អន្តរជាតិ

លោក ឌូទ័រតេ គ្រោងប្តូរឈ្មោះប្រទេសហ្វីលីពីន ទៅជា ប្រទេស ម៉ាហាលីកា (មានវីដេអូ)


ម៉ានីល៖ ប្រទេស ហ្វីលីពីន ឬ ម៉ាហាលីកា? ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទ័រតេ បានរំលឹកឡើងវិញ ពីផែនការរបស់លោក ក្នុងការផ្លាស់ប្តូរឈ្មោះប្រទេស។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ បានឲ្យដឹងថា នៅក្នុងសុន្ទរកថាមួយ កាលពីល្ងាចថ្ងៃអាទិត្យលោក ឌូទ័រតេ បានបញ្ជាក់ថា លោកមិនទាន់មានឈ្មោះ ជាក់លាក់នៅឡើយទេ។ លោកបាននិយាយថា “មិនទាន់មានឈ្មោះជាក់លាក់នៅឡើយទេ ប៉ុន្តែវាប្រាកដថា ខ្ញុំចង់ផ្លាស់ប្តូរឈ្មោះហ្វីលីពីន ព្រោះហ្វីលីពីនត្រូវបានដាក់ឈ្មោះ តាមស្តេច ភីលីព ទី២ ។

ក្រោមរដ្ឋធម្មនុញ្ញហ្វីលីពីនលោក បាននិយាយថា តាមច្បាប់សភាអាចយកឈ្មោះថ្មី សម្រាប់ប្រទេស ហើយនឹងមានប្រសិទ្ធិភាព លើការផ្តល់សច្ចាប័ន ដោយប្រជាជន នៅក្នុងការធ្វើប្រជាមតិជាតិប៉ុណ្ណោះ។

កាលពីខែមុនលោកប្រធានាធិបតី ឌូទ័រតេ បានលើកឡើងនូវគំនិត ដើម្បីដាក់ឈ្មោះប្រទេស របស់លោកថា “ម៉ាហាលីកា” នៅក្នុងគោលបំណង ដើម្បីចាកចេញពីអតីតអាណានិគមរបស់ខ្លួន។

សូមជម្រាបថា ប្រទេសកោះនេះ គឺជាប្រទេស ស្ថិតក្រោមអាណានិគម របស់អេស្ប៉ាញអស់ជាច្រើនសតវត្ស រហូតដល់ត្រូវបានគេ ប្រគល់ឱ្យទៅសហរដ្ឋអាមេរិកវិញម្តង នៅឆ្នាំ ១៨៩៨ ។ ប្រទេសហ្វីលីពីន ត្រូវបានគេដាក់ឈ្មោះ តាមព្រះមហាក្សត្រអេស្ប៉ាញ គឺមហាក្សត្រ ភីលីពទី២ ៕ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top