នយោបាយ

ហេតុផលសំខាន់ៗ មួយចំនួន ដែលចិនវិនិយោគច្រើន នៅកម្ពុជា

ភ្នំពេញ: ទំនាក់ទំនងរវាងចិន និងកម្ពុជាបានចាប់ផ្តើម និងចាក់ឫសយ៉ាងជ្រៅនៅក្នុងប្រវត្តិសាស្ត្រដ៏យូរលង់ អស់ពេលប្រហែល២០០០ឆ្នាំមកហើយ បើគិតពីដំណើរទស្ស នកិច្ចរបស់លោក កាំង ថៃ និងលោក ជូ យីង រាជទូតចិន ដែលបានទៅបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងសម័យហ៊្វូណន។

ក្រោយមកទៀត ក៏មានទស្សនកិច្ចរបស់លោកជីវ តាក្វាន់ ទៅកាន់រាជធានីអង្គរ ដោយលោកបាននាំត្រឡប់មកកាន់ប្រទេសចិនវិញ នូវការផ្សព្វផ្សាយពីវប្បធម៌របស់ខ្មែរដូចមានកត់ត្រាយ៉ាងច្បាស់នៅក្នុងឯកសាររបស់លោក ដែលមានចំណងជើងថា ប្រពៃ​ណី​របស់អ្នកស្រុកចេនឡា។ នេះគឺជាទំនាក់ទំនងជាប្រវត្តិសាស្ត្រដ៏យូរលង់ និងមិនឤចកាត់ថ្លៃបានរវាងប្រទេស និងប្រជាជនទាំងពីរ។

រយៈពេលជាច្រើនរយឆ្នាំក្រោយមក ក្រោមការដឹកនាំរបស់ សម្តេចព្រះនរោត្តម សីហនុ និង លោកប្រធានម៉ៅ សេទុង ប្រទេសទាំងពីរកម្ពុជា-ចិន បានផ្សារភ្ជាប់ទំនាក់ទំនង ការទូតជាមួយគ្នា នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨រៀងរហូតមក។ កិច្ចសហប្រតិ​បត្តិការទ្វេភាគី ត្រូវបានលើកកម្ពស់នេះទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ចាប់ពីឆ្នាំ២០១០មក។ កម្ពុជាតែងតែគាំទ្រនយោបាយការបរទេសចិន ជាពិសេសគោលនយោបាយចិនតែមួយ និងគំនិតផ្តួចផ្តើមស្តីពី “ការផ្តួចផ្តើមគំនិងខ្សែក្រវ៉ាត់ និងផ្លូវ”។

ផ្តើមចេញពីទំនាក់ទំនងដ៏ស្មោះត្រង់ និងដូចដែកថែបក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែននិងមេដឹកនចិនជាបន្តបន្ទាប់នាប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ បានទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងចិនបានកើនឡើងយ៉ាងឆាប់រហ័ស ដែលសម្រេចបានជាមធ្យម២៦%ក្នុងមួយឆ្នាំៗ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។

ក្នុងឆ្នាំ២០១៦ ពាណិជ្ជកម្មទ្វេភាគីបានកើនដល់៤,៨ ប៊ីលានដុល្លារឤមេរិក ក្នុងនោះការនាំចេញរបស់កម្ពុជា មានទំហំ៨៣០លានដុល្លារឤមេរិក និងការនាំចូលមានប្រមាណ៣,៩ប៊ីលានដុល្លារឤមេរិក។ ចិនជាប្រទេសវិនិយោគធំជាងគេបំផុតនៅកម្ពុជា ដែលគិតពីដើមទសវត្សរ៍ទី៩០ ដល់ឆ្នាំ២០១៨នេះទំហំវិនិយោគរបស់ចិនមានទឹកប្រាក់ជាង១៧ពាន់លានដុល្លារអាមេរិក។

អ្នកវិនិយោគចិនវិនិយោគលើវិស័យមួយចំនួន រួមមាន កម្មន្តសាល សំណង់ វាយនភ័ណ្ឌ និងថាមពលអគ្គិសនី និងប៉ុន្មានឆ្នាំចុងក្រោយនេះចិនវិនិយោគលើវិស័យសំណង់ និងអចលវត្ថុកម្ពុជាឈានមុខគេ។ នៅឆ្នាំ២០១៦ ភ្ញៀវទេសចរចិនមកទស្សនាកម្ពុជាមានចំនួន៨៣០ពាន់នាក់ កើនឡើងប្រមាណ២០ភាគរយប្រៀបទៅនឹងឆ្នាំ ២០១៥។

ដោយឡែក នៅក្នុងផ្នែកហិរញ្ញប្បទានដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ប្រទេស​កម្ពុជាបានទទួលជំនួយអភិវឌ្ឍផ្លូវការ ទាំងជំនួយឥតសំណង និងកម្ចីពីសាធារណរដ្ឋប្រជាមានិតចិនរហូតដល់៤,២ ប៊ីលានដុល្លារឤមេរិក គិតត្រឹមខែ កុម្ភៈឆ្នាំ២០១៧ នេះ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត កសិកម្ម សុខាភិបាល និងអប់រំ។

ក្រោមគំនិតផ្តួចផ្តើមនៃយុទ្ធសាស្ត្រខ្សែក្រវ៉ាត់ និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ប្រទេសទាំងពីរបានបេជ្ញាបន្តពង្រីក កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរបស់ខ្លួនលើវិស័យសំខាន់ៗ រួមមាន ហេដ្ឋារចនាសម្ព័ន្ធ ការពង្រឹងផលិតភាពសេដ្ឋកិច្ច ការបង្កើនពាណិជ្ជកម្មទ្វេភាគី ទេសចរណ៍ វប្បធម៌ ការវិនិយោគ និងការអភិវឌ្ឍកសិកម្ម។

អំពីប្រទេសចិន
• រដ្ឋធានី៖ ប៉េកាំង (Beijing) ដែលមានប្រជាជន២១.៧ លាននាក់
• ប្រជាជន៖ ១.៣៧៣ លាននាក់ (២០១៦) • ផ្ទៃដី៖ ៩.៥៩៦.៩៦១ ម៉ែត្រក្រឡា• មានខេត្ត ក្រុង៣១ (ក្នុងនោះ ខេត្តចំនួន២២ តំបន់ស្វ័យ័តចំនួន៥។ក្រុងចំនួន ៤ និងតំបន់រដ្ឋបាលពិសេស ២ (ហុង កុង និងម៉ាកាវ)។ • ផលិតផលសង្គមសរុប៖១១,៨ ទ្រីលានដុល្លា (ប៉ាន់ស្មាន២០១៧)។ ប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ក្នុងមួយឆ្នាំសំរាប់ មនុស្សម្នាក់មានទំហំ៨.៤៨១ដុល្លារក្នុងមួយឆ្នាំ។
• ប្រធានាធិបតី និងជាអគ្គលេខាធិការបក្សកុម្មុយនិស្តចិន លោក ស៊ី ជិនភីង (Xi Jinping)។• នាយករដ្ឋមន្ត្រី លោក លី ឃើឈៀង (Li Keqiang)• ប្រធានសភាប្រជាជន លោក ចាង ដេជាង (Zhang Dejiang)៕

ដោយ៖ www.propertyarea.asia

To Top