សន្តិសុខ និង សង្គម

Update៖ ក្រសួងទេសចរណ៍ ចេញសារាចរណែនាំ ឱ្យផ្អាកការលក់ដូរ គ្រឿងស្រវឹងចំនួន ២ថ្ងៃ

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានចេញសារាចរណែនាំមួយ ដល់ម្ចាស់អាជីវកម្មភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍ ខារ៉ាអូខេ ឌីស្កូតែក រង្គសាល បៀរហ្កាឌិន និងសេវាកម្សាន្តទេសចរណ៍ ទាំងអស់នៅទូទាំងប្រទេស ត្រូវផ្អាកការលក់ដូរ គ្រឿងស្រវឹងចំនួន២ថ្ងៃ គឺ១ថ្ងៃមុនការបោះឆ្នោត និងនៅថ្ងៃបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ នៃរដ្ឋសភា ។

តាមសារចរណែនាំ របស់ក្រសួងទេសចរណ៍ ដែលបានចេញនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨នេះ បានឱ្យដឹងថា ម្ចាស់ ឬ អ្នកគ្រប់គ្រងអាជីវកម្ម ខារ៉ាអូខេ ឌីស្កូតែក រង្គសាល បៀរហ្កាឌិន និងសេវាកម្សាន្តទេសចរណ៍នានា នៅទូទាំងរាជធានី-ខេត្ត ត្រូវផ្អាកសកម្មភាពអាជីវកម្ម រយៈពេលមួយថ្ងៃមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោត ចាប់ពីថ្ងៃទី២៨ និងទី២៩ ខែកក្កដា ឆ្នាំ២០១៨។ ចំណែកឯ អាជីវកម្ម ភោជនីយដ្ឋាន និងអាហារដ្ឋាន ទេសចរណ៍នានា នៅទូទាំងរាជធានី-ខេត្ត អាចដំណើរការអាជីវកម្មរបស់ខ្លួនបាន ប៉ុន្តែត្រូវផ្អាកការលក់ដូរគ្រឿងស្រវឹង នៅក្នុងរយៈពេលពីរថ្ងៃនេះ។

ក្រសួងទេសចរណ៍ក៍បានឱ្យ មន្ទីរទេសចរណ៍គ្រប់រាជធានី-ខេត្ត ចុះផ្សព្វផ្សាយ និងអប់រំណែនាំដល់ម្ចាស់អាជីវកម្ម ទាំងអស់ ឱ្យអនុវត្តតាមសារាចរណែនាំនេះ ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ ដើម្បីធ្វើឱ្យដំណើរការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ នៃរដ្ឋសភា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ប្រព្រឹត្តទៅក្នុងបរិយាកាសនយោបាយល្អ សេរី ត្រឹមត្រូវ និងគ្មានអំពើហិង្សា ។

ការណែនាំនេះ គឺអនុលោមទៅតាមច្បាប់ បទបញ្ជា និងនីតិវិធី នៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ នៃរដ្ឋសភា ប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង គ្មានការបំភិតបំភ័យ និងចៀសវាងនូវបាតុភាពនានា ដែលអាចកើតមានឡើងដោយសារ ការពិសាគ្រឿងស្រវឹងនោះ ។

សូមរំឭកថា កាលពីថ្ងៃទី០៦ ខែកក្កដា កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា ក៏បានចេញសេចក្ដីណែនាំមួយដែរ ដោយមិនឲ្យមានការលក់ដូរ និងពិសាគ្រឿងស្រវឹង នៅថ្ងៃទី២៨ និងទី២៩ ខែកក្កដា ឆ្នាំ២០១៨ នោះឡើយ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងបញ្ចៀសអំពើហិង្សានានា នៅក្នុងថ្ងៃបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ នៃរដ្ឋសភា ដោយសារកន្លងទៅ រាជរដ្ឋាភិបាល បានសង្កេតឃើញថា ការពិសាគ្រឿងស្រវឹងភាគច្រើន អាចបង្កឲ្យមានអំពើហិង្សា គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់សង្គម ការប្រព្រឹត្តបទល្មើសនានា ឬ ករណីខ្លះ ដែលអាចបណ្តាលឱ្យបាត់បង់ សណ្តាប់ធ្នាប់សាធារណៈទៀតផង ៕

Facebook Comments

Leave a Reply

Your email address will not be published.

To Top