នយោបាយ

កម្ពុជា ប្រាប់ អតីតនាយករដ្ឋមន្ត្រី អៀកឡង់ ថា សហគមន៍អឺរ៉ុប មិនគួរយកបញ្ហា EBA ធ្វើជាចំណាប់ខ្មាំង នោះទេ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រាប់ទៅកាន់លោក អេនដា ផាទ្រីក ខេននី (Enda Patrick Kenny) សមាជិកសភា និងជាអតីតនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋអៀកឡង់ ថាសហគមន៍អឺរ៉ុប មិនគួរប្រព្រឹត្តកំហុស ជាលើកទីបី នៅកម្ពុជានោះទេ ជាពិសេសមិនត្រូវយកបញ្ហា EBA ធ្វើជាចំណាប់ខ្មាំង ដាក់ការគាប់សង្កត់ មកលើកម្ពុជានោះទេ ។ នេះបើយោងតាមAKP ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានប្រាប់អ្នកសារព័ត៌មាន ក្រោយជំនួបរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងលោក អេនដា ផាទ្រីក ខេននី (Enda Patrick Kenny) សមាជិកសភា និងជាអតីតនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋអៀកឡង់ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩នេះ ថាលោក អេនដា បានជម្រាបជូន សម្តេចថា ដំណើរទស្សនកិច្ច របស់លោកមកកាន់ ព្រះរាជាណាចក្រកម្ពុជា នៅពេលនេះឆ្លើយតបនឹង ការអញ្ជើញ របស់លោកបណ្ឌិត ហារុ ហ៊ីហ្សាហាន់ដា ដែលបានអញ្ជើញលោក មកចូលរួមក្នុងគម្រោងពាក់ព័ន្ធ វិស័យអប់រំផង និងវិស័យដទៃទៀត ។ ឆ្លៀតក្នុងឱកាសនេះ លោកក៏បានគោរពស្នើសុំ សម្ដេចតេជោនាយករដ្ឋមន្រ្តី ស្វែងយល់អំពីទំនាក់ទំនង រវាងកម្ពុជានិងសហគមន៍អឺរុប។

ជាការឆ្លើយតបសម្ដេចតេជោ បានស្វាគមន៍និងសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដែលលោកអេនដា បានអញ្ជើញមករាជាណាចក្រកម្ពុជា ចូលរួមជាមួយគម្រោង របស់លោកបណ្ឌិតហាន់ដា ពាក់ព័ន្ធនឹងវិស័យអប់រំ ដែលជាវិស័យអាទិភាព របស់ព្រះរាជាណាចក្រកម្ពុជា ។

ឆ្លៀតឱកាសនោះដែរ សម្តេចក៏បានថ្លែងអំណរគុណ ដល់លោកបណ្ឌិតហាន់ដា ដែលបានជួយដល់កម្ពុជា លើវិស័យអប់រំនេះជាពិសេសផ្ដល់នូវ អាហារូបករណ៍ជាច្រើន ឲ្យនិស្សិតបានសិក្សា នៅសាកលវិទ្យាល័យកម្ពុជា ហើយក៏បានថ្លែងអំណរគុណ ជូនលោកបណ្ឌិតហាន់ដាដែរ ចំពោះគំរោងដទៃទៀត ដែលលោកមាន។ ជាមួយគ្នានេះ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណផងដែរ ដល់សាធារណរដ្ឋអៀរឡង់ ដែលបានជួយដល់កម្ពុជា ជាពិសេសក្នុងការផ្ដល់ជំនួយ លើវិស័យកាត់ទោស អតីតមេដឹកនាំខ្មែរក្រហម។

ពាក់ព័ន្ធនឹងទំនាក់ទំនង រវាងកម្ពុជានិងសហគមន៍អឺរ៉ុប, សម្ដេចតេជោ បានជម្រាបជូនអំពីប្រវត្តិកម្ពុជា ជាសង្ខេប ដល់លោកអេដា ហើយក៏បានជម្រាបជូន លោកអេដាផងដែរថា សហគមន៍អឺរ៉ុប មិនគួរប្រព្រឹត្តិកំហុសជាលើកទីបីទេ។ សម្តេចថា កំហុសទីមួយនោះ គឺការគាំទ្រការផ្ដួលរំលំ ព្រះករុណា សម្ដេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដិ ដែលជារាជរដ្ឋាបាលស្របច្បាប់មួយ, កំហុសទី២នោះ គឺការគាំទ្រខ្មែរក្រហម នៅអង្គការសហប្រជាជាតិជាង១២ឆ្នាំ នៅពេលដែលខ្មែរក្រហម បានសម្លាប់ប្រជាជនខ្មែរ អស់រាប់លាននាក់ និងកំហុសទី៣ គឺការប្រើប្រាស់ប្រព័ន្ធអនុគ្រោះពន្ធ គ្រប់ប្រភេទលើកលែងតែអាវុធ (EBA) ពីសហគមន៍អឺរ៉ុប មកគំរាមកំហែងដាក់​ទណ្ឌកម្មលើកម្ពុជា ដក EBA ពីកម្ពុជា ដោយយកប្រជាជនកម្ពុជា ជាង១៦លាននាក់ ធ្វើជាចំណាប់ខ្មាំង នៃអ្វីដែលហៅថា EBA នេះ។

