អន្តរជាតិ

Honda គ្រោងបិទរោងចក្រ ផលិតរថយន្តនៅអង់គ្លេស នៅឆ្នាំ២០២២

ឡុងដុង៖ក្រុមហ៊ុនផលិតរថយន្ត របស់ជប៉ុន Honda គ្រោងនឹងប្រកាស បិទរោងចក្ររថយន្ត នៅចក្រភពអង់គ្លេសរបស់ខ្លួន ក្នុងឆ្នាំ២០២២ និងធ្វើឲ្យបុគ្គលិកចំនួន៣៥០០នាក់ អត់ការងារធ្វើនៅទីនោះ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

ក្រុមហ៊ុន Honda បានផលិតរថយន្តជាង ១៦០,០០០ គ្រឿងនៅរោងចក្រ Swindon នៅភាគខាងត្បូងប្រទេសអង់គ្លេស កាលពីឆ្នាំមុន រួមមានម៉ូដែល Civic និង CV-R មានចំនួនច្រើនជាង១០ភាគរយ នៃផលិតកម្មសរុបរបស់អង់គ្លេស ចំនួន១,៥២ លានគ្រឿង។

ប៉ុន្តែវាបានជួបការលំបាក នៅក្នុងទ្វីបអឺរ៉ុបក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយឧស្សាហកម្មនេះ ប្រឈមនឹងបញ្ហាមួយចំនួន ដែលរួមមានការធ្លាក់ចុះ នៃតម្រូវការប្រេងម៉ាស៊ូត និងបទបញ្ជាតឹងតែងជាង ស្របតាមភាពមិនច្បាស់លាស់ ជុំវិញការចាកចេញរបស់ចក្រភពអង់គ្លេស មកពីសហភាពអឺរ៉ុប ដែលនឹងកើតឡើងនៅខែក្រោយ។

លោក Justin Tomlinson តំណាងរាស្រ្តអភិរក្សនៃ Swindon ដែលបានបោះឆ្នោតឲ្យ Brexit នៅឆ្នាំ ២០១៦ បាននិយាយថា លោកបានជួបជាមួយ រដ្ឋមន្រ្តីពាណិជ្ជកម្ម និងអ្នកតំណាងមកពី Honda ដែលបានបញ្ជាក់ពីផែនការនេះ។ លោក Tomlinson តំណាងរាស្ត្ររបស់ North Swindon បានប្រាប់ថា ពួកគេត្រូវធ្វើសេចក្តីថ្លែងការណ៍ នៅព្រឹកថ្ងៃស្អែក ហើយវាពិតជាខូចនៅដើមឆ្នាំ ៕ ដោយ៖លី ភីលីព

Facebook Comments

To Top