ព័ត៌មានជាតិ

ស្នងការរាជធានីភ្នំពេញ ប្ដេជ្ញាបន្តបង្ក្រាប ទីតាំងផ្សេងទៀត បន្ទាប់ពីបង្ក្រាបគ្រឿងញៀនដ៏ធំ នៅមជ្ឈមណ្ឌលកម្សាន្តរ៉ុក

ភ្នំពេញ៖ បន្ទាប់ពីទទួលបាន ការកោតសរសើរ ពីគ្រប់មជ្ឈដ្ឋានទាំងអស់ពាក់ព័ន្ធករណីបង្ក្រាប គ្រឿងញៀនដ៏ធំ និងច្រើនសន្ធឹកសន្ធាប់ នៅក្នុងនៅមជ្ឈមណ្ឌលកម្សាន្តរ៉ុករួចមក លោកឧត្ដមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានប្ដេជ្ញាបន្តចុះស្រាវជ្រាវ ឈានទៅបង្រ្កាបទីតាំងផ្សេងទៀត នាពេលខាងមុខ ។

សូមរំលឹកថារដ្ឋបាល​រាជធានី​ភ្នំពេញ​ កាលពីថ្ងៃទី២៣ខែកុម្ភៈ បានសម្រេច​បិទអាជីវកម្ម មជ្ឈមណ្ឌលកម្សាន្តរ៉ក់ ដើម្បីផ្ដល់លទ្ធភាពឲ្យអាជ្ញាធរមានសមត្ថកិច្ច និងតុលាការបន្តនីតិវិធីស្រាវជ្រាវ កំណត់ប្រភពនៃការនាំចូលគ្រឿងញៀន និងក្រុមជនល្មើសនាំយកមកផ្តន្ទាទោស តាមច្បាប់ខណៈសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់យ៉ាងច្បាស់ៗថា ចំណាត់ការរបស់សមត្ថកិច្ច ក្នុងការបង្ក្រាបគ្រឿងញៀន នៅក្នុងក្លឹបកម្សាន្តរ៉ុក ដែលជាក្លឹបមានឈ្មោះបោះសំឡេង យ៉ាងរន្ទឺនៅរាជធានីភ្នំពេញ មិនបានជាប់ពាក់ព័ន្ធ នឹងលោកឧកញ៉ាគិត ម៉េង ទេ។

លោកឧត្ដមសេនីយ៍ឯក ស ថេត បានថ្លែងតាមវីដេអូ ដែលបង្ហោះលើបណ្ដាញ សង្គមហ្វេសប៊ុក នៅថ្ងៃទី៣ មីនាថា និយាយរួមបើយើងមានឆន្ទៈខ្ពស់ ហើយមិនពាក់ព័ន្ធគ្រឿងញៀន ការបង្រ្កាបទោះតូចឬធំ គឺយើងអាចធ្វើបានទាំងអស់ ។ កន្លងទៅចេះតែគិតថា ខ្លាចគេដកតំណែង គិតថា អ្នកនោះធំ អ្នកនោះមានឥទ្ធិពល ។

លោកឧត្ដមសេនីយ៍ឯក បន្តថា មិនត្រូវចោទកន្លែងនេះ កន្លែងនោះថា សង្ស័យមានការរក្សាទុក ចែកចាយគ្រឿងញៀនឲ្យសោះ ព្រោះពេលខ្លះ វាផ្ទុយទៅនិងការសន្និដ្ឋាន ដែលធ្វើឲ្យប៉ះពាល់ទៅដល់ កិត្តិយសរបស់គេ ។ ទោះក្នុងរបាយការណ៍ក្ដី យើងមិនត្រូវដាក់ថា កន្លែងនេះ កន្លែងនោះសង្ស័យ មានគ្រឿងញៀនទេ គឺត្រូវស្រាវជ្រាវរកឲ្យឃើញសិន ។

លោកឧត្ដមសេនីយ៍ឯក បន្ថែមថា ការបង្ក្រាបមិនមែនចេះតែបង្ក្រាបទេ គឺយើងបានអនុវត្តន៍ ទៅតាមវិធានការរដ្ឋបាល ដោយហៅម្ចាស់អាជីវកម្ម មកណែនាំឲ្យមានការបង្ការទប់ស្កាត់ កុំឲ្យមានបទល្មើសគ្រឿងញៀននេះ ក្នុងអាជីវកម្មរបស់ខ្លួន ។ រាល់ពេលដែលហៅម្ចាស់អាជីវកម្ម មកណែនាំ គឺមិនដែលមកទេ ឲ្យតែអ្នកតំណាងមកជំនួស ប៉ុន្តែអ្នកតំណាងក៏តំណាងទៅចុះ ឲ្យតែតំណាងមានសិទ្ធិសម្រេចខាងផ្លូវច្បាប់ ។

លោកឧត្ដមសេនីយ៍ឯក ស ថេត បញ្ជាក់ថា “យើងត្រូវតែបន្ត តទៅទៀត យើងមិនចង់អួតទេ យើងធ្វើមួយករណីនេះ មានការគាំទ្រច្រើនលើសលប់ ប៉ុន្តែក៏មានចំណុច ដែលគេសួរមកយើង ជាច្រើនចំណុចផងដែរ អាកន្លែងនោះ អាកន្លែងនេះវាយ៉ាងម៉េច អាម្ចាស់ទីតាំងយ៉ាងម៉េច ? នោះយើងមិនអាចលោត ទៅតាមការញុះញង់ ឬតាមការចង្អុលបង្ហាញ របស់ប្រព័ន្ធសង្គមបានទេ ។ យើងធ្វើយើង មានដំណាក់កាលរបស់យើង សមត្ថកិច្ចរបស់យើង យើងស្រាវជ្រាវរបៀបម៉េច ទៅដល់នៅកន្លែងណា អីកន្លែងណាយើងធ្វើ ប៉ុន្តែនីតិវិធីទាំងនេះ យើងមិនអាចប្រាប់សារព័ត៌មានបានទេ” ។

សូមបញ្ជាក់ថា ក្នុងយុទ្ធនាការបង្ក្រាប បទល្មើសគ្រឿងញៀន ដ៏កក្រើកនៅក្នុងក្លឹបកម្សាន្តរ៉ុកនេះ បានឃាត់ខ្លួនអ្នកចូលកម្សាន្ត ៣១១នាក់ ក្នុងនោះមានជនជាតិខ្មែរ ភាគច្រើនជាយុវវ័យ ជនជាតិចិន និងថៃជាដើម។ ក្រោយឃាត់បានប៉ុន្មានថ្ងៃ ក៏បានដោះលែងពួកគេ ៣០២នាក់ ។ ចំណែកអ្នកនៅសល់ បញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់ ៕

ដោយ៖ ខា ដា

Facebook Comments

To Top