សេដ្ឋកិច្ច & អចលនទ្រព្យ

KW Cambodia បង្ហាញផែនការថ្មី ក្នុងឆ្នាំ២០១៩

ភ្នំពេញ៖ លោកបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុនអចលនទ្រព្យដ៏ល្បី របស់អាមេរិកនៅកម្ពុជា Keller Williams Cambodia (KW Cambodia) បានបង្ហាញនូវបេសកកម្ម ថ្មីមួយទៀតហើយ សម្រាប់ឆ្នាំ២០១៩ ជុំវិញការចងសម្ព័ន្ធមិត្តជាមួយបណ្ដាលក្រុមហ៊ុនធំៗជាច្រើន ពិសេសក្រុមហ៊ុនអចលនទ្រព្យ ធានារ៉ាប់រង់ ផ្សារហ៊ុន និងក្រុមហ៊ុនលក់មាសជាដើម ដើម្បីពង្រឹងសក្ដានុពល ក្រៅពីការពង្រីកសាខា និងបណ្ដុះបណ្ដាលភ្នាក់ងារជាសមាជិកឲ្យបានច្រើន ។

ការថ្លែងបែបនេះ បានធ្វើឡើងក្នុងវគ្គបណ្ដុះបណ្ដាលការងារ និងជ្រើសរើសភ្នាក់ងារអចលនទ្រព្យរបស់ក្រុមហ៊ុន KW Cambodian នៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ កាលពីថ្ងៃសុក្រ ដោយមានអ្នកជំនាញផ្នែកអចលនទ្រព្យប្រមាណ ជាង ៥៥០នាក់ចូលរួម ក្រោមការធ្វើបទបង្ហាញរបស់វាគ្មិនល្បីៗជាច្រើន រួមមានវាគ្មិនមកពីសហរដ្ឋអាមេរិក, មីយ៉ាន់ម៉ា, ស្វីស, ចិន, តៃវ៉ាន់, ហុងកុង និងប្រទេសកម្ពុជាជាច្រើនរូប ដើម្បីចែករំលែកបទពិសោធន៍ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យដីធ្លី ដល់សាធារណជន ។

លោកបណ្ឌិត គីម ហ៊ាង មានប្រសាសន៍ថា «KW Cambodia ជាក្រុមហ៊ុននាំចូលពីអាមេរិក ហើយស្ដាយក្នុងការលក់ គឺលក់ទាំងរបស់ខ្លួនឯង និងលក់របស់អ្នកដទៃ ហើយលក់ចែកគ្នា ។ សព្វថ្ងៃក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនលក់ខ្លាំង គឺមានក្រុមអចលនទ្រព្យ ធានារ៉ាប់រង់ សារហ៊ុន និងក្រុមហ៊ុនលក់មាស សុទ្ធតែជាផលិតផលមិនអាចខ្វះបាន ដោយបុគ្គលម្នាក់ត្រូវការផលិត ទាំងនេះ ។ ចឹងយើងចង់បង្រៀនភ្នាក់ងាររបស់យើងឲ្យចេះលក់ទាំងរបស់ខ្លួនឯង និងរបស់អ្នកដទៃ នេះគឺជាគម្រោងយើងត្រូវដើរក្នុងឆ្នាំ២០១៩ ហ្នឹង» ។

បន្ថែមលើនេះ ក្រុមហ៊ុនក៏បង្ហើបពីគម្រោងធ្វើកិច្ចសហការជាមួយធនាគារ និងក្រុមហ៊ុនក្រៅស្រុកជាច្រើនទៀត ដើម្បីពង្រីកសក្ដានុពលរបស់ KW Cambodia និងជំរុញឲ្យភ្នាក់ងារ របស់ខ្លួនកាន់តែមានចំណេះ និងជំនាញ ហើយកាន់តែងាយស្រួលក្នុងការធ្វើអាជីវកម្មរបស់ខ្លួនផងដែរ ។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត គីម ហ៊ាង ។

គួរបញ្ជាក់ថា KW Cambodia ត្រូវបានលោកបណ្ឌិត គីម ហ៊ាង ចុះហត្ថលេខាទិញសិទ្ធិ Master Franchise ពីក្រុមហ៊ុនអចលនទ្រព្យអាមេរិក Keller Williams Realty (KW) យកមកប្រទេសកម្ពុជា ហើយគម្រោងសម្ពោធដំណើរការក្នុងប្រទេសកម្ពុជាផ្លូវការ នាពាក់កណ្ដាលខែមីនាខាងមុខ ៕

To Top