នយោបាយ

លិខិតមិត្តអ្នកអាន៖ បូកលេខមិនដែលត្រូវ ជាអាស្រូវនយោបាយធំបំផុត របស់សម រង្ស៊ី

ក្នុងនាមអ្នកតាមដាននយោបាយតាមតុកាហ្វេម្នាក់ ខ្ញុំបានសង្កេតឃើញថា ជាង២៥ឆ្នាំមកនេះគឺលោក សម រង្ស៊ី ពិតជា អ្នកនយោបាយខ្សោយបញ្ញា និងអន់ខាងគណិតវិទ្យាខ្លាំង ណាស់ពីព្រោះគាត់គុណគូរ បូកលេខ មិនដែលត្រូវម្តងណាឡើយ។ នេះជាមូលហេតុចម្បងដែលធ្វើឲ្យជីវិតនយោបាយរបស់គាត់តែងតែបរាជ័យនិងបន្តធ្លាក់ ដុនដាបដល់ម្លឹង។

ដើម្បីមើលឲ្យឃើញថា ហេតុអីបានជាខ្ញុំហ៊ាននិយាយថា លោក សម រង្ស៊ី អន់បញ្ញា និងខ្សោយខាងគណិតវិទ្យា យើងគួរក្រឡេក ថយក្រោយបន្តិចទៅ មើលការសម្រេចចិត្តសំខាន់ៗ មួយចំនួនខាងនយោបាយរបស់គាត់ដែលជាលទ្ធផលនៃការវាយតំលៃសភាពការណ៍មិនត្រូវនិងបូកលេខខុសដែលជាកំហុសផ្នែកយុទ្ធសាស្ត្រនិងយុទ្ធវិធីក្នុងការប្រកួតប្រជែងនយោបាយ
ដណ្តើម ប្រជាប្រិយភាពនិងអំណាចដូចតទៅនេះ៖

ទី១៖ កាលពីឆ្នាំ ១៩៩៤ អំនួតនយោបាយបែបអញនិយម បែបតួឯកដែលជាចរិតធម្មជាតិរបស់ សម រង្ស៊ី បានជំរុញឲ្យគាត់ សម្រេចចិត្តដើរចេញពីគណបក្សរាជានិយម ហ្វ៊ុនស៊ិនប៉ិច ហើយទៅបង្កើតគណបក្សមួយឈ្មោះថា គណបក្សជាតិខ្មែរ ពីព្រោះតែ សម រង្ស៊ី គិតថា គាត់គ្រាន់បើជាងទ្រង់រណឬទ្ធិ។ ពេលនោះ សម រង្ស៊ី បើកការវាយប្រហារធ្ងន់ៗទៅលើ អតីតគណបក្សដែលផ្តល់កំណើត នយោបាយឲ្យខ្លួន។ មិនយូរ ប៉ុន្មាន គណបក្សជាតិខ្មែរក៏បែកបាក់ក្រោមអំនួត ភាពក្រអឺតក្រទម និងរបៀបដឹកនាំផ្តាច់ការ គ្រួសារនិយមរបស់សម រង្ស៊ី។ ហើយដើម្បីសម្រេចគោលដៅអាត្មានិយម និងទស្សនៈតួឯក និយម សម រង្ស៊ី ក៏ងាកទៅបង្កើតគណបក្សមួយទៀតដោយដាក់ឈ្មោះខ្លួនឯងធ្វើជាកម្មសិទ្ធិផ្តាច់មុខអស់មួយជីវិត។ គំនិតអញ និយម ការខ្វះភាពអត់ធ្មត់ក្នុងនាមជាអ្នកនយោបាយនិងការធ្វើសេចក្តីសម្រេចចិត្តទៅតាមតែអារម្មណ៍ផ្ទាល់ខ្លួន គឺជាកត្តាដែល នាំឲ្យជីវិតនយោបាយរបស់ សម រង្ស៊ី រសាត់អណ្តែត គ្មានកោះត្រើយរហូតដល់បច្ចុប្បន្ន។ ទីបំផុត ហ្វ៊ុនស៊ិនប៉ិចក៏រលាយ គណបក្ស សម រង្ស៊ី ក៏គ្មានកំណើត។ កាលណោះបើគាត់កុំដាក់លេខបូកសុប្បនិម្មិតច្រើនពេក លើខ្លួនគាត់ហើយអត់ធ្មត់នៅរួបរួមជាមួយសម្តេចក្រុមព្រះ ហើយកុំបំបែកហ្វ៊ុនស៊ិនប៉ិច ម្ល៉េះសម គណបក្សរាជានិយម មួយនេះប្រហែលជាអាចនៅតែខ្លាំងរហូតសព្វថ្ងៃ មិនចុះដុនដាបបែបនេះទេហើយលោក សម រង្ស៊ីក៍ប្រហែលជាអាចមាន ប្រជាប្រិយភាព អំណាច និងឥទ្ធិពលមិនរសាត់អណ្តែតដូចសព្វថ្ងៃនេះដែរ។

