ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ចាត់វិធានការ ម្ចាស់គណនីហ្វេសប៊ុក ផ្សព្វផ្សាយឱសថបំប៉ន ផ្លូវភេទ បុរសខុសច្បាប់

ភ្នំពេញ ៖ បន្ទាប់ពីឃើញម្ចាស់ អាខោនហ្វេសប៊ុកមួយចំនួន បាននឹងកំពុងផ្សព្វផ្សាយ លក់ផលិតផលឱសថបំប៉ន ផ្លូវភេទបុរសឈ្មោះ AIDE FORTE គ្មានអាសយដ្ឋានច្បាស់លាស់ គ្មានក្រុមហ៊ុននាំចូលត្រឹមត្រូវ គ្មានការចុះបញ្ជី គ្មានការត្រួតពិនិត្យគុណភាព និងគ្មានការអនុញ្ញាតឲ្យផ្សព្វផ្សាយ ពីក្រសួងសុខាភិបាលនោះ ក្រសួងនឹងមានវិធានការ តាមផ្លូវច្បាប់យ៉ាងតឹងរឹង ចំពោះម្ចាស់អាខោនហ្វេសប៊ុកទាំងនោះ ។

យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងសុខាភិបាល បានឲ្យដឹងថា ដើម្បីជៀសវាង ការខាតបង់ប្រាក់កាស និងប៉ះពាល់សុខភាព ឬឈានដល់បាត់បង់អាយុជីវិត (ដោយសារការគាំងបេះដូង) របស់អ្នកប្រើប្រាស់ ក្រសួងអំពាវនាវពលរដ្ឋទូទាំងប្រទេស ឈប់ប្រើប្រាស់ផលិតផលឱសថបំប៉នផ្លូវភេទបុរសឈ្មោះ AIDE FORTE ជាបន្ទាន់ដោយសារផលិតផលនេះ ពុំបានត្រួតពិនិត្យគុណភាពគ្មានចុះបញ្ជីកា គ្មានក្រុមហ៊ុនស្របច្បាប់ និងគ្មានការអនុញ្ញាតឲ្យផលិតផ្សាយពីក្រសួង ។

សេចក្ដីជូនដំណឹងបន្តថា “ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរឹងទៅតាមផ្លូវច្បាប់ ចំពោះម្ចាស់គណនីមួយចំនួនខាងលើ ដែលបាននាំចូលផ្សព្វផ្សាយលក់ ឬចែកចាយផលិតផលឱសថ បំប៉នផ្លូវភេទបុរសឈ្មោះ AIDE FORTE ខុសច្បាប់ខាងលើនេះ ទៅតាមច្បាប់ស្ដីពីច្បាប់វិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងឱសថជាធរមាន” ។

ក្រសូងតម្រូវឲ្យម្ចាស់ គណនីហ្វេសប៊ុកខាងលើទាំងអស់ បញ្ឈប់ការនាំចូលផ្សព្វផ្សាយលក់ ឬចែកចាយផលិតផលឱសថបំប៉នផ្លូវភេទបុរសឈ្មោះ AIDE FORTE ខុសច្បាប់ ព្រមទាំងប្រមូលយកផលិតផលនោះ មកកម្ទេចចោល ជាបន្ទាន់ផងដែរ ៕

ដោយ៖ធី លីថូ

To Top