អន្តរជាតិ

ហ្វីលីពីន ប្រកាសឈប់ទិញអាវុធ​ ពីអាមេរិក

ម៉ានីល៖ លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទ័រតេ បានប្រកាសថា ហ្វីលីពីននឹងលែងទិញអាវុធ និងសម្ភារៈយោធាពីសហរដ្ឋអាមេរិក ដោយសារការរិះគន់យុទ្ធនាការ របស់រដ្ឋាភិបាលក្រុងម៉ានីល ប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ ។

យោងតាមសារព័ត៌មាន Philstar ចេញផ្សាយកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ បានឲ្យដឹងថា នៅក្នុងសុន្ទរកថាមួយនៅ ចំពោះមុខទាហាននៅកោះ Bulacan លោកប្រធានាធិបតីបានរំលឹក ពីរបៀបដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានដាក់សម្ពាធលើទីក្រុងម៉ានីល ដោយសារតែការរំលោភ សិទ្ធិមនុស្សរបស់លោក ឌូទ័រតេ ។

លោកក៏បានលើកឡើងនូវបញ្ជាថ្មី របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលហាមឃាត់ប្រទេសនានា មិនឱ្យចូលក្នុងកិច្ចព្រមព្រៀង អាវុធជាមួយចិន ឬរុស្ស៊ី។ លោកថា «ខ្ញុំនឹងមិនយល់ស្រប ក្នុងការទិញនោះទេ» ។

មន្ត្រីការពារជាតិអាម៉េរិកមួយរូប បានព្រមានប្រទេសហ្វីលីពីន កាលពីខែសីហាឆ្នាំមុន ប្រឆាំងនឹងការទិញ អាវុធពីប្រទេសរុស្ស៊ី ដោយនិយាយថា វាប្រហែលជាមិនមែនជារឿង ដ៏មានប្រយោជន៍សម្រាប់ សម្ព័ន្ធភាពហ្វីលីពីននោះទេ។ សហរដ្ឋអាមេរិក និងអតីតអាណានិគមរបស់ខ្លួនគឺហ្វីលីពីន គឺជាសម្ព័ន្ធមិត្តដែលមានសន្ធិសញ្ញា ៕

ប្រែសម្រួលៈ ណៃ តុលា

To Top