ទី២៖ នៅឆ្នាំ ១៩៩៧ សម រង្ស៊ី ហេតុតែចង់ល្បីឈ្មោះ បានប្រើលេខបូកសុប្បនិម្មិតមួយទៀតក្រោមល្បិចសាច់កម្មដោយបានប្រឌិតរឿងដ៏អាក្រក់ ថោកទាបចោទប្រកាន់លោក នាយករដ្ធមន្ត្រីហ៊ុន សែន ថាជាអ្នកនៅពីក្រោយការបោកគ្រាប់បែកក្នុងហ្វូងបាតុករ។ ប៉ុន្តែនៅទីបំផុត សម រង្ស៊ី ក៏យល់ដឹងថាលេខបូកនេះបាននាំអោយខ្លួនខុសធ្ងន់ ហើយក៏សុខចិត្ត សរសេរលិខិតសុំទោស លោកនាយករដ្ឋមន្ត្រីហ៊ុន សែន វិញដោយសារភាពទទួលស្គាល់ថា រាល់ការចោទប្រកាន់នោះមិនត្រឹមត្រូវឡើយ។ ដូច្នេះ បើកុំតែបូកលេខខុស បែបនេះ សម រង្ស៊ី មិនបាត់បង់ឱកាសធ្វើនយោបាយនៅក្នុងប្រទេស ហើយត្រូវរត់ចោល ស្រុកយ៉ាងយូរដូច្នោះឡើយដែរ។

ទី៣៖ នៅឆ្នាំ ២០០៨ លោក សម រង្ស៊ី បានវាយតំលៃជ្រុលហួសនិងដាក់លេខបូកទាំងស្រមើស្រមៃ ថាគាត់អាចមានកំលាំងលើសពីគ្រប់គ្រាន់ដើម្បីឈោងចាប់អំណាចបានឆាប់ប្រសិន បើរដ្ឋធម្មនុញ្ញកំណត់ត្រឹមសំឡេង ៥០% បូក ១ ។ ភាពស្រមើស្រមៃដេកយល់សប្តិឃើញតែអំណាចក៏បានជំរុញចិត្តលោភលន់របស់គាត់ឲ្យគាំទ្រនិងចូលរួមធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញដោយប្តូរពី ពីរភាគបីមកជា ៥០% បូក១ វិញ។ តាមពិតរូបមន្តថ្មីនេះមានបានជួយគាត់ឯណាតែផ្ទុយទៅវិញគឺជាអំណោយផល ដល់បក្សកាន់អំណាចហើយក៏ធ្វើឲ្យគាត់ ឃ្លាតឆ្ងាយពីអំណាចកាន់តែឆ្ងាយទៅៗ។ បើសិនជា សម រង្ស៊ី ពូកែគណិតវិទ្យាជាងនេះតែបន្តិច ម្ល៉េះសមគាត់នឹងទទួលបានផលចំណេញច្រើនជាងនេះក្នុងល្បែងនយោបាយ ប្រជាធិបតេយ្យសេរីពហុបក្ស។

ទី៤៖ ក្នុងឆ្នាំ ២០១២ ដោយមើលឃើញថា កម្លាំងគាំទ្រមានតិចតួចពេកហើយគ្មានសង្ឃឹមថាអាចយកប្រៀបលើគណបក្សកាន់អំណាចរបស់បុរសខ្លាំងបាន សម រង្ស៊ី ដែលសន្សំអស់ល្បឺត បានត្រឹមតែ ២៦ កៅអីក៏សុខចិត្តទៅដាក់ហ៊ុនជាមួយគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា ដែលមានតែបីកៅអី តាមការរៀបចំរបស់បរទេសទោះជាដឹងថាខ្លួនគាត់និងលោក កឹម សុខា គឺជាទឹកនិងប្រេងក៏ដោយចុះ។ ទីបំផុត សម រង្ស៊ី ដឹងខ្លួនថាបូក លេខច្រឡំ ចាញប្រៀបលោក កឹម សុខា ឆ្ងាយណាស់ជាពិសេសគឺការគណនាខុសលទ្ធផលនៃការចូលហ៊ុន ៖ ២៦+៣= សេចក្តីសំរេចតាមកុងសង់ស៊ុសមិនមែន ភាគច្រើនជាអ្នកសំរេចឯណា!

