នយោបាយ

លោក សម រង្ស៊ី អបអរសាទរ អតីតកូនចៅខ្លួន មានសេរីភាពវិញ

ភ្នំពេញ៖ អតីតប្រធានគណបក្ស សង្រ្គោះជាតិ (CNRP) លោក សម រង្ស៊ី បានសម្តែងការអបអរសាទរ ដល់អតីតកូនចៅខ្លួន ដែលត្រូវបានតុលាការដោះលែង ឲ្យមានសេរីភាពវិញ កាលពីយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ ប៉ុន្តែទោះបីជាមានការដោះលែង អតីតកូនចៅក៏ដោយ ប៉ុន្តែលោកមិនភ្លេច បន្តដាក់លក្ខខណ្ឌមួយចំនួន ទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជាថ្នូរឲ្យគណបក្សរបស់រស់ឡើងវិញ និងលក្ខខណ្ឌមួយចំនួនទៀត ។

លោក សម រង្ស៊ី បានលើកឡើងក្នុងបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី២៨ សីហា ថា “ខ្ញុំ សម រង្ស៊ី សូមអបអរសាទរ ការដោះលែងអ្នកទោសនយោបាយ ទាំងអស់ ថ្ងៃនេះ មានទាំងមន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ ជាង១០នាក់ផងដែរ។ ខ្ញុំសូមគោរពចំពោះ វីរភាពរបស់មន្ត្រី និងសកម្មជននៃ គណបក្សសង្គ្រោះជាតិ ទាំងអស់នោះ ដែលបានបង្ហាញភាពក្លាហាន ភាពអត់ធ្មត់ និងភាពស្មោះត្រង់ របស់ពួកគាត់ចំពោះគណបក្សសង្គ្រោះជាតិ និងចំពោះប្រជារាស្ត្រខ្មែរ ទាំងមូលដែលទាមទារ ឲ្យបញ្ចប់របបផ្តាច់ការសព្វថ្ងៃ” ។

លោកបន្តថា លោកដឹងច្បាស់ លោក កឹម សុខា ក៏នឹងត្រូវដោះលែងក្នុងពេលឆាប់ៗ ខាងមុខនេះផងដែរ ក្រោមសម្ពាធអន្តរជាតិ ។

លោកបញ្ជាក់ថែមទៀតថា លក្ខខណ្ឌដែលសម្តេចតេជោហ៊ុន សែន ត្រូវបំពេញជាបន្តបន្ទាប់ ថែមទៀតមានដូចតទៅ ៖ យល់ព្រមឲ្យគណបក្សសង្គ្រោះជាតិ ដំណើរការឡើងវិញ , អនុញ្ញាតិឲ្យថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិ ១១៨រូប មានសិទ្ធិធ្វើសកម្មភាព នយោបាយពេញលេញដូចមុន , ទម្លាក់ចោលការចោទប្រកាន់ទាំងអស់ មកលើថ្នាក់ដឹកនាំ និងសកម្មជន គណបក្សសង្គ្រោះជាតិទាំងអស់ ព្រមទាំងមន្ត្រីសង្គមស៊ីវិល និងអ្នកសារព័ត៌មានទាំងអស់ , ប្រគល់សងតំណែងសមាជិកក្រុមប្រឹក្សា ឃុំ-សង្កាត់ ឲ្យទៅសកម្មជន គណបក្សសង្គ្រោះជាតិ ជាង៥ពាន់នាក់ ដែលបានជាប់ឆ្នោត ក្នុងការបោះឆ្នោតឃុំ-សង្កាត់ ខែមិថុនា ២០១៧ និងរៀបចំការបោះឆ្នោត ព្រឹទ្ធសភា និង រដ្ឋសភា ឡើងវិញ ៕

Facebook Comments

To Top