នយោបាយ

លោក វន់ ពៅ អំពាវនាវឲ្យបញ្ឈប់យកលុយ ពីអ្នកលក់ដូរតាមកញ្ច្រែង

ភ្នំពេញ៖ ប្រធានសមាគម ប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) លោក វន់ ពៅ បានអំពាវនាវ ឲ្យភាគីពាក់ព័ន្ធអនុវត្តន៍ តាមសារាចរណែនាំ របស់រាជរដ្ឋាភិបាល ដែលមិនអនុញ្ញាតឲ្យយកលុយ ពីអ្នកលក់ដូរតាមកញ្ច្រែង តាមល្អី ជាពិសេសត្រូវរៀបចំអនាម័យរ និងសន្តិសុខសម្រាប់អាជីវករ ។

យោងតាមសារាចរ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពី ការលុបការបង់ថ្លៃ ចំពោះប្រជាពលរដ្ឋ លក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ បានឲ្យដឹងថា ដោយយកចិត្តទុកដាក់ជាប្រចាំ ដល់ជីវភាពរបស់ប្រជាពលរដ្ឋ ក្នុងគោលបំណង កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាព របស់ប្រជាពលរដ្ឋ ព្រមទាំងកែលម្អសេវាសាធារណៈ ជូនប្រជាពលរដ្ឋ រាជរដ្ឋាភិបាល បានសម្រេចលុបការបង់ភាស៊ី និងការបង់ថ្លៃផ្សេងៗទៀត ចំពោះការលក់ដូររបស់ប្រជាពលរដ្ឋ តាមកញ្ច្រែង កញ្ជើ ល្អី នៅតាមទីផ្សារទូទាំងប្រទេស ។

លោក វន់ ពៅ បានលើកឡើង ក្នុងឱកាសអបអរសាទរទិវា សិទ្ធិមនុស្សអន្ដរជាតិ១០ធ្នូ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ថា សព្វថ្ងៃនៅតែមានអាជីវករជាច្រើន បានរងគ្រោះដោយការប្រើអំពើហិង្សា ក៏ដូចជាការចាក់បន្លែចោល ចាក់សម្ភារៈផ្សេងៗ របស់អាជីវករចោល ។

លោកបញ្ជាក់ថា “ឆ្លៀតក្នុងឱកាសនេះ សូមផ្ញើសារទៅសមត្ថកិច្ច ត្រូវតែគោរពសារាចរ របស់រាជរដ្ឋាភិបាល លេខ១១សរ ពីព្រោះសារាចរនេះ រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោដឹកនាំ បានចេញតាំងពីខែធ្នូ ឆ្នាំ២០១៦ មិនអនុញ្ញាតឲ្យសមត្ថកិច្ច យកភាស៊ីពីអ្នកលក់ដូរតាមកញ្ច្រែង តាមល្អីទេ ។ សារាចរនេះ បានបញ្ជាក់ថា អាជ្ញាធរគ្រប់ផ្សារ ត្រូវរៀបចំកន្លែងអនាម័យ សម្រាប់អាជីវករ រៀបចំសន្តិសុខសម្រាប់អាជីវករ” ។

លោកបន្តថា ចំពោះអាជីវករនៅផ្សារដើមគរ គឺលក់ដូរក្នុងភក់ជ្រាំ សុទ្ធសាធតែម្ដង ហើយអាជ្ញាធរផ្សារ ចាំយកតែលុយ គ្មានការអភិវឌ្ឍ និងរៀបចំឲ្យបានត្រឹមត្រូវឡើយ ។

ទន្ទឹមគ្នានោះលោក វន់ ពៅ ក៏បានស្នើឲ្យរាជរដ្ឋាភិបាល ផ្ដល់ប័ណ្ឌមូលនិធិសមធម៌ ដល់អាជីវករខ្មែរឡើងវិញ ។

ពាក់ព័ន្ធនឹងកម្មករ បម្រើការងារតាមផ្ទះ លោកបានស្នើឲ្យរាជរដ្ឋាភិបាល ផ្ដល់សច្ចាប័នអនុសញ្ញាលេខ១៨៩ និងលក្ខខណ្ឌការងារសមរម្យ សម្រាប់អ្នកធ្វើការងារតាមផ្ទះ ៕ ដោយ ខា ដា

To Top