ព័ត៌មានជាតិ

ណាហ្គាវើលដ៍ បេះដូងសប្បុរស ឧបត្ថម្ភសម្រាប់ការសិក្សា របស់កុមារ ដែលមានជីវភាពខ្វះខាត

ភ្នំពេញ៖ ដើម្បីចូលរួមអភិវឌ្ឍវិស័យអប់រំ នៅប្រទេសកម្ពុជានោះ កម្មពិធី “ណាហ្គាវើលដ៍បេះដូងសប្បុរស”​ ដែលជាក្រុមការងារសង្គម របស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានសហការជាមួយអង្គការ Cambodia Outreach នៅក្នុងគម្រោង [email protected] ដោយបានចាប់ផ្តើម ក្នុងឆ្នាំ២០០៣ ដើម្បីឧបត្ថម្ភ សម្រាប់ការសិក្សាអប់រំរបស់កុមារ ដែលមកពីគ្រួសារក្រខ្សត់ ព្រោះការអប់រំគឺជាមូលដ្ឋានគ្រឹះ ដែលជួយកសាងសង្គមជាតិ។

យោងទៅតាមរបាយការណ៍ ស្ទង់មតិសេដ្ឋកិច្ចសង្គមកម្ពុជា ដែលបានបោះផ្សាយ ក្នុងពេលថ្មីៗនេះ មានប្រជាជន ១១,៨ភាគរយប៉ុណ្ណោះ នៃចំនួនប្រជាជនកម្ពុជា សរុបអាយុ ២៥ ឆ្នាំ និងលើសពីនេះ បានបញ្ចប់មធ្យមសិក្សាបឋមភូមិ។ លោក Wayne Hester នាយកប្រតិបត្តិអង្គការ Cambodia Outreach បានធ្វើការកត់សម្គាល់ថា មូលហេតុចម្បងមួយ ក្នុងចំណោមមូលហេតុជាច្រើន នៃការបោះបង់ការសិក្សា ដ៏ខ្ពស់នេះ គឺបណ្តាលពីបញ្ហាហិរញវត្ថុ។

លោកមានប្រសាសន៍ថា ឪពុកម្តាយចង់ឲ្យកូនៗ របស់ពួកគេ រកការងារធ្វើនៅខាងក្រៅ ឬធ្វើស្រែចម្ការ ដើម្បីរកប្រាក់ចំណូល មកទ្រទ្រង់ជីវភាពគ្រួសារ។ ស្ថានភាពនេះ នៅតែជាឧបសគ្គចម្បង ដែលរារាំងកុមារ មិនឲ្យទទួលបានការសិក្សាអប់រំ ក្នុងប្រទេសកម្ពុជា។

នាយកគ្រប់គ្រងណាហ្គាវើលដ៍ លោក Pern Chen បានមានប្រសាសន៍ថា “ការសហការនេះ នឹងជួយកុមារក្រីក្រ ឲ្យទទួលបានការអប់រំដូចកុមារដទៃ។ យើងមានមោទនភាព ដែលបុគ្គលិករបស់យើង បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួន គាំទ្រដល់គំនិតផ្តួចផ្តើមនេះ បន្ថែមទៅលើការឧបត្ថម្ភ របស់ក្រុមហ៊ុន។ ថវិកានេះ នឹងជួយធ្វើឲ្យកុមារក្រីក្រ ដែលគួរឲ្យអាណិតរបស់យើង បញ្ចប់ការសិក្សារបស់ពួកគេ ហើយយើងសង្ឃឹមថា ពួកគេនឹងទទួលបានចំណេះដឹង ដើម្បីរកការងារធ្វើ និងចាកឆ្ងាយពីភាពក្រីក្រ ហើយពួកគេ នឹងផ្តល់ផលប្រយោជន៍ បន្តទៅដល់ក្មេងៗ​ជំនាន់ក្រោយថែមទៀតផង។

ថវិកា ដែលបានមកពីការឧបត្ថម្ភ របស់ក្រុមហ៊ុនណាហ្គាវើលដ៍ និងបុគ្គលិកណាហ្គាវើលដ៍ នឹងត្រូវ ឧបត្ថម្ភ​ដល់សិស្សានុសិស្សថ្នាក់ទី ១០ ដល់ថ្នាក់ទី ១២ សម្រាប់បង់ថ្លៃសិក្សា សម្ភារសិក្សា អាហារ ឯកសណ្ឋាន និងសម្ភារផ្សេងៗទៀតសម្រាប់រយៈពេល ៣ ឆ្នាំ។ វឌ្ឍនភាពនៃការសិក្សា របស់សិស្សកម្សត់ទាំងនេះ នឹងត្រូវតាមដានយ៉ាងទៀងទាត់។ សិស្សដែលមានសមត្ថភាព នឹងទទួលបានការបណ្តុះបណ្តាល និងក្លាយជាបុគ្គលិកហាត់ការ នៅក្រុមហ៊ុនណាហ្គាវើលដ៍។

ណាហ្គាវើលដ៍បេះដូងសប្បុរស តែងតែរៀបចំសកម្មភាពលើកកម្ពស់ ការអប់រំយ៉ាងទៀងទាត់ រួមមានការ​ចែកសៀវភៅអាន និងសម្ភារសិក្សា ដល់សិស្សបឋមសិក្សា ជាដើម។ មិនតែប៉ុណ្ណោះ បុគ្គលិកសុវត្ថិភាពអគ្គីភ័យ របស់ណាហ្គាវើលដ៍ តែងតែផ្តល់ការបណ្តុះបណ្តាលស្តីអំពី វិធីបង្ការអគ្គីភ័យដល់សិស្ស និងប្រជាជននៅតាមសហគមន៍ ព្រមទាំងឧបត្ថម្ភបំពង់ពន្លត់អគ្គីភ័យ យ៉ាងទៀងទាត់ផងដែរ។

ចំណែកសកម្មភាព ចុះទៅតាមសហគមន៍ គឺណាហ្គាវើលដ៍​បានបង្កើត នូវកម្មវិធីប្រកួតប្រជែង សាលារៀនស្អាត នៅតាមអនុវិទ្យាល័យចំនួន ៣០ ដើម្បីលើកទឹកចិត្ត ឲ្យសិស្សានុសិស្ស រក្សាសាលារៀនរបស់ពួកគេ ឲ្យមានអនាម័យស្អាត និងបរិស្ថានល្អ។ សាលារៀនដែលស្អាតជាងគេ នឹងទទួលបានរង្វាន់ជាទឹកប្រាក់ ដើម្បីយកទៅប្រើប្រាស់ ដើម្បីអភិវឌ្ឍសាលារៀន សម្រាប់ទាំងអស់គ្នា៕ ដោយ៖ លី ភីលីព

Facebook Comments

To Top