សូមរំលឹកថាក្រោយពីប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបដែលមាននិន្នាការ ប្រឆាំងរាជរដ្ឋាភិបាល ទីក្រុងភ្នំពេញបណ្ដាក់គ្នា គ្រោងដាក់គំនាបផ្នែកសេដ្ឋកិច្ច លើប្រទេសកម្ពុជានោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានដាក់ចេញវិធានការ ធ្វើកំណែទម្រង់ស្ថាប័នពាក់ព័ន្ធ នៅតាមច្រកព្រំដែនដែលជាកន្លែងនាំចេញនាំចូល ដ៏សំខាន់ដើម្បីសម្រួលការលំបាក​របស់ពាណិជ្ជករធ្វើយ៉ាងណាធានាឲ្យ សេដ្ឋកិច្ចកម្ពុជារស់ដោយឯករាជ្យ មិនពឹងផ្អែកលើការអនុគ្រោះពន្ធពីអន្តរជាតិ។

សម្ដេចនាយករដ្ឋមន្រ្តីក្នុងពិធី ជួបសំណេះសំណាល និងពិសារបាយសាមគ្គីជាមួយអ្នកព័ត៌មាន ៤,៥០០ពាន់នាក់ ដែលមកពីស្ថាប័នផ្សេងៗ នៅល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ បានបញ្ជាឲ្យដកស្ថាប័ននិងអង្គភាព ពាក់ព័ន្ធមួយចំនួនដែលរាំងស្ទះដល់ការនាំទំនិញ ចេញចូលតាមច្រកព្រំដែន ដោយរក្សាទុកតែមន្រ្តីនគរបាលអន្តោប្រវេសន៍ និង មន្រ្តីគយនៅគ្រប់ច្រកព្រំដែនទាំងអស់។

សម្ដេចនាយករដ្ឋមន្រ្តីដាក់ចេញវិធានការ កែទម្រង់វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មបែបនេះ ក្រោយពីសហភាពអឺរ៉ុបគម្រាម ដកប្រព័ន្ធអនុគ្រោះពន្ធ គ្រប់ប្រភេទលើកលែង តែអាវុធនោះ(EBA) និងស្របពេលដែលលោក Ted Cruz និងលោក Chris Coons បានដាក់ស្នើ សេចក្តីព្រាងច្បាប់ថ្មីមួយ កាលពីថ្ងៃទី៩ មករា ដែលមានឈ្មោះថា “ច្បាប់ពាណិជ្ជកម្មកម្ពុជាឆ្នាំ២០១៩‍” ដើម្បីតម្រូវឲ្យរដ្ឋបាល លោកប្រធានាធិបតី ដូណាល់ ត្រាំ ធ្វើការពិនិត្យមើលឡើងវិញ ឋានៈអនុគ្រោះពន្ធទូទៅ ដែលអាមេរិកបានផ្តល់ឲ្យកម្ពុជា។

ប៉ុន្តែទោះជាយ៉ាងណា អ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានអះអាងថាកម្ពុជាមិនចាប់អារម្មណ៍ ចំពោះ សមាជិកព្រឹទ្ធសភា សហរដ្ឋអាមេរិកពីររូបខាងលើ ដែលបានស្នើឲ្យ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ពិនិត្យប្រព័ន្ធអនុគ្រោះពន្ធទៅ (GSP) ដែលបានផ្ដល់ឲ្យកម្ពុជា តាំងពីឆ្នាំ១៩៩៧។

គួរបញ្ជាក់ថាកម្ពុជាទទួលបានពន្ធអនុគ្រោះ GSP ក្នុងឆ្នាំ១៩៩៧ ហើយបាននាំទំនិញ ក្រោមកម្មវិធីចូលអាមេរិក ចំនួន១៩៧លានដុល្លារ ត្រឹមឆ្នាំ២០១៦។ អាមេរិកបានសម្រេច ពន្យារពន្ធអនុគ្រោះ GSP ដល់កម្ពុជាកាលពីខែមេសា ឆ្នាំ២០១៨ ៕

To Top