ព័ត៌មានជាតិ

ឆ្នាំ២០១៨ តាមការប៉ាន់ស្មាន កំណើនសេដ្ឋកិច្ចកម្ពុជាអាចក្នុងរង្វង់៧.៣%

ភ្នំពេញ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា នៅឆ្នាំ២០១៨ តាមការប៉ាន់ស្មានជាបឋម អត្រាកំណើនសេដ្ឋកិច្ចរបស់កម្ពុជា អាចនឹងសម្រេចបានក្នុងរង្វង់៧.៣% ដូច្នេះកំណើននេះ ទទួលបានមកពីការកើនឡើងនៃវិស័យសំណង់។

ក្នុងពិធីបិទសន្និបាទបូកសរុបការងាររបស់ក្រសួងសាធារណការ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច បានថ្លែងថា រយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ កម្ពុជារក្សាបានស្ថានភាពម៉ាក្រូសេដ្ឋកិច្ចល្អប្រសើរ និងសម្រេចបាននូវកំណើនប្រចាំឆ្នាំជាមធ្យមក្នុងរង្វង់៧.៧%។

លោកបន្តថា កម្ពុជាបានចាកចេញពីឋានៈជាប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបក្នុងឆ្នាំ២០១៥ ព្រមទាំងត្រូវបានចាត់ទុកថាជា “ខ្លាសេដ្ឋកិច្ច ថ្មីនៅអាស៊ី” ក្នុងឆ្នាំ២០១៦ ។

លោក អូន ព័ន្ធមុនីរ័ត្ន មានប្រសាសន៍ថា “ក្នុងឆ្នាំ២០១៨នេះ តាមការប៉ាន់ស្មានជាបឋមអាត្រាកំណើនសេដ្ឋកិច្ចរបស់កម្ពុជា អាចនឹងសម្រេចបានក្នុងរង្វង់ ៧.៣% ។កំណើនេះ ទទួលបានពីការកើនឡើងដ៏រឹងមាំនៃវិស័យសំណង់ ។ ការកើនឡើងជាងការរំពឹងទុកនៃវិស័យកាត់ដេរ ការងើបឡើងនៃវិស័យទេសចរណ៍ ការកើនឡើងខ្ពស់នៃវិស័យលក់ដុំ-លក់រាយ គួបផ្សំនឹងកំណើនល្អនៃវិស័យទូរគមនាគមន៍ និងដឹកជញ្ជូន”។

លោកបន្ថែមថា ឈរលើមូលដ្ឋាននៃលទ្ធផលដែលសម្រេចបានដ៏រឹងមាំខាងលើនេះ កម្ពុជាបានកំណត់បំណងប្រាថ្នា របស់ខ្លួនកាន់តែខ្ពស់ជាងមុន ក្នុងការប្រែក្លាយខ្លួនទៅជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ និងទៅជាប្រទេសមានចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០។

ពាក់ព័ន្ធនឹងក្រសួងសាធារណការវិញ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានលើកឡើងដែរថា ការងារសម្រាប់ឆ្នាំ២០១៩នេះ ជាឆ្នាំត្រូវជំរុញទ្វេដងក្នុងការផ្តល់សេវាសាធារណៈ ស្របតាមអនុសាសន៍ណែនាំរបស់រាជរដ្ឋាភិបាល។

លោកបញ្ជាក់ថា ផែនការគម្រោងសំខាន់ៗសម្រាប់ឆ្នាំ២០១៩ រួមមាន៖ សេចក្ដីព្រាងអនុក្រឹត្យស្តីពីផ្លាកលេខពិសេសរថយន្ត សំដៅប្រមូលថវិកាជូនរដ្ឋផ្តល់ជម្រើសងាយ ស្រួលដល់ម្ចាស់កម្មសិទ្ធិយានយន្ត និងពង្រឹងការគ្រប់គ្រងយានយន្ត គម្រោងកាត់បន្ថយអត្រានៃការរងរបួសធ្ងន់ធ្ងរឲ្យបាន៥០% ត្រឹមឆ្នាំ២០២០និងការបង្កើតក្រុមការងារ ត្រួតពិនិត្យរថយន្តដឹកជញ្ជូនទំនិញ តាមគោលដៅកំពង់ផែស្វយ័តដើម្បីទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ជាដើម៕

ដោយ៖ អេង ប៊ូឆេង

To Top