នយោបាយ

កិច្ចប្រជុំកំពូល Trump & Un បរាជ័យតែនាំមកនូវការចំណេញ លើផ្នែកនយោបាយសម្រាប់វៀតណាម !

ភ្នំពេញ៖ កិច្ចប្រជុំកំពូលលើកទីមួយនៅ សិង្ហបូរី ក៏បរាជ័យដោយសារ ទី១ លោក Unគ្មានអ្វីសម្រាប់លេង ក្រៅពីអាវុធនុយ ក្លេអ៊ែរ បើបោះបង់អាវុធនេះចោល គឺលោក Un លែងមានសន្លឹកបៀរអ្វីលេងទៀតហើយដូច្នោះ Un ទាមទារជាដាច់ខាតថាអាមេរិកត្រូវលើកលែងការដាក់ទណ្ឌកម្ម ជាមុនសិនទើបនិយាយដល់ការ denuclearization ។ទី២ ផ្ទុយទៅវិញ លោក Trump ចង់ឲ្យ លោក Un បោះបង់ចោល អាវុធនុយក្លេអ៊ែរនេះទៅដើម្បី Trump អួតប្រាប់ពិភពលោកថា Trump ជាអ្នកដែលបាននាំមកនូវសន្តិភាព ដំបូងគេលើឧបទ្វីបកូរ៉េ ដោយសង្ឃឹមថានឹងបានទទួលពានរង្វាន់ Nobleសន្តិភាព។កិច្ចប្រជុំកំពូលនេះ បានធ្វើឲ្យវៀតណាម មាន​ឱកាស បំពងសំឡេង អំនួតចេញទៅក្រៅ ប្រទេសថា « Hanoi ជារដ្ឋធានីសន្តិភាព » « Vietnam ជាទឹកដីស្រុះស្រួលបង្រួបបង្រួមជាតិ » ។ ជាការពិត ការជ្រើសរើសវៀតណាមធ្វើជាទីកន្លែងប្រជុំ គឺមានបង្កប់ទៅដោយឧបាយ កល យុទ្ធសាស្ត្រមានការគិតទុកជាមុន គួបផ្សំទៅនឹងតថភាពជាក់ស្ដែងផងដូចជា វៀតណាមនិងកូរ៉េខាងជើង មានទិដ្ឋភាពដូចគ្នាច្រើន ជាប្រទេសប្រកាន់នូវរបប កុម្មុយនីស្ត ពុំដែលមានការបោះឆ្នោតជាសកល គ្មានពហុបក្ស គ្មានការគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ ជាប្រទេសធ្លាប់បែងចែកប្រទេស ជាពីរ ធ្លាប់ជាសត្រូវដ៏ស្រួចស្រាវនឹងគ្នា ! ទើប Trump ធ្លាប់បាននិយាយថា បើលោក Un បោះបង់ចោលអាវុធនុយក្លេអ៊ែរ កូរ៉េនឹងមានការវិវត្តន៍ រីកចម្រើនដូចវៀតណាម ហើយអាមេរិកនឹងផ្ដល់ការគាំទ្រដល់កូរ៉េទៀតផង ។

យោងតាមការវិភាគរបស់ពួកអ្នកយុទ្ធសាស្ត្រថា ការរៀបចំឲ្យមានកិច្ចប្រជុំកំពូលនេះ គ្រាន់តែជាលេស ព្រោះអាទិភាពបន្ទាប់ គឺធ្វើយ៉ាងណា ដើម្បីជំរុញនិងលើកកំពស់ អត្ថិភាពនិងកិត្យានុភាព វៀតណាមទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ សំដៅបម្រើឲ្យយុទ្ធសាស្ត្រយូរអង្វែងរបស់សេតវិមានក្នុងនោះចង់ប្រែក្លាយវៀតណាមទៅជាកំពែង ដ៏រឹងមាំមួយក្នុងការទប់ទល់ទៅនឹងអំណាចរបស់ចិននៅក្នុងតំបន់ ។

ក្នុងបរិបទនេះហើយ ទើប Trump បានសង្កត់ធ្ងន់ជាមួយថ្នាក់ដឹកនាំវៀតណាមថា អាមេរិកនឹងបន្តសហការជាមួយវៀតណាម ជំរុញកិច្ចសហប្រតិបតិ្តការជាដៃគូគ្រប់ជ្រុងជ្រោយឲ្យមាន ការរីកចម្រើនទាំង គុណភាព ដល់ បរិមាណក្នុងប្រសិទ្ធភាពខ្ពស់នាពេលខាងមុខ បន្តពិភាក្សាបញ្ហាតំបន់និងអន្តរជាតិ ដែល ភាគីទាំងពីរយកចិត្តទុកដាក់ក្នុងនោះរួមមានទាំងបញ្ហាសមុទ្រ ចិនខាងត្បូងផងដែរ ។

ទន្ទឹមនេះ សហរដ្ឋអាមេរិកបានអះអាងថា នឹងបន្តបំពេញតួនាទីយ៉ាងសំខាន់ក្នុងតំបន់ Indo-Pacific សំដៅរក្សា របៀបរបប សណ្តាប់ធ្នាប់ ដោយអនុលោមទៅតាមច្បាប់អន្តរជាតិ ជំរុញសន្តិភាព ស្ថេរភាព សហប្រតិបត្តិការ និង ការអភិវឌ្ឍន៏នៅក្នុងតំបន់ដ៏សំខាន់មួយនេះ ។

ក្រៅអំពីការទិញ យន្តហោះ Boeing 737 Max ជាង ១០០ គ្រឿង វៀតណាមក៏បានឆ្លៀតទិញសម្ភារយោធាផងដែរ។ការទិញដូរនេះ ត្រូវបានគេមើលឃើញថា ដូចជាសំណងសង្រា្គម
( war compensation ) ដែល Kissinger បានធ្លាប់សន្យាជាមួយ Le Duc Tho ក្រោយសន្និសីទទីក្រុងប៉ារីស សី្តពី សន្តិភាពនៅ វៀតណាម ១៩៧៣ ។កិច្ចប្រជុំកំពូល Trump & Un លើកទី ២ បរាជ័យ តែអ្នកឈ្នះគឺ វៀតណាម ក៏បុន្តែ បានត្រឹមតែនាំមកនូវផលវិបាកសម្រាប់វៀតណាម និង រុស្ស៊ី និង ភាពអមិត្តកាន់តែទ្បើងកំដៅ រវាង វៀតណាម និង ចិន នាពេលខាងមុខ ។

៤០ ឆ្នាំមុន លោក Deng Zaoping បានហៅ វៀតណាមថា ជាគុយបាខាងកើត ពេលដែលវៀតណាមលើកទ័ពចូលកម្ពុជា ។៤០ ឆ្នាំក្រោយមក វៀតណាមបានលេចមុខជា គុយបាខាងកើតមែន ដោយប្រែក្លាយប្រទេសខ្លួន ជាអនុត្តរភាពនៅក្នុងតំបន់ ជាកូនអុកសម្រាប់បម្រើសេវាឲ្យប្រទេសធំខាងក្រៅតំបន់ អនុវត្តនូវគោលនយោបាយអនុត្តរភាព មាន Indo-Pacific ជាដើម៕ ដោយ៖ លោក ហើស សិរីធនអតីតឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាព ប្រចាំប្រទេសហ្វីលីពីន និងឡាវ

Facebook Comments

To Top