ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ កំពុងសិក្សាធ្វើច្បាប់ ការពរពោះជំនួស

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ក្រសួងមហាផ្ទៃ និងភាគីពាក់ព័ន្ធ មួយចំនួនទៀត កំពុងតែសិក្សាខាងផ្លូវច្បាប់ ដើម្បីបង្កើតច្បាប់ ការពរពោះជំនួស។

ក្នុងពិធី “ទិវាជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស១២ធ្នូ” លើកទី១២ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ សម្ដេច ស ខេង បានអំពាវនាវទៅដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ កុំយកបញ្ហាពរពោះជំនួសដើម្បីជីវភាពធ្វើជាមុខរបរ ព្រោះនេះ ជាអំពើអមនុស្សធម៌។

សម្ដេចបន្ដថា នៅតាមបណ្ដាប្រទេសជាមិត្តមួយចំនួនធំ ដែលបានជួបប្រទះបញ្ហា ពរពោះជំនួស បានអនុញ្ញាតជាផ្លូវច្បាប់ឲ្យមានការពរពោះជំនួស ប៉ុន្តែមានប្រទេសខ្លះទៀត កំពុងបិទការពរពោះ ជំនួសផងដែរ។

សម្ដេច ស ខេង មានប្រសាសន៍ថា “សម្រាប់កម្ពុជាយើង កំពុងតែសិក្សាផ្លូវច្បាប់ បញ្ហាពរពោះជំនួស អំពីបញ្ហានេះ ដែលក្នុងនាមខ្ញុំជា ប្រធានគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស”។

រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបន្ថែមថា ភាគីពាក់ព័ន្ធ និងក្រសួងមហាផ្ទៃ ក្នុងរយៈពេលកំពុងសិក្សានេះ គឺមិនដកថយឡើយ ដូច្នេះបញ្ហាទាំងនេះ មិនអាចឲ្យកាន់តែរីកធំឡើងនោះទេ៕
ដោយ៖ អេង ប៊ូឆេង

Facebook Comments

To Top