សន្តិសុខ និង សង្គម

ឧត្តម​សេនីយ៍​ទោ ជួន​ ណា​រិន្ទ​៖ការបោះឆ្នោតមាន សារៈសំខាន់ណាស់ យើងមិន​អនុញ្ញាត​ឲ្យ​ក្រុម​ ឬ​ជនណា​បំផ្លាញ​ ការ​បោះឆ្នោត​ជាដាច់ខាត​

ភ្នំពេញ៖ ឧត្តម​សេនីយ៍​ទោ ជួន​ ណា​រិន្ទ​ស្នងការនគរបាល​ខេត្តព្រះសីហនុ បានថ្លែងចំពោះមុខស្នងការ​រង​ នាយ​-នាយ​រង​ការិយាល័យ​ អធិការ-​អធិការ​រង​នគរបាល ​ក្រុង-​ស្រុក​ និង​នាយ​នគរបាល​ប៉ុស្តិ៍រដ្ឋបាល​ ទូទាំង​ខេត្ត​ព្រះសីហនុ​ ចំនួន១៤៥នាក់ ថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៦នាពេលខាងមុខ មានសារៈសំខាន់ណាស់មិន​អនុញ្ញាត​ឲ្យ​ ក្រុម​ណា​ឬ​ ជនណា​ មក​អុកឡុក​ រារាំង​ គំរាមកំហែង​ បំភិតបំភ័យ​ដល់​ប្រជា​ពលរដ្ឋ​ បំផ្លាញ​ដល់​ ការ​បោះឆ្នោត​ជាដាច់ខាត​។

ស្នងការនគរបាលខេត្តព្រះសីហនុបានថ្លែងបែបនេះ ក្នុងកិច្ចប្រជុំត្រួតពិនិត្យផែនការ ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ការបោះ ឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ឆ្នាំ២០១៨ កាលពីថ្ងៃទី២០ ខែ​កក្កដា​ ឆ្នាំ​២០១៨​  នៅសាលា​  ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ ។​

លោកឧត្តមសេនីយ៍ ​ ជួន​ ណា​រិន្ទ​ បាន​មាន​ប្រសាសន៍ ណែនាំ​ឲ្យ​អស់​លោក​ទាំង​អស់​ យល់​ដឹង​អំពី​ច្បាប់​បទបញ្ជា​ នីតិវិធី​សម្រាប់​ការ​បោះឆ្នោត​ និង​ ក្រមសីលធម៌​ សម្រាប់​ភ្នាក់ងារ​សន្តិសុខ ការពារ ការិយាល័យ បោះឆ្នោត ។ ក្នុង​នោះ​អស់​លោក​ត្រូវ​យល់ដឹង​អំពី​សិទ្ធិ​តួនាទី​ និង​ភារកិច្ច​របស់​ខ្លួន​ ត្រូវ​មាន​វិន័យ​ក្រម​ សីលធម៌​ ប្រកបដោយ​វិជ្ជាជីវៈ​ មាន​ឆន្ទៈ​ និង​ការ​ទទួលខុស​ត្រូវ​ខ្ពស់​ ។

ចំពោះ​ការ​ងារ​ប្រចាំថ្ងៃ​ ត្រូវ​ធ្វើការ​បែងចែក​វេន​ ប្រចាំ​ការ​ ប្រចាំ​បញ្ជា​ ឲ្យ​បាន​ល្អ​ ២៤​/២៤ម៉ោង​ ដើម្បី​ទ្រោល​សភាពការណ៍ ការ​ពារ​សន្តិសុខ​ក្នុង​សង្គម ​។

លោក​ស្នងការ​បាន​បញ្ជាក់​ថា “ការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី​៦​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ នៅ​ថ្ងៃ​អាទិត្យ​ទី​២៩​ ខែ​កក្កដា​ឆ្នាំ​២០១៨​ ខាង​មុខ​នេះ​ មាន​សារៈសំខាន់​ណាស់​ ដូច​នេះ​យើង​មិន​អនុញ្ញាត​ឲ្យ​ក្រុម​ណា​ឬ​ ជនណា​ មក​អុកឡុក​ រារាំង​ គំរាមកំហែង​ បំភិតបំភ័យ​ដល់​ប្រជា​ពលរដ្ឋ​ បំផ្លាញ​ដល់​ការ​បោះឆ្នោត​ជាដាច់ខាត​ ” ។​

លោកស្នងការក៏បាន​ សំណូមពរឲ្យកងកម្លាំង នគរបាលទាំងអស់ ជួយផ្សព្វផ្សាយ ដល់ក្រុមគ្រួសារ​ សាច់ញ្ញាតិ បងប្អូន ឲ្យទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨  ​ដើម្បីសុខសន្តិភាព និងការអភិវឌ្ឍន៍​ រីកចំរើន ។

ក្នុង​ឱកាស​នោះ​ដែរ​លោកស្នងការ​បាន​ ធ្វើការ​បែងចែកម៉ូតូ​ម៉ាក​ ស៊ុយស៊ូ​គី​ស្មា​ស ចំនួន២៩​គ្រឿង​ ជូន​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​២៩​ឃុំ​-សង្កាត់​ ទូទាំង​ខេត្ត​ព្រះសីហនុ ដែលជាអំណោយរបស់ក្រសួងមហាផ្ទៃ ដើម្បីធ្វើជា​មធ្យោបាយ​ បំរើ​ការ​ងារ​​ជំនាញប្រចាំថ្ងៃ៕

 

 

 

Facebook Comments

Leave a Reply

Your email address will not be published.

To Top