ព័ត៌មានជាតិ

អគ្គនាយក RDB គាំទ្រលើគម្រោង ហិរញ្ញប្បទាន ដល់ផលិតកម្មបន្លែ​ នៃសហគមន៍ដំាបន្លែ

ភ្នំពេញ៖ លោក កៅ ថាច អគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ (RDB) នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ បានជួបប្រជុំជាមួយ ក្រុមហ៊ុនប្រមូលទិញបន្លែ ១២ក្រុមហ៊ុន ដើម្បីពិភាក្សាការងារ អំពីគម្រោងគាំទ្រ ហិរញ្ញប្បទាន ដល់ផលិតកម្មបន្លែ និងដើម្បីស្វែងរក​ដំណោះស្រាយ លើបញ្ហាមួយចំនួយ ដែលជាផលវិបាករបស់កសិករដាំដុះបន្លែ របស់បងប្អូនចងក្រង​ ជាសហគមន៍ និងរបស់ក្រុមហ៊ុន​ទទួលទិញបន្លែ ។

កិច្ចប្រជុំនេះ ធ្វើឡើង​ ដោយមានការចូលរួម ពីសំណាក់ថ្នាក់ដឹកនាំ នៃធនាគារអភិវឌ្ឍន៍ជនបទ ជាមួយនឹងតំណាង ក្រុមហ៊ុនប្រមូលទិញបន្លែ ចំនួន ១២ ក្រុមហ៊ុន ដែលក្នុងក៏មាន លោក Nabeshima katusuhito ទីប្រឹក្សាធនាគារអភិវឌ្ឍន៍ជនបទ ទទួលបន្ទុក បច្ចេកទេសកសិកម្ម និងលោកអគ្គនាយករង និងបុគ្គលិកជំនាញ របស់ធនាគារ អភិវឌ្ឍន៍ជនបទ ផងដែរ ។

ក្នុងនោះលោក កៅ ថាច បានលើកឡើងថា គោលដៅនៃកិច្ចប្រជុំនេះ គឺដើម្បីជំរុញផលិតកម្មបន្លែ របស់ប្រជាកសិករ សហគមន៍ដំាបន្លែ នៅទូទាំងប្រទេសកម្ពុជា ដោយមានការចូលរួម ពីក្រុមហ៊ុនទទួលទិញបន្លែ ដែលជាផ្នែកឯកជន ហើយធនាគារអភិវឌ្ឍន៍ជនបទ ជាអ្នកទំលាក់ឥណទាន ដោយអត្រាការប្រាក់អនុគ្រោះ ដល់បណ្តាសហគមន៍ ឬ ក្រុមហ៊ុនទិញបន្លែ ក្នុងករណីមានតម្រូវការ ហិរញ្ញវត្ថុបន្ថែម។ នេះជាផ្នែកមួយ ដើម្បីធានាបាននូវសុខុមាលភាព ដល់ប្រជាជនហូបបន្លែ និងជួយកាត់បន្ថយ ការនាំចូលបន្លែ ព្រមទាំងលើកកម្ពស់​ជីវភាពប្រជាពលរដ្ឋ ដែលជាអ្នកប្រកបរបរ ទទួលទានដាំដុះបន្លែ និងជួយកាត់បន្ថយ ការធ្វើចំណាក់ស្រុក របស់បងប្អូនប្រជាកសិករ បានទៅក្រៅប្រទេស ។

ក្រោយកិច្ចប្រជុំប្រព្រឹត្តិទៅរួចហើយនោះ ភ្នាក់ងារ នៃធនាគារអភិវឌ្ឍន៍ជនបទ បានឲ្យដឹងពីលទ្ធផល នៃកិច្ចប្រជុំ ដោយធនាគារអភិវឌ្ឍន៍ជនបទ នឹងចូលរួមចំណែក៖
– ធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹង សហគមន៍ ក្រុមហ៊ុនប្រមូលទិញបន្លែ ដើម្បីជំរុញការផ្គត់ផ្គង់បន្លែ របស់កសិករដំាបន្លែ ព្រមទាំងជួយគាំទ្រ នូវផ្នែកទុនវិនិយោគ ដល់កសិករផលិត និង សហគមន៍ ឬ ក្រុមហ៊ុនប្រមូលទិញបន្លែ ដើម្បីបង្កើនការប្រមូលទិញបន្លែ ពីកសិករ
– បង្កើតមន្ទីរពិសោធន៍ គុណភាព បន្លែឯករាជ្យ
– សហការជាមួយសហគមន៍ ក្រុមហ៊ុនប្រមូលទិញបន្លែ ដោយបង្កើតស្តង់លក់បន្លែខ្មែរ នៅរៀងរាល់ថ្ងៃអាទិត្យ នៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ
– សម្របសម្រួលជាមួយ ស្ថាប័នពាក់ព័ន្ធ ជួយដោះស្រាយ ផ្នែកដឹកជញ្ជូនបន្លែ។
– បង្កើតឲ្យមានសមាគមប្រមូលទិញបន្លែ ដោយមានកិច្ចសហការណ៍ ពីធនាគារអភិវឌ្ឍន៍ជនបទ
– រៀបចំការប្រជុំ យ៉ាងហ៊ោចណាស់១ ខែម្តងជាមួយ សហគមន៍ និងក្រុមហ៊ុន ទទួលទិញបន្លែ ដើម្បីតាមដានវឌ្ឍនៈ ភាពការងារ និងដោះស្រាយបញ្ហា ប្រឈមនានា៕

Facebook Comments

To Top