ទី៥៖ មកដល់ឆ្នាំ ២០១៧ ដោយឈឺចាប់នឹងការចាញ់ប្រៀបលោក កឹម សុខា ខ្លាំងផង និងដោយចង់ធ្វើខ្លួនជាវីរៈបុរសក្នុងបក្សប្រឆាំងផង សម រង្ស៊ី ក៏បានបូកលេខខុសម្តងទៀត ដោយបានប្រញាប់ប្រញាល់ប្រកាសលាឈប់ពីតំណែងប្រធានបក្សសង្គ្រោះជាតិក្រោមហេតុផលថា ដើម្បីជួយសង្គ្រោះបក្សកុំឲ្យគេរំលាយ។ តាមពិតគាត់បូកលេខខុសព្រោះគាត់ ស្មានរំពឹងទុកថាការលា លែងនេះគ្រាន់តែជាឆាកល្ខាន សំដែងដើម្បីសាង[Forwarded from SEU MA] ប្រជាប្រិយភាពឡើងវិញ ប៉ុណ្ណោះ ពីព្រោះសម រង្ស៊ី គិតថាបន្ទាប់ពីការ លាលែង អ្នកគាំទ្ររបស់គាត់ភ្លូកទឹកភ្លូកដីនឹងងើបឡើងទាមទារកុំឲ្យគាត់ឈប់។ ប៉ុន្តែ មានឯណា ស្ងាត់ដូចចោរលួចសេះ។ រីឯបក្សសង្គ្រោះជាតិ នៅតែរលាយដដែល។ កាលណោះ បើគាត់មិនបូកលេខខុសទៅប្រកាសលាលែងបែបនេះទេ ម្ល៉េះសមគាត់នឹងមិនបាតបង់អំណាចទាំងស្រុងបែបនេះឡើយហើយលោកកឹម សុខាដែលមានតែ៣កៅអីក្នុងភាគហ៊ុន ក៍មិនអាចឡើងជាប្រធានបក្សបានដែរ។

ទី៦៖ ដោយស្ពឹកមុខខ្លាំងពីព្រោះតែការបាត់បង់អំណាច និង ឥទ្ធិពលអស់រលីងពីក្នុងបក្ស សម រង្ស៊ី ដែលមានចំណែករុញឲ្យបក្សសង្គ្រោះជាតិរលាយនោះស្រាប់តែទៅប្រកាសបង្កើត ចលនាសង្គ្រោះជាតិឯណាឯណីទៅវិញ។ ការបង្កើតចលនា នេះក្រោមហេតុផលថា ដើម្បីធ្វើជាសំប៉ានទៅជួយសំពៅ សង្គ្រោះជាតិដែលកំពុងជាប់គឿងហើយត្រូវភ្លើងឆេះទៀត។ ប៉ុន្តែ សំប៉ានដែលលោក សម រង្ស៊ី បង្កើតមានបានជួយសំពៅដែលកំពុងជាប់គឿង និងត្រូវភ្លើងឆេះឯណា៕ ផ្ទុយទៅវិញចលនានេះបែរជាជួយឲ្យសំពៅកាន់តែភ្លើងឆេះខ្លាំងឡើងៗ​ រហូតដល់រលាយអស់។ ចលនាសង្គ្រោះជាតិ ក៏ត្រូវរលាយខ្លួនបាត់ទៅវិញដោយបន្សល់ទុកនូវការបែកបាក់យ៉ាងធ្ងន់ធ្ងរក្នុងចំណោមក្រុមប្រឆាំង។

ទី៧៖ ក្នុងឆ្នាំ ២០១៨ ពេលបោះឆ្នោត សម រង្ស៊ី បូកលេខខុសរឹតតែធ្ងន់ធ្ងរ។ តាមពិតគាត់ត្រូវឲ្យគណបក្សណាមួយក្នុងចំណោមគណបក្ស សម រង្ស៊ី និង សិទ្ធិមនុស្ស ចូលរួមបោះឆ្នោត ហើយអំពាវនាវឲ្យអ្នកគាំទ្របោះឆ្នោតឲ្យគណបក្សនោះដើម្បីប្រមូលសំឡេងអ្នកគាំទ្រអតីតបក្សសង្គ្រោះជាតិមកវិញ ។ ប៉ុន្តែ គាត់បែរជាបូកលេខច្រឡំហើយបែរទៅរំលាយបក្ស ទាំងពីរចោល ហើយអំពាវនាវកុំឲ្យអ្នកគាំទ្រចេញទៅបោះឆ្នោតក្រោមយុទ្ធនាការ«ដេកផ្ទះ ឈ្នះឯង‍‍»។ ទីបំផុត អ្នកដេកផ្ទះមានតែគ្នាគាត់មួយដំបរស្វាដែលរត់ចោលស្រុកប៉ុណ្ណោះ ចំណែកឯពលរដ្ឋក្នុងស្រុករាប់ទាំងអ្នកធ្លាប់គាំទ្រអតីបក្សសង្គ្រោះជាតិផងបានចេញទៅបោះឆ្នោតភ្លូកទឹកភ្លូកដី ហើយបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដែលធ្វើឲ្យ គណបក្សរបស់លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែនបានឈ្នះយ៉ាងស្រួលដូចការហូបលតមិនបាច់ទំពារចឹង។

