នយោបាយ

GMAC គាំទ្ររាជរដ្ឋាភិបាលកម្ពុជា លើសារព្រមានថា រោងចក្រប្រមាណ៨០០នឹងបិទទ្វារ បើកម្មករទាមទារបើកប្រាក់ អតីតភាពការងារសរុប នៅខែមករានេះ

ភ្នំពេញ៖សមាគមរោងចក្រកាត់ដេរ នៅកម្ពុជា (GMAC) បានសម្ដែងការគាំទ្រ ចំពោះប្រមុខ រាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើការព្រមាន ពីហានិភ័យអត់ការងារធ្វើ ដោយអាចមានរោងចក្រប្រមាណ ៨០០រោងចក្រ ប្រឈមនឹងការបិទទ្វារក្ស័យធុន ប្រសិនបើមេសហជីពមួយចំនួន បន្តញុះញង់ឲ្យកម្មករធ្វើបាតុកម្ម កូដកម្ម ទាមទារបើកប្រាច់អតីតភាពការងារសរុបតែម្ដង ឲ្យអស់នៅខែមករាឆ្នាំ២០១៩នេះ។

សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយ កម្មករជិត២ម៉ឺននាក់ នៅខេត្តតាកែវកាលពីថ្ងៃទី៩ ខែ មករា បានលើកឡើងថា ក្នុងឆ្នាំ២០១៨ រាជរដ្ឋាភិបាលបញ្ចេញថវិកា ប្រមាណ២២លានដុល្លារ ដោះស្រាយបញ្ហាប្រាក់អតីតភាពការងារ និងរោងចក្រដែលថៅកែរត់ចោល ប្រសិនបើកម្មករ នៅតាមបណ្ដារោងចក្រចំនួន៦ បន្តធ្វើការតវ៉ាទាមទារ បើប្រាក់បំណាច់អតីតភាពការងារ ឲ្យអស់នៅខែមករា ឆ្នាំ ២០១៩នេះ។

សម្ដេចនាយករដ្ឋមន្រ្តី បានថ្លែងបញ្ជាក់ថា “ពូអត់នឹកដល់ថា ស្រាប់តែមានរោងចក្រ ប្រហែលជា៦រោងចក្រ នៅទីក្រុងភ្នំពេញ៣ តាកែវ២ និងកំពង់ស្ពឺ១ បែរជាសុំទូទាត់នៅខែមករាផ្ដាច់តែម្ដងឥឡូវ ពូសុំសួរត្រឡប់ទៅវិញ តើទុកឲ្យរោងចក្រនេះក្ស័យធុន តាមរយៈប្រមូលទុនទាំងអស់ យកមកបើកឲ្យកម្មករតែ ក្នុងមួយពេលរួចហើយបិទរោងចក្រ ឬយ៉ាងណា? ក្មួយៗពិចារណាមើលទៅ! បើធ្វើដូចនេះ រោងចក្រមួយប្រទេសរបស់យើង នឹងត្រូវបិទទ្វារ អាចថាបិទទ្វារ២ភាគ៣”។

សម្ដេចតេជោក៏បានអំពាវនាវ ឲ្យមេសហជីពដែលកំពុងដឹកនាំកម្មករ ធ្វើកូដកម្មត្រូវបញ្ឈប់ សកម្មភាពជ្រុលនិយមជា បន្ទាន់ផងដែរ។ ប្រមុខរាជរដ្ឋាភិបាល បានថ្លែងសង្កត់ធ្ងន់ថា “សុំអំពាវនាវសហជីពដឹកនាំកម្មករ ធ្វើបាតុកម្មកូដកម្មទៅលើបញ្ហានេះ បញ្ឈប់ជាបន្ទាន់នូវសកម្មភាព ដែលជ្រុលនិយម។ ការខាតបង់បែបនេះ មិនគួរឲ្យកើតមាន សម្រាប់ពលរដ្ឋរបស់យើងទេ ជាពិសេសក្នុងចំណោមកម្មករ កម្មការិនីរបស់យើង ដែលធ្លាប់ទទួលប្រាក់ជាប្រចាំ។ ពូប៉ាន់ស្មានរោងចក្រ មិនតិចជាង២ភាគ៣ យើងនឹងត្រូវអស់រោងចក្រប្រហែលជា ឥឡូវយើងមាន១១៥៩ រោងចក្រអាចនឹងអស់៨០០រោងចក្រ បើអីចឹងកម្មករកម្មការិនីរបស់យើង នឹងអត់មានការងារធ្វើទេនេះ មិនមែនជាគ្រាប់អនុគ្រោះ ដែលអ្នកដទៃគេថា យកគ្រាប់អនុគ្រោះមកបាញ់កម្មករខ្មែរនោះទេ តែយើងជាអ្នកបង្កើតដោយខ្លួនឯង”។

ទាក់ទិនករណីខាងលើនេះ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានចេញលិខិតថ្លែងអំណរគុណ និងការដឹងគុណយ៉ាងជ្រាលជ្រៅភ្លាម” ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានថ្លែង ពន្យល់ណែនាំបន្ថែម យ៉ាងលម្អិតដល់បងប្អូនកម្មករ និយោជិត ពាក់ព័ន្ធនឹង ការអនុវត្តឲ្យបានត្រឹមត្រូវ តាមគោលការណ៍ នៃប្រកាសលេខ៤៤៣ ស្តីពីការទូទាត់ប្រាក់ បំណាច់អតីតភាពការងារ ដែលចេញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

យោងតាមលិខិតរបស់ GMAC បានបញ្ជាក់ថា “សមាគមសូមគាំទ្ររាជរដ្ឋាភិបាល និងខិតខំបន្តនូវ កិច្ចសហការផ្នែកវិនិយោគ ឲ្យកាន់តែរឹងមាំបន្ថែមទៀត សំដៅធានាឲ្យបាននូវកំណើនសេដ្ឋកិច្ចជាតិ និងការលើកកម្ពស់សុខុមាលភាព របស់ប្រជាពលរដ្ឋកម្ពុជាទូទៅ”។

GMACសង្ឃឹមយ៉ាងមុតមាំថា ប្រសាសន៍ពន្យល់ណែនាំ ដ៏មានសារសំខាន់នេះ បានធ្វើឲ្យបងប្អូនកម្មករ និយោជិត បានយល់ច្បាស់ អំពីលក្ខខណ្ឌហិរញ្ញវត្ថុរបស់រោងចក្រ និងបានយល់ច្បាស់ពីគោលការណ៍ច្បាប់ ដែលត្រូវអនុវត្តដែលនាំ ឲ្យចៀសវាងបាននូវការទាមទារ មិនសមស្របនានាក្រោមការញ៉ុះញង់ របស់សហជីព និងសកម្មជនទុច្ចរិតមួយចំនួនតូច។ ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ក៏បានលើកកម្ពស់ស្មារតី និងជំនឿចិត្តរបស់បងប្អូនកម្មករនិយោជិត លើការងាររបស់ពួកគេ លើម្ចាស់រាងចក្រក៏ដូចជា លើរាជរដ្ឋាភិបាលផងដែរ។

GMACបញ្ជាក់បន្ថែមថាប្រសាសន៍ដ៏មានតម្លៃនេះ បានបង្ហាញនូវការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចជាប្រមុខ លើការបង្កើតឲ្យមានបរិយាកាសវិនិយោគទូទៅមួយ កាន់តែប្រសើរបើនិយាយជារួម និងលើការធ្វើឲ្យមានសុខុដុមនីយកម្ម ទំនាក់ទំនងវិជ្ជាជីវៈនិងសន្តិភាព នៅកន្លែងការងារ ដែលជាលក្ខខណ្ឌមិនអាចខ្វះបាន សម្រាប់ស្ថិរភាពផលិតកម្ម សំដៅធានាបាននូវការផ្គត់ផ្គង់ទំនិញ ទាន់ពេលវេលាដល់អ្នកបញ្ជាទិញ បើនិយាយដោយឡែក។

សកម្មភាពនេះ រួមទាំងការធ្វើកំណែទម្រង់ថ្មីៗបន្ថែមទៀត ដែលបានដាក់ចេញ និងអនុវត្តចាប់ពីដើមឆ្នាំ២០១៩នេះតទៅ មានជាអាទិ៍ការបញ្ចុះថ្លៃអគ្គិសនី សម្រាប់ការប្រើប្រាស់ឧស្សាហកម្ម ពីកម្រិត ០,១៦៥ដុល្លារ មកនៅត្រឹម ០,១៤៧ដុល្លារ ក្នុងមួយគីឡូវ៉ាត់ម៉ោង និងកិច្ចសម្រួលពាណិជ្ជកម្ម ជាក់ស្តែងការធ្វើសាមញ្ញកម្មនីតិវិធី និងការកាត់បន្ថយកម្រៃសេវាសាធារណៈ លើការនាំចេញពាក់ព័ន្ធ នឹងការស្នើសុំវិញ្ញាបនបត្រ បញ្ជាក់ប្រភពដើមទំនិញជាដើម រួមទាំងគោលនយោបាយផ្សេងៗទៀត ដែលមានចែងនៅក្នុង សេចក្តីព្រាងគោលនយោបាយ យុទ្ធសាស្រ្ត២០១៨-២០២៥ សម្រាប់វិស័យកាត់ដេរ ទាំងអស់នេះបានផ្តល់នូវទំនុកចិត្ត ផ្នែកវិនិយោគកាន់តែខ្ពស់ ក្នុងចំណោមវិនិយោគិនបច្ចុប្បន្ន និងវិនិយោគិនសក្តានុពល ជាច្រើនទៀត៕

To Top