នយោបាយ

លោក កឹម សុខា គាំទ្រការធ្វើវិសោធនកម្ម៤៥ថ្មី(ស្ទួន) បើកផ្លូវឲ្យអតីតមន្រ្តីបក្សប្រឆាំង ធ្វើនយោបាយវិញ

ភ្នំពេញ៖ លោកស្រី ម៉េង សុភារី ដែលជាមេធាវីការពារក្តីលោក កឹម សុខា ក្នុងចំណោមមេធាវី២រូបផ្សេងទៀត ដែលលោក កឹម សុខា បានផ្តល់សិទ្ធិឲ្យនិយាយជំនួសលោក បានថ្លែងថា ជុំវិញការធ្វើវិសោធនកម្ម៤៥ថ្មី(ស្ទួន)របស់រដ្ឋសភា ដែលមានគោលបំណងបើកផ្លូវឲ្យអតីតមន្រ្តីគណបក្សសង្រ្គោះជាតិទាំង១១៨រូប មានសិទ្ធិធ្វើនយោបាយឡើងវិញបាន គឺលោក កឹម សុខា គាំទ្រជានិច្ច។

លោកស្រីមេធាវី ម៉េង សុភារី បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលយ៉ាងខ្លីនៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ថា “អ្វីដែលជាដំណោះស្រាយដើម្បីប្រយោជន៍ជាតិ លទ្ធិប្រជាធិប្បតេយ្យ និងសិទ្ធមនុស្សយើងខ្ញុំគាំទ្រ” ។

ចំពោះព័ត៌មានមួយទៀតមកថា ការបើកផ្លូវឲ្យអតីតមន្រ្តីទាំង១១៨រូបនេះ គឺឲ្យតែក្រុមលោក កឹម សុខា ទេ តែក្រុមលោក សម រង្ស៊ី គឺមិនឲ្យនោះ លោកស្រីមិនទាន់បានបញ្ជាក់ យ៉ាងម៉េចទេ។ គ្រាន់តែលោកស្រីឆ្លើយតបថា “ចាសខ្ញុំមិនអាចឆ្លើយនិងសំនួរនេះបានទេ។ បើផ្អែកតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាដ្ឋានរដ្ឋសភា ជាសមត្ថកិច្ចរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃក្នុងការស្នើសុំ”។

ករណីនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលធ្វើសេចក្តីស្នើសុំរបស់មកកាន់នាយករដ្ឋមន្រ្តីកម្ពុជា ពាក់ព័ន្ធទៅនឹងបើកផ្លូវនយោបាយរបស់ អតីតមន្រ្តីទាំង១១៨រូប នៃអតីតគណបក្សសង្រ្គោះជាតិ ហើយក្នុងនាមជាដើមបណ្តឹងប្តឹងរំលាយគណបក្សសង្រ្គោះជាតិ រហូតដល់ដកបំរាមអ្នកទាំង១១៨រូប កាលពីថ្ងៃ៤ ធ្នូ បានថ្លែងថា ការធ្វើវិសោធនកម្មច្បាប់បើកផ្លូវឲ្យអ្នកនយោបាយ១១៨រូបធ្វើនយោបាយវិញ ដោយសារពួកគេមួយចំនួនធំ បានគោរពតាមលក្ខខណ្ឌសាលក្រមតុលាការកំពូល។

ទាក់ទងទៅនឹងសន្និសីទរបស់អតីតសាខាគណបក្សសង្រ្គោះជាតិនៅអាមេរិករយៈពេល២ថ្ងៃកន្លងមកដោយបានសម្រេចជ្រើសយក លោក សម រង្ស៊ី ជាប្រធានស្តីទីអតីតគណបក្ស សង្រ្គោះជាតិ ខណៈលោក កឹម សុខា អតីតប្រធានគណបក្សកំពុងមានវត្តមានពេលនាពេលបច្ចុប្បន្ននោះ លោកស្រី មេធាវី ម៉េង សុធារី បានថ្លែងថា លោក កឹម សុខា នៅតែមានការ សោកស្តាយដោយក្រុមដែលអះអាងថា ជាថ្នាក់ដឹកនាំសង្គ្រោះជាតិធ្វើអ្វីៗ ផ្ទុយពីលក្ខន្តិកៈរបស់បក្សខ្លួន។

កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ រដ្ឋសភាកម្ពុជា បានប្រកាសជាសាធារណៈពីការធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយ ដើម្បីបើកផ្លូវផ្តល់សិទ្ធិឲ្យនាយករដ្ឋមន្ត្រីកម្ពុជា ផ្តល់សម្បទា ដល់អ្នក នយោបាយ១១៨រូប របស់អតីតគណបក្សសង្គ្រោះជាតិដែលតុលាការហាមឃាត់ធ្វើនយោបាយរយៈពេល៥ឆ្នាំឲ្យមានសិទ្ធិធ្វើនយោបាយឡើងវិញ បន្ទាប់ពីតំណាងរាស្ត្រ ហត្ថលេខី ចំនួន៨៧រូប បានផ្តួចផ្តើមធ្វើសេចក្តីច្បាប់ស្តីពីវិសោធនកម្មមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ។

នៅព្រឹកថ្ងៃទី៥ ធ្នូនេះ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំអង្គប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីពិនិត្យសំណើរសុំអនុម័តសេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មមាត្រា៤៥ថ្មី(ស្ទួន)នៃច្បាប់ស្តីពីគណបក្សនយោបាយ ដើម្បីបើកផ្លូវឲ្យអតីតមន្រ្តីបក្សប្រឆាំង១១៨រូប អាចធ្វើនយោបាយឡើងវិញបាន។

ក្រោយបើកកិច្ចប្រជុំលោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភាកម្ពុជា បានថ្លែងថា គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានបញ្ជូនសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មមាត្រា៤៥ថ្មី(ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដែលមានគោលបំណងបើកផ្លូវឲ្យអតីតមន្រ្តីបក្សប្រឆាំងទាំង១១៨រូប អាចធ្វើនយោបាយវិញបានទៅគណៈកម្មការទី៦ពិនិត្យបន្ត៕

Facebook Comments

To Top