង

Facebook Comments

To Top