នយោបាយ

លោក សុខ ឥសាន៖ ដើម្បីតម្លាភាព និងយុត្តិធ៌ម ទាមទារត្រូវអនុវត្ត តាមគោល ការណ៍ច្បាប់ និងស្រប តាមនីតិវិធីសំខាន់ៗ ៣

 

ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានលើកឡើងថា ដើម្បីតម្លាភាព និងយុត្តិធ៌ម ទាមទារត្រូវអនុវត្តតាមគោលការណ៍ច្បាប់ និងស្របតាមនីតិវិធីសំខាន់ៗ ៣ចំណុច ។

ថ្លែងតាមរយៈបណ្ដាញសង្គមតេឡេក្រាម នៅថ្ងៃទី៨ ធ្នូនេះលោក សុខ ឥសាន បានមានប្រសាសន៍ថា នៅពេលដែលរាជរដ្ឋាភិបាលកម្ពុជា មានឆន្ទៈចង់ដោះស្រាយ បណ្តាបញ្ហាដែលនៅសេសសល់ឲ្យ អស់ពីសង្គមកម្ពុជា ស្របទៅតាមគោលការណ៍ លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ ក្នុងក្របខ័ណ្ឌនៃ នយោបាយបង្រួបបង្រួមជាតិ ស្រាប់តែមនុស្សពាក់ព័ន្ធ មួយចំនួននៅតែចចេះរឹងរុសចង់យកឈ្នះចាញ់ និងយកត្រូវតែខ្លួនឯង ហើយដាក់កំហុសមកលើរាជរដ្ឋាភិបាលថារំលាយគណបក្សគេ ដែលអត់មានកំហុស ចាប់គេដែរអត់មានកំហុស ។ល។
លោកបន្តថា សួរថាបើអត់កំហុស តើមានហេតុផលស្អីត្រូវចាប់នោះ? បើនិយាយយកត្រូវតែខ្លួនឯង តើតួនាទីរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរយកទៅទុកឯណា មិនខុសទាំងស្រុងទេឬ?

លោក សុខ ឥសាន បញ្ជាក់ថា “ហេតុនេះ ដើម្បីតម្លាភាពនិងយុត្តិធ៌ម ទាមទារត្រូវអនុវត្តតាមគោលការណ៍ច្បាប់និងស្របតាមនីតិវិធី ដូចជា៖ ធ្វើវិសោធនកម្មច្បាប់ ដោយស្ថាប័ននីតិបញ្ញត្តិ តាមលំដាប់លំដោយនៃនីតិវិធី, ពិនិត្យឲ្យបានជាក់ស្តែង លើករណីបុគ្គលម្នាក់ៗ ក្នុងការអនុវត្តសាលដីការបស់តុលាការកំពូល តើបានគោរពនិងអនុវត្ត បានត្រឹមត្រូវប្ញទេ?, ពិនិត្យឲ្យបានជាក់ស្តែង លើសកម្មភាពរបស់បុគ្គលម្នាក់ៗ ថាតើមានបានធ្វើសកម្មភាពអ្វី ប្រឆាំងនឹងសាលដីកាតុលាការកំពូលឬទេ និងប្រឆាំងនឹងប្រទេសជាតិ ខ្លួនឯងកំរិតណាខ្លះ?” ។

លោកបន្ថែមថាផ្អែកលើមូលដ្ឋានខាងលើនេះ ទើបអាចរកឃើញភាព សត្យានុម័តនិងយុត្តិធ៏មក្នុងការដោះស្រាយ បញ្ហាប្រកបដោយតម្លាភាព។ វាមិនអាស្រ័យដោយការ ស្រែកអះអាងថាខ្លួនស្អាតស្អំ និងតាមការចង់បានជា អត្តនោម័តរបស់សាម៉ីជនឡើយ ។

លោកគូសបញ្ជាក់ថា ដើម្បីយុត្តិធ៌ម និងមានតម្លាភាពនេះ រាជរដ្ឋាភិបាលកម្ពុជា ប្រាកដជានឹងមានយន្តការសមត្ថកិច្ចច្បាស់លាស់ សម្រាប់ដោះស្រាយជាមិនខាន ៕

Facebook Comments

To Top