ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ ទិសដៅយុទ្ធសាស្ត្រ កំណែទម្រង់កងទ័ព គឺពង្រឹងសមត្ថភាព ត្រៀមលក្ខណៈប្រយទ្ធ ត្រៀមយកឈ្នះលើសមរភូមិ

សៀមរាប៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការរងកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា ទិសដៅយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ក្នុងការកំណែទម្រង់កងទ័ព គឺពង្រឹងសមត្ថភាព ត្រៀមលក្ខណៈប្រយុទ្ធ ត្រៀមយកឈ្នះលើ​សមរភូមិ ក្នុងការការពារបូរណភាពទឹកដី។

ការលើកឡើងបែបនេះរបស់លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បែបនេះបានធ្វើឡើង នៅក្នុងពិធីប្រកាសតែងតាំងមុខងារ មេបញ្ជាការ និងនាយសេនាធិការយោធភូមិភាគទី៤ នៅទីបញ្ជាការយោធភូមិភាគទី៤ នាខេត្តសៀមរាប ថ្នៅងៃសៅរ៍ ទី០១ ខែធ្នូ ឆ្នាំ២០១៨។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា “ទិសដៅ យុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាលនៅក្នុងការកំណែទម្រង់កងទ័ព តួនាទីភារ​កិច្ច​​កងទ័ពនៅក្នុងកងយុទ្ធពលខេមរៈភូមិន្ទ ពង្រឹងសមត្ថភាព ត្រៀមលក្ខណៈប្រយុទ្ធត្រៀមយកឈ្នះលើសមរភូមិក្នុងការការពារបូរណ​ភាពទឹកដី ឈ្នះទៅលើការការពារសុខសន្តិភាពជូនប្រជាជន ឈ្នះលើសត្រូវ​ គ្រប់បែបយ៉ាង។ ដូច្នេះ ការកសាងសមត្ថភាពនេះ គឺត្រូវធានាប្រតិបត្តិករនៅក្នុងអង្គភាពនីមួយនីមួយមានសមត្ថភាព គឺឆ្លុះបញ្ចាំងពីការដឹកនាំអង្គភាពមួយមានសមត្ថភាព មានរបៀបរៀបរយក្នុងការដឹកនាំអង្គភាពចំណុះ។ ដូច្នេះការជ្រើសរើសមេដឹកនាំអង្គភាពនីមួយនីមួយគឺសំខាន់ណាស់”។

បើតាមលោកឧត្តមសេនីយ៍ឯក “ការតែងតាំងមុខងារតួនាទីថ្មីនេះគឺបានឆ្លងកាត់ការត្រួតពិនិត្យ វាយតម្លៃ ពិភាក្សាយ៉ាងម៉ត់ចត់ពីជួរថ្នាក់ដឹកនាំកងទ័ពជើងគោក។តាមពិតគឺមាន បេក្ខ ភាពនាយទាហានមួយចំនួនទៀតដែលបានស្នើសំុបំពេញភារកិច្ច។ កន្លងទៅចំពោះនាយទាហានជាច្រើនទៀតដែលមានស្នាដៃ ប៉ុន្តែការជ្រើសរើសនាយនាហានទាំង២រូបនេះ គឺគោលការណ៍ទី១ យើងផ្ដល់អទិភាពចំពោះអ្នកនៅក្នុងអង្គភាពស្រាប់ ហើយការងារនេះគឺជាការងារដែលកងទ័ពជើងគោកនឹងខិតខំដើម្បី យកជាគោលការណ៍នៅក្នុងការ តែងតាំងនៅគ្រប់អង្គភាព។ ទី២ គឺផ្អែកទៅលើ ឆន្ទៈ សមត្ថភាពបទពិសោធន៍ អតីតភាព នៃការងារ ជាពិសេសមានភាពជាអ្នកដឹកនាំ និងការទទួលខុសត្រូវព្រោះការជ្រើសរើសនេះ សំខាន់នៅក្នុងការតែងតាំងអង្គភាពនីមួយៗ ដែលភាពជាដឹកនាំនេះ ការទទួលខុសត្រូវ និងឯកភាពផ្ទៃក្នុងគឺសំខាន់ណាស់។ ការជ្រើសរើសមេបញ្ជាការដែលអាចថែរក្សា សាមគ្គីផ្ទៃក្នុងបានល្អគឺសំខាន់ណាស់។ នេះគឺជាគោលការណ៍សំខាន់ណាស់នៅក្នុងការដឹកនាំ”។

លោកបានបញ្ជាក់បន្ថែមថា “សន្តិភាព វិបុលភាព និងការអភិវឌ្ឍសព្វថ្ងៃនៅកម្ពុជា គឺជាជ័យជម្នះដ៏ធំធេងបំផុតដែលបានផ្តល់ឲ្យប្រជា​ជន​កម្ពុជាក្រោមការដឹកនាំប្រកបដោយ យុទ្ធសាស្ត្ររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រកម្ពុជា ។ ក្នុងស្ថានភាពនេះ រាជរដ្ឋាភិបាលមិនអនុញ្ញាតឲ្យបរទេស ក្រុម ឬជនណាមួយធ្វើសកម្មភាពបំផ្លាញសន្តិភាព និងសមិទ្ធផលដែលសម្រេចបានដោយពលិកម្មអាយុជីវិត តាមរយៈការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងដែលអាចធ្វើឱ្យកម្ពុជា ធ្លាក់ចូលក្នុងភ្លើងសង្រ្គាមសារជាថ្មីទៀតឡើយ។ ដូច្នេះ អនុលោមតាមរដ្ឋធម្មនុញ្ញ និងនយោបាយការពារជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ការបន្តការពារអធិតេយ្យ និងបូរណភាពទឹកដី និងការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងធានាសណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ គឺជាកិច្ចការស្នូលអាទិភាពចាំបាច់ និងមានសារៈសំខាន់ផុត ដែលកងយោធពលខេមរភូមិន្ទ ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអនុវត្តប្រកបដោយភាពម៉ឺងម៉ាត់ ដាច់ខាត និងការទទួលខុសត្រូវពេញទំហឹងដើម្បីធានាបានទាំងស្រុង នូវសន្តិភាព ស្ថិរភាព និងសន្តិសុខស្ថិតស្ថេរយូរអ្វែង និងការកសាងឱកាសសម្រាប់ការអភិឌ្ឍន៍ជាតិ”។

ពិសេសជាងនេះទៀត មុំមួយនៃយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ទាមទារនូវការឆ្លើយតបយ៉ាងមានប្រសិទ្ធភាពពីសំណាក់កងយោធពលខេមរភូមិន្ទនៅក្នុងការកែទម្រង់ របស់ខ្លួន ដើម្បីធានាឱ្យបានទាំងស្រុងនូវសន្តិភាព ស្ថិរភាព សន្តិសុខ អធិបតេយ្យភាព បូរណភាពទឹកដី និងការអភិវឌ្ឍប្រទេសជាតិ។

នៅក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណទាំង៣ ដំណាក់កាលកន្លងមក រាជរដ្ឋាភិបាលសម្រេចបានវឌ្ឍនភាពជាមូលដ្ឋាននៅក្នុងការធ្វើទំនើបកម្មប្រព័ន្ធអភិបាលកិច្ច តាមរយៈយន្តការជាច្រើន ក្នុងនោះ រួមមានការកែទម្រង់កងកម្លាំងប្រដាប់អាវុធផងដែរ៕

Facebook Comments

To Top