ព័ត៌មានជាតិ

ព្រលាន យន្តហោះ ស្ទឹងត្រែង ត្រូវបានដាក់បញ្ចូល ក្នុងផែនការអភិវឌ្ឍន៍!

ភ្នំពេញ៖ មន្រ្តីជំនាញអាកាសចរណ៍ សីវិលមួយរូបបានថ្លែងអះអាងថា ព្រលានយន្តហោះខេត្តស្ទឹងត្រែង ត្រូវបានរដ្ឋាភិបាល ដាក់បញ្ចូលក្នុងផែនការអភិវឌ្ឍន៍ ជាមួយគំរោងផ្សេងទៀតដូចជា ទឹកស្អាត និងឡូជីស្ទិករួចហើយ។

លោក ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យ អាកាសចរណ៍ស៊ីវិល បានថ្លែងប្រាប់ Propertyarea.com និងដែលត្រូវបានចុះផ្សាយ នៅថ្ងៃ ២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ថា “ព្រលានយន្តហោះ ខេត្តស្ទឹងត្រែង ត្រូវបានរដ្ឋាភិបាល ដាក់បញ្ចូលក្នុងផែនការអភិវឌ្ឍន៍ ជាមួយគំរោង ផ្សេងទៀតដូចជា ទឹកស្អាត និងឡូជីស្ទិក រួចហើយ”។

ការព្រលយឱ្យដឹងនេះ ត្រូវបានលោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) ប្រកាសស្វាគមន៍ និងអបអរសាទរ។

ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ថា លោកស្រី ឆាយ ស៊ីវលីន បញ្ជាក់ថា “ជាការល្អដែរ ស្រួលអាចធ្វើឲ្យភ្ញៀវស្រួល ក្នុងការធ្វើដំណើរ ច្រើន។ព្រោះថាជួនកាល ភ្ញៀវចង់ទៅគោលដៅ ផ្សេងៗ នៅក្នុងប្រទេសកម្ពុជា ក៏ប៉ុន្តែវាស៊ីពេលវេលាពេក ក្នុងការធ្វើដំណើរ តាមថ្នល់”។

លោកស្រីថា “ចឹងបើសិនជាