ព័ត៌មានជាតិ

Rolls-Royce សម្រេច​បាននូវកំណត់ត្រា​ អាជីវកម្ម​ជា​ប្រវត្តិសាស្ត្រ​ ហ្គោដវូដ

ភ្នំពេញ៖​ ក្រុមហ៊ុន​រថយន្ត Rolls-Royce Motor Cars ​ក្នុង​ឆ្នាំ២០១៨​ បានលក់​រថយន្ត​ក្នុង​ ចំនួន​ច្រើន​បំផុត​​ក្នុង​ប្រវត្តិសាស្ត្រ​រយៈពេល ១១៥ឆ្នាំ​ របស់ក្រុមហ៊ុន ដោយ​ក្នុងនោះ​រថយន្ត​ចំនួន ៤,១០៧គ្រឿង​ ត្រូវ​បានប្រគល់ទៅ​ឲ្យ​អតិថិជន​​ នៅ​ក្នុង​បណ្ដា​ប្រទេសជាង ៥០នៅទូទាំងពិភព​លោក ហើយ​ក្រុមហ៊ុន​នៅតែ​បន្ត​រួមចំណែក ជា​វិជ្ជមាន​ដល់​ភាគហ៊ុននិក ​​របស់ខ្លួនគឺសម្ព័ន្ធក្រុមហ៊ុន BMW Group។

នៅក្នុង​ឆ្នាំ២០១៨ ដែល​មានការ​សម្រេ​ច​បាន នូវ​កំណត់​ត្រា​ជា​ច្រើននោះ ក្រុមហ៊ុន​ប្រណីតជាង​គេ​បំផុត ​របស់ពិភព​លោក​នេះ ក៏មើលឃើញពី​តម្រូវការ​​​​ឲ្យ​ច្នៃ​រថយន្ត​បែប Bespoke ក្នុង​ចំនួន​ច្រើនពុំ​ធ្លាប់មាន​ពីមុន​មកដែរ ហើយ​ក្រុមហ៊ុនថែមទាំង​ បាន​ចាប់ផ្ដើម​បញ្ចេញ​លក់​រថយន្ត Cullinan ដែលជាម៉ូដែលរថយន្ត SUV ថ្មីសន្លាងពី Rolls-Royce ដោយមានការ​កោត​សរ​សើរ​ជាអន្តរជាតិ។

ឆ្លើយ​តប​ទៅនឹង​លទ្ធផល​ប្រតិបត្តិការ ​របស់ក្រុមហ៊ុន​សម្រាប់​ឆ្នាំ២០១៨ លោក Torsten Müller-Ötvös នាយក​ប្រតិបត្តិក្រុមហ៊ុន​រថយន្ត Rolls-Royce Motor Cars បាន​ថ្លែងថា៖ “២០១៨​ ជា​ឆ្នាំ​បំបែក​កំណត់​ត្រា និង​​ជោគជ័យ​បំផុត​​សម្រាប់​រថយន្ត Rolls-Royce​ យើង​បាន​មើលឃើញ​កំណើននៃការលក់​​នៅ​គ្រប់តំបន់ ទាំងអស់​ទូទាំង​ពិភព​លោក​ នៅក្នុង​ក្រុមហ៊ុន​រថយន្ត Rolls-Royce យើងពិត​ជាមាន​ការ​ផ្ដោត ការ​យក​ចិត្តទុកដាក់​​ឲ្យ​បាន​ហ្មត់ចត់លើ​គ្រប់អតិថិជន​ម្នាក់ៗ​ ហើយតម្រូវ​តាម​ការ​ រំពឹងទុក​របស់ពួកគាត់ ។ រោង​ចក្រ​រថយន្ត Rolls-Royce នៅទីក្រុង Goodwood ត្រូវ​បានទទួលស្គាល់ និង​សាទរ​ថាជា​ មជ្ឈមណ្ឌល​សកល​មួយ សម្រាប់​ភាព​ល្អ​ឥត​ខ្ចោះ​ផ្នែក​ ផលិតកម្ម​ទំនិញ​ប្រណីត​”។

កំណើន​នៃការ​លក់ទូទាំងពិភព​លោក​ ក្នុង​ឆ្នាំ២០១៨ ទ្វីបអាមេរិក​នៅតែជា​ទីផ្សារ​ ធំបំផុត​របស់​ក្រុមហ៊ុន​រថយន្ត Rolls-Royce។ ទន្ទឹម​នឹង​នេះ​ការ​លក់​ក៏បាន​កើនឡើង​នៅគ្រប់តំបន់ទាំងអស់​ នៅ​ក្នុង​ឆ្នាំ២០១៨​ ដោយ​តម្រូវការ​ពីអតិថិជន ​មានការ​កើនឡើង​ សម្រាប់​រថយន្តគ្រប់ម៉ូដែល។ Phantom គឺជា​ម៉ូដែលសំខាន់ដែលជំរុញ​ ដល់​កំណើន​នៃការលក់ អម​ដោយ​ម៉ូដែល Wraith និង Dawn ដែលទំនើបទាន់សម័យ និង​មានភាពទាក់ទាញ។

ក្នុង​ឆ្នាំ២០១៨​ ហត្ថករ​ជំនាញ​របស់ Rolls-Royce បាន​ច្នៃ​រថយន្ត​សម្រាប់អតិថិជន​ ដែល​មាន​មហិច្ឆិតា​ខ្លាំង​បំផុត​ ពុំ​ធ្លាប់មានពីមុន​មក​ឡើយ​នៅ​ឯមូលដ្ឋាន​របស់ក្រុមហ៊ុន​នៅ Goodwood ដែលធ្វើ​ឲ្យ​ទឹកដៃដ៏អស្ចារ្យ​​ផ្នែក​រចនាម៉ូត​ វិស្វកម្ម និង​វត្ថុធាតុ​ដើម ក៏ដូចជា​វិធីសាស្ត្រ​ក្នុងការ​ផលិត​ បាន​កើនឡើងមួយកម្រិតទៀត​ ទាំង​ផ្នែក​បច្ចេកទេស​ និង​សោភណ័ភាព។

កំណើនប្រកប​ដោយចីរភាពដើម្បី បំពេញតាម​កំណើន​តម្រូវ ការ​ផលិតផល​រថយន្ត Rolls-Royce នៅទូទាំងពិភព​លោក ក្នុង​ឆ្នាំ 2018 ក្រុមហ៊ុន​រថយន្ត Rolls-Royce Motor Cars បានផ្ដល់ការងារ​ដល់​មនុស្ស​ចំនួន 200នាក់បន្ថែមទៀត ដែលភាគ​ច្រើន​សម្រាប់​មុខ ​តំណែង​ផលិតកម្មជំនាញ។ មុខ​តំណែងថ្មីទាំងនេះ បានធ្វើ​ឲ្យ​កម្លាំងពលកម្ម​សរុប​​ នៅ​ក្នុង​​រោង​ចក្រ​របស់​រថយន្ត Rolls-Royce កើនឡើងដល់ជាង 2000 នាក់​ ជាលើក​ដំបូង​តាំង​ពី​រោង​ចក្រ​ របស់ខ្លួន​បាន​បើក​ទ្វារ​នៅឆ្នាំ២០០៣។

ក្នុងពេលនោះដែរ កម្មវិធីហាត់ការ​ដែលទទួល បានជោគជ័​យយ៉ាង​ខ្លាំង​របស់ ក្រុមហ៊ុន​ក៏បានទទួល ​យក​អ្នក​ហាត់ការថ្មីៗចំនួន ២៣នាក់ ដែលជាចំនួន​ច្រើនបំផុត ពុំធ្លាប់មានពីមុន​មកឡើយ។ កម្មវិធីនេះ​ត្រូវ​បាន​ដាក់​ឲ្យ​អនុវត្ត ​ក្នុង​ឆ្នាំ២០០៦ ហើយចាប់តាំងពីពេលនោះមក អ្នក​ហាត់ការជាង ១០០នាក់ហើយ ដែលបាន​ទទួល​ជោគ​ជ័យ​ក្នុង ការ​អភិវឌ្ឍខ្លួនពី​អ្នក​ថ្មីសន្លាង​ រហូតក្លាយជា​អ្នកជំនាញ​ខ្ពស់ ប្រកប​ដោយទំនុក​ចិត្ត ហើយ​ភាគ​ច្រើន​​បំផុត​បានបន្ត បម្រើការងារ​ជាមួយនឹង​ក្រុមហ៊ុន​នៅឡើយ ដោយ​ក្នុងនោះ ​មាន​មនុស្ស​ជា​ច្រើន​ដែល​ បាន​កាន់តួ​នាទីផ្នែក​បច្ចេកទេស​ជាន់ខ្ពស់ និង​ជា​ប្រធានដឹកនាំ។

ប្រព័ន្ធ​ចង្វាក់​​ផលិតកម្ម​ទោល​ នៅឯ​រោង​ចក្រ​​ក្នុងទីក្រុង Goodwood ត្រូវ​បាន​ដំឡើង​ក្នុង​ឆ្នាំ២០១៧ ហើយ​ប្រព័ន្ធ​នេះបាន​ទទួលជោគជ័យទាំង​ស្រុងសម្រាប់​ប្រតិបត្តិការ​ ពេញមួយឆ្នាំ​របស់ខ្លួន។ នៅឆ្នាំនេះ​មានការ​សម្រិត​សម្រាំង​ បន្ថែមទៀត​​ទៅលើ​ឋាបនភ័ណ្ឌ​ ឧបករណ៍ និង​ដំណើរការ​ផលិតកម្ម ដើម្បីបង្កើន​ប្រសិទ្ធភាព​ផលិតកម្ម និង​ធានា​ឲ្យ​បាន​នូវ​គុណភាព​​ ក្នុង​កម្រិត​ខ្ពស់​បំផុត តាម​សេចក្តីត្រូវការ ​របស់អតិថិជន​រថយន្ត Rolls-Royce ៕

ដោយ​៖ ឈូក​ បូរ៉ា

To Top