ទី៨៖ ចុងក្រោយនេះ បន្ទាប់ពីបូកលេខខុសតាមរយៈការធ្វើបក្សប្រហារទំលាក់កឹម សុខា ដែលជាការពុះជ្រៀកសាកសពអតីតបក្សប្រឆាំង សម រង្ស៊ី នៅតែគ្មានបញ្ញាហើយបូក លេខច្រឡំដដែល ហើយច្រឡំលើកនេះគឺរឹតតែធ្ងន់ធ្ងរ។ តាមពិត សម រង្ស៊ី គួរតែបើកផ្លូវលើកទឹកចិត្តឲ្យអ្នកនយោបាយដែលជាប់បម្រាមទទួលយកសិទ្ធិធ្វើនយោបាយវិញឲ្យបាន ច្រើនតាមដែលអាចធ្វើបានទោះជារូបគាត់មិនទាន់ទទួលបានសិទ្ធិក្តី ពីព្រោះ អ្នកនយោបាយទាំងនោះនឹងមានសិទ្ធិធ្វើសកម្មភាព ចុះជួបសកម្មជន អ្នកគាំទ្រតាមមូលដ្ឋាន ដើម្បីពង្រឹងស្មារតីអ្នកគាំទ្រជាពិសេសដើម្បីត្រៀមខ្លួនក្នុងការបោះឆ្នោតថ្នាក់មូលដ្ឋាននៅពេលខាងមុខ។ យ៉ាងហោចណាស់ក៏សកម្មជនអ្នកគាំទ្របានឃើញអ្នកនយោបាយ របស់ពួកគេអាចប្រាស្រ័យទាក់ទងគ្នាជាមួយពួកគេបានដែរ។ ប៉ុន្តែផ្ទុយទៅវិញ សម រង្ស៊ី បែរជា បង្ខាំងអ្នកទាំងអស់នោះអោយនៅក្នុងទ្រុងជាមួយគាត់ទាំងពេល ទ្វារបើកចំហ។ មិនតែប៉ុណ្ណោះ សម រង្ស៊ី បែរទៅជានិយាយថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បរាជ័យពីព្រោះគ្មានអ្នកណាមកទទួលសិទ្ធិធ្វើនយោបាយ? នេះជារឿងគួរឲ្យអស់សំណើច។ ចុះអ្នកនយោបាយអីក៏បញ្ញាអន់យ៉ាងនេះ?

សរុបទៅ ចំណុចទាំងប៉ុន្មានដូចបានលើកឡើងខាងលើនេះគឺជាឧទាហរណ៍ជាក់ស្តែងបំផុត និងត្រួសៗក្នុងចំណោមបញ្ហាជាច្រើនរាប់មិនអស់ដែល សម រង្ស៊ីសម្រេចចិត្តខុសដោយ សារតែបូកលេខច្រឡំ។ មកដល់ចំណុចនេះ ខ្ញុំនៅតែកោត សរសើរលោក គង់ គាំ ដែលធ្លាប់បានរួមរស់ជាមួយលោក សម រង្ស៊ី អស់ជាច្រើនឆ្នាំហើយចេះរកឃើញពាក្យបីម៉ាត់ មកពិពណ៌នា ពីលោកសម រង្ស៊ីថា ជាមនុស្ស «គិតមិនដែលត្រូវ យល់មិនដែលច្បាស់ ធ្វើមិនដែលកើត»។ គឺពិតជាមហាត្រឹមត្រូវហើយខ្ញុំសុំកត់ត្រាពាក្យបីម៉ាត់នេះទុកជា ពាក្យស្លោកសម្រាប់ពិពណ៌នាលោក សម រង្ស៊ី ជារៀង រហូត។ នេះហើយជាលទ្ធផលនៃនយោបាយបូកលេខច្រឡំរបស់លោក សម រង្ស៊ី៕

ដោយ៖ អ្នកតាមដាននយោបាយតុកាហ្វេ

To Top