ព័ត៌មានជាតិ

វៀតណាម ចាត់ទុកដំណើរ ទស្សន​កិច្ច របស់នាយករដ្ឋមន្ត្រី​កម្ពុជា​ គឺជាកិត្តិយសដ៏ធំធេង ក្នុង​ការពង្រឹងទំនាក់ទំនង ទ្វេភាគី

ភ្នំពេញ៖​ លោក​ ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តី នៃសាធារណ​រដ្ឋ​ សង្គមនិយមវៀតណាម​ បានថ្លែងថា​ រដ្ឋាភិបាល ក៏ដូចជាប្រជាជនវៀតណាម ចាត់ទុកថា ដំណើរទស្សន​កិច្ច របស់សម្តេចតេជោ ហ៊ុន​ សែន​ ទៅកាន់ប្រទេសវៀតណាម​ គឺជាកិត្តិយសដ៏ធំធេង ក្នុង​ការពង្រឹងនូវទំនាក់ទំនង ទ្វេភាគី ដែលជាមិត្តស្និទ្ធស្នាល និងជាប្រទេសភូមិផង​របង​ជា​មួយគ្នា។​នេះបើយោង តាម​ហ្វេសប៊ុកសម្ដេចតេជោ​ ។

ថ្លែងក្នុងពិធីលៀងសាយ ភោជន៍ នាល្ងាចថ្ងៃទី៧​ ធ្នូ​ លោក​ ង្វៀន សួនហ៊្វុក​ បានមានប្រសាសន៍វាយតម្លៃខ្ពស់ ជូន​ចំពោះប្រមុខ រាជរដ្ឋាភិបាលកម្ពុជា ដែលបាន​ចំ​ណាយ នូវពេលវេលាដ៏មានតម្លៃបំផុត ឆ្លើយតបតាមអញ្ជើញ របស់លោក អញ្ជើញទៅ​ចូល​រួមបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសវៀតណាម ដើម្បីពង្រឹងនិងពង្រីកចំណងមិត្តភាព សាមគ្គី​ភាព ក្នុងនាមជាប្រទេសជិត ខាងនឹងគ្នា។

នាយករដ្ឋមន្រ្តីវៀតណាមបន្តថា យើងពិតជាមាន​ការ​រីករាយ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់នាំ មន្រ្តីពាក់ព័ន្ធ នៃប្រទេសទាំងពីរ ដែលមាន​ការយចិត្តទុកដាក់ខ្ពស់ចំពោះផលប្រយោជន៍ជាតិ និងប្រជាជន នៃប្រទេសទាំងពីរ។

នាយក​រដ្ឋ​មន្រ្តី វៀតណាមបញ្ជាក់ថា “រដ្ឋាភិបាល ក៏ដូចជាប្រជាជនវៀតណាម បានចាត់ទុកថា ដំណើរទស្សន​កិច្ច របស់សម្តេចតេជោ ទៅកាន់ប្រទេសវៀតណាម នៅពេលនេះ គឺជាកិត្តិយសដ៏ធំធេង ក្នុង​ការពង្រឹងនូវទំនាក់ទំនង វៀតណាម-កម្ពុជា ដែលជាមិត្តស្និទ្ធស្នាល និងជាប្រទេសភូមិផង​របង ​ជា​មួយគ្នា​“ ។

ជាមួយគ្នានោះនាយករដ្ឋមន្រ្តីវៀតណាម ក៏បានអបអរសាទរចំពោះសម្តេចតេជោ ដែលបាន​ជាប់​ជានាយករដ្ឋមន្រ្តីកម្ពុជាជាថ្មីម្តងទៀត ហើយបានជ្រើសរើសប្រទេសវៀតណាម ជាប្រទេស​ទី​ពីរក្នុងតំបន់អាស៊ាន បន្ទាប់ពីប្រទេសឡាវ ក្នុងការអញ្ជើញមកបំពេញទស្សន​កិច្ចមុនគេនាពេល​នេះ។

ក្នុងឱកាសនោះដែរ​ សម្តេចតេជោ​ ហ៊ុន​ សែន​ បានវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំនិងប្រជាជន វៀតណាម ដែលបានទទួលនូវបដិសណ្ឋារកិច្ច ស្វាគមន៍យ៉ាងស្និទ្ធស្នាល និងរ៉ាក់ទាក់បំផុត ចំពោះ សម្តេចនិងគណៈប្រតិភូ ក្នុងការអញ្ជើញទៅបំពេញទស្សនកិច្ច នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានវាយតម្លៃខ្ពស់ ចំពោះកិច្ចពិភាក្សាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ពីសំណាក់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ពិសេសការឈានទៅ ចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៦ ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសវៀតណាមនៅពេលនេះ។

ជាមួយគ្នានេះ សម្តេចតេជោ​ ក៏បានប្រសិទ្ធពរជ័យបវរ មហាប្រសើរជូនថ្នាក់ដឹកនាំ និងប្រជាជនវៀតណាមទទួល បាននូវភាពជោគជ័យ ខ្ពស់ថែមទៀត ក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែ សំបូររុងរឿងទ្វេឡើងថែមទៀត៕

Facebook Comments

To Top