សន្តិសុខ និង សង្គម

៣ខែ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលជំនួយជិត ៥លានដុល្លារ និងជាង ៣៥០០លានរៀល

ភ្នំពេញ៖ ចាប់ពីថ្ងៃទី១១ ខែមេសា ដល់ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០១៨ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកា បរិច្ចាគសរុបចំនួន ៣.៥៣៧.៦៤៦.១៥០រៀល និង៤.៩១៥.០៩៥ដុល្លារ ។

យោងតាមសេចក្តីប្រកាស ព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ បានឲ្យដឹងថា ការចូលរួមបរិច្ចាគនេះ ជាកាយវិការមួយបង្ហាញឲ្យ ឃើញពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស បានចូលរួមយ៉ាងសកម្មក្នុងការ គាំទ្រគោលនយោបាយទ្រទ្រង់ និងធានាចីរភាពនៃ កិច្ចប្រតិបត្តិការរបស់ មន្ទីរពេទ្យគន្ធបុប្ផា ដែលត្រូវបានផ្ដួចផ្ដើមឡើង ដោយប្រមុខរាជរដ្ឋភិបាលកម្ពុជា តាមរយៈការបង្កើត មូលនិធិគន្ធបុប្ផាកម្ពុជា បន្ថែមពីលើមូលនិធិគន្ធបុប្ផា ស្វីសដែលមានស្រាប់ ។

សូមជំរាបថា មូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានបង្កើតឡើង ដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន  កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ដោយមានសម្តេចតេជោ ហ៊ុន សែន   និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាស្ថាបនិក និងជាប្រធានកិត្តិយសនៃមូលនិធិ ។

មន្ទីរពេទ្យគន្ធបុប្ផាបានប្រកាសថា ក្នុងរយៈពេល ៦ខែឆ្នាំ២០១៨ មានកុមារឈឺចំនួន ជាង៤៤ម៉ឺននាក់ ត្រូវបានឪពុកម្តាយអាណាព្យាបាល នាំមកពិនិត្យព្យាបាល ក្នុងផ្នែកពិគ្រោះជំងឺក្រៅ នៅមន្ទីពេទ្យគន្ធបុប្ផា ទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ។

យោងតាមតួលេខដែលបង្ហាញ ដោយមន្ទីរពេទ្យគន្ធបុប្ផា កាលពីថ្ងៃទី១២ កក្កដា ឲ្យដឹងថា ក្នុងចំណោមកុមារជាង ៤៤ម៉ឺននាក់នោះ មានកុមារដែលឈឺធ្ងន់ចំនួនជាង ៧ម៉ឺននាក់ ត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ ហើយកុមារជាង ២ពាន់នាក់ទៀត កើតជំងឺគ្រុនឈាមធ្ងន់ធ្ងរ ត្រូវបានដាក់ឲ្យសម្រាកព្យាបាល ដែលចំនួននេះកើនឡើងទ្វេជា៣ បើធៀបឆ្នាំ២០១៧។ ក្រៅពីនេះ មានកុមារ ១២.៩៣០នាក់ ទទួលបានការវះកាត់បេះដូង និងវះកាត់ភ្ជិតប្រហោងបេះដូង តាមសរសៃឈាមជាដើម ៕

Facebook Comments

Leave a Reply

Your email address will not be published.

To Top