សន្តិសុខ និង សង្គម

ធនាគារអភិវឌ្ឍន៍ជនបទ៖ តម្លៃស្រូវអ៊ីអ៊ែ តាមបណ្ដាខេត្តមួយចំនួន នៅតែមានស្ថានភាពល្អ និងផ្តល់ផលចំណេញដល់កសិករ 

ភ្នំពេញ៖ បន្ទាប់ពីមានកិច្ចប្រជុំ ជាមួយក្រសួងពាណិជ្ជកម្ម រោងម៉ាស៊ីនកិនស្រូវ អ្នកនាំចេញអង្ករ និងភាគីពាក់ព័ន្ធ លើបញ្ហាថ្លៃស្រូវអ៊ីអ៊ែរួចមក ធនាគារអភិវឌ្ឍន៍ជនបទ បានអះអាងថា តម្លៃស្រូវអ៊ីអ៊ែ នៅតាមបណ្ដាខេត្តនៅតែមានស្ថានភាពល្អ និងនៅតែផ្ដល់ផលចំណេញ ដល់ប្រជាកសិករនៅឡើយ ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៨ កក្កដា បានឲ្យដឹងថា ថ្លៃស្រូវអ៊ីអ៊ែតាមបណ្តាខេត្ត ដែលផលិតស្រូវប្រភេទនេះ មានស្ថានភាពប្រែប្រួលជាវិជ្ជមាន ដោយគិតត្រឹមថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ស្រូវអ៊ីអ៊ែមានថ្លៃប្រែប្រួល តាមតំបន់មួយចំនួន ។

ធនាគារអភិវឌ្ឍន៍ជនបទ ថ្លៃស្រូវអ៊ីអ៊ែ ដែលប្រែប្រួល នៅតាមបណ្តាខេត្ត រួមមាន៖ ១៖ តំបន់ខេត្តកំពង់ធំ មានតម្លៃចន្លោះពី ៧៩០រៀល ទៅ៨០០រៀល ក្នុង១គីឡូក្រាម, ២៖ តំបន់ខេត្តកណ្តាល មានតម្លៃចន្លោះពី៨០០រៀល ទៅ៨៣០រៀល ក្នុង១គីឡូក្រាម, ៣៖ តំបន់ខេត្តតាកែវ មានតម្លៃចន្លោះពី ៨០០រៀល ទៅ៨៥០រៀល ក្នុង១គីឡូក្រាម, ៤៖ តំបន់ខេត្តព្រៃវែង មានតម្លៃចន្លោះពី ៧៩០រៀល ទៅ៨០០រៀល ក្នុង១គីឡូក្រាម ។

ធនាគារអភិវឌ្ឍន៍ជនបន្តថា ក្នុងតម្លៃខាងលើនេះ គឺជាតម្លៃដែលនៅតែមានស្ថានភាពល្អ និងមានផលចំណេញ ដល់ប្រជាកសិករនៅឡើយ បើធៀបទៅនឹងថ្លៃដើម នៃការដាំដុះស្រូវជាមធ្យមចំនួន ២.៨០០.០០០រៀល ក្នុងមួយហិចតា រួមមាន ថ្លៃភ្ជួររាស់ដី ថ្លៃពូជ ជី ថ្នាំ ថ្លៃច្រូតកាត់ និងថ្លៃដឹកជញ្ជូនជាដើម។

ធនាគារអភិវឌ្ឍន៍ជនបទ គូសបញ្ជាក់ថា ជាទូទៅទិន្នផលស្រូវអ៊ីអ៊ែ ទទួលបានជាមធ្យម ៦តោន ក្នុង១ហិកតា ហើយថ្លៃស្រូវបច្ចុប្បន្នជាមធ្យម ៨០០រៀល ក្នុង១គីឡូក្រាមនោះ ផលចំណូលក្នុងពីការលក់ស្រូវ ក្នុងមួយហិកតា ស្មើនឹង ៤.៨០០.០០០រៀល ផាត់ទាត់ជាមួយថ្លៃដើម នៃការផលិតជាមធ្យមចំនួន ២.៨០០.០០០រៀល គឺប្រជាកសិករនៅតែទទួលបាន ប្រាក់ចំណេញជាមធ្យមចំនួន ២.០០០.០០០រៀល ក្នុង១ហិកតា ៕

Facebook Comments

Leave a Reply

Your email address will not be published.

To Top