នយោបាយ

អ្នកនាំពាក្យគណៈបក្សកាន់អំណាចថា ទណ្ឌិត សម​ រង្ស៊ី ទទួលស្គាល់ភាពបរាជ័យរបស់ខ្លួនហើយ ក្រោយភ្លាត់មាត់ថា ចាញ់ល្បិចសម្តេចតេជោ

ភ្នំពេញ៖ លោក សុខ ឥសាន អ្នកពាក្យគណៈបក្សប្រជាជនកម្ពុជា ដែលជាគណៈបក្សកាន់អំណាច បានលើកឡើងថា ទណ្ឌិត សម​ រង្ស៊ី ទទួលស្គាល់ភាពបរាជ័យរបស់ខ្លួនហើយ ខណៈដែលទណ្ឌិត សម រង្ស៊ី បានធ្លោយមាត់ថាខ្លួន ត្រូវបានចាញ់ល្បិចសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ។

ការបកស្រាយបែបនេះ របស់ លោក សុខ ឥសាន តាមរយៈបណ្តាញសាអេឡិចត្រូនិក តេឡេក្រាម នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩នេះថា “ក្នុងការលោតចូលក្នុងឆាកនយោបាយ​ ជាងម្ភៃឆ្នាំកន្លងមកនេះ​ ទណ្ឌិត សម​ រង្ស៊ី បានទទួលបរាជ័យរហូត​ តែទណ្ឌិតរូបនេះ មិនដែលសារភាព ទទួលស្គាល់ការពិតឡើយ​ គឺនៅតែខ្លាំងនិងរឹងមាំរហូត​ ទោះបីអស់តួនាទី​អស់សមាជិកភាពបក្សក៏ដោយ ហើយត្រូវនីរទេសខ្លួន ទៅរស់នៅកណ្តោចកណ្តែង ឯក្រៅប្រទេសក្តី​” ។

អ្នកនាំពាក្យរូបនេះបន្តថា “ប៉ុន្តែទើបតែពេលនេះទេ ដែលទណ្ឌិតសម​  រង្ស៊ី ទទួលស្គាល់ការពិត នៃបរាជ័យរបស់ខ្លួន​ ដោយភ្លាត់មាត់ថា មកពីចាញ់ល្បិចសម្តេចតេជោហ៊ុន​ សែន​ ។ សួរថាកន្លងទៅទណ្ឌិតសម​ រង្ស៊ី ដែលប្រើល្បិចដែរប្ញទេ​ ? ទណ្ឌិតសម​ រង្ស៊ី ប្រើល្បិចរហូត​ តែល្បិតរបស់ទណ្ឌិតរូបនេះ ត្រូវសម្តេចតេជោ ហ៊ុន​ សែន វាយកម្ទេចបានជាដរាប​” ។

លោក សុខ ឥសានបន្ថែមថា “ជាធម្មតាក្នុងការប្រកួតប្រជែង​ ដៃគូប្រកួតតែងតែប្រើល្បិច និងក្បួនយុទ្ធសាស្ត្រ​ យុទ្ធវិធី ដើម្បីយកឈ្នះដៃគូ​ តែដៃគូណាមានប្រឡោះ
ប្រាកដជាត្រូវភាគីម្ខាងទៀត ស៊កចូលហើយ​ កុំបន្ទោសគេថា មានល្បិចឲ្យសោះ ​ត្រូវបន្ទោសខ្លួនឯងថា អន់ទើបត្រូវ​” ។

អ្នកពាក្យដដែលនេះ បន្ថែមថា “ដូច្នេះ​ ពាក្យទណ្ឌិត សម​ រង្ស៊ី ថាចាញ់ល្បិច សម្តេចតេជោ ហ៊ុន​ សែន ​គឺជាការទទួលស្គាល់បរាជ័យរបស់ខ្លួន យ៉ាងច្បាស់ក្រឡែត ​តែគ្រាន់តែទណ្ឌិត សម​ រង្ស៊ី ជាមនុស្សកំសាក ​មិនហ៊ានទទួលយកលទ្ធផល នៃបរាជ័យរបស់ខ្លួនប៉ុណ្ណោះ​ បានជនៅតែថាខ្លាំង ដើម្បីបិទបាំងការបរាជ័យរបស់ខ្លួន”​៕

To Top