ព័ត៌មានជាតិ

កម្ពុជា នៅតែទទួលរងឥទ្ធិពល នៃការប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ៖ បច្ចុប្បន្នកម្ពុជា នៅតែទទួលរងឥទ្ធិពលនៃការផលិត ការចរាចរការជួញដូរ ព្រមទាំងការរីករាលដាល នៃការប្រើប្រាស់គ្រឿងញៀន ពីទីក្រុងរហូតដល់ជនបទ ដោយហេតុនេះ ពួកឧក្រិដ្ឋជនគ្រឿងញៀន ធ្វើសកម្មភាពដឹកជញ្ជូនគ្រឿងញៀនតាម ផ្លូវគោក ,ផ្លូវអាកាស និងផ្លូវទឹក។​ នេះបើយោងតាមរបាយការណ៍សង្ខេបស្ដីពីលទ្ធផលការងារតស៊ូប្រឆាំង គ្រឿងញៀន ឆ្នាំ ២០១៨ និងលើកទិសដៅបន្ដ ឆ្នាំ២០១៩ របស់មន្ទីរប្រឆាំងគ្រឿងញៀន នៅថ្ងៃទី១០ ខែមករា ឆ្នាំ០១៩ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនប្រឆាំងគ្រឿងញៀន។

របាយការណ៍បន្ដថា ឆ្នាំ២០១៨ ទាំងនៅក្នុងអនុតំបន់ និងអន្ដរជាតិនៅតែបន្ដទទួលរងឥទ្ធិពលនៃការផលិត ការចរាចរគ្រឿងញៀន ពីតំបន់មួយទៅតំបន់មួយ រួមមាន៖ តំបន់អាមេរិក ខាងត្បូង ,តំបន់អាហ្វ្រិក ,តំបន់អាហ្វ្រិកខាងត្បូង ,តំបន់ ធឌ្ឍចន្ទមាស និងតំបន់ត្រីកោណមាស។ដូច្នេះស្ថានភាពទាំងនេះ​ ពិភពលោកក៏នៅតែប្រឈមជាមួយនឹងកំណើននៃ អ្នកប្រើប្រាស់គ្រឿងញៀន រួមទាំងសកម្មភាព ប្រើបំពានសារធាតុញៀនថ្មី (NPS) ដែលមានឥទ្ធិពលទៅលើប្រព័ន្ធសរសៃប្រសាទ។

របាយការណ៍បញ្ជាក់ថា “បច្ចុប្បន្នប្រទេសកម្ពុជានៅតែបន្ដរងឥទ្ធិពលនៃការផលិត ការចរាចរការជួញដូរ និងការរីករាលដាល នៃការប្រើប្រាស់គ្រឿងញៀន ពីទីក្រុងរហូតដល់ជនបទ ដោយហេតុនេះហើយ ពួកឧក្រិដ្ឋជនគ្រឿងញៀនធ្វើសកម្មភាពដឹកជញ្ជូនគ្រឿងញៀន ចូលឆ្លងកាត់ផ្លូវគោក ច្រកផ្លូវអាកាស និងកញ្ចប់បញ្ជើប្រៃសណីយ៍ជាបន្ដបន្ទាប់ធ្វើការចែកចាយ ក្នុងស្រុកមួយចំណែក និងមួយចំណែកទៀត ធ្វើការវេចខ្ចប់ដឹក ជញ្ជូន-ជួញដូរ ទៅតាមបណ្ដាប្រទេសជាប់ព្រំដែន និងតាមតំបន់”។

ជាមួយគ្នានេះដែរ របាយការណ៍សង្ខេបស្ដីពី លទ្ធផលការងារតស៊ូប្រឆាំងគ្រឿងញៀន ឆ្នាំ២០១៨ លើកឡើងថា ប្រតិបត្តិការបង្ក្រាបគ្រឿងញៀន របស់កម្លាំងនគរបាលជាតិឆ្នាំ២០១៨ បង្ក្រាបបាន ៦,៧៩២ករណី ឃាត់ខ្លួនជនល្មើស ១៣,៣៨៧នាក់ (ស្រី១,០១១នាក់) និងអនុវត្តតាមដីកាឃាត់ខ្លួន២១៧នាក់ (ស្រី៩នាក់)។ប្រតិបតិ្តការពេញមួយឆ្នាំនេះកម្លាំងនគរបាល ទូទាំងប្រទេសរឹបអូសគ្រឿងញៀនចំនួន ៥០៨គីឡូក្រាម ក្នុងនោះមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបបានចំនួន១,០១៧ករណី ឃាត់ខ្លួនជនល្មើស១,៧២៥នាក់ ស្រី២១៨នាក់ ដោយរឹបអូសថ្នាំញៀន បានចំនួន១៥៨គីឡូក្រាម។

ជាងនេះទៅទៀត ឆ្នាំ២០១៨មន្ទីរប្រឆាំងគ្រឿងញៀន បានសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខេត្តព្រះ សីហនុ និងខេត្តសៀមរាប ដើម្បីរួមគ្នាបង្ការ គ្រប់គ្រង និងបង្ក្រាបបទល្មើសគ្រឿងញៀន នៅតាមបណ្ដាទីតាំងកម្សាន្ដផ្សេងផងដែរ។ បន្ថែមពីនេះ មន្ដ្រីជំនាញក៏បានចុះស្រង់តាមបណ្ដាគោលដៅងាយរងគ្រោះ បទល្មើសគ្រឿងញៀន សរុបចំនួន ២៩៩៧ទីតាំង ក្នុងបានធ្វើកិច្ចសន្យារួមចំនួន៩៧២ទីតាំង មិនទាន់ធ្វើកិច្ចសន្យា២០២៥ទីតាំង៕

ដោយ៖ អេង ប៊ូឆេង

Facebook Comments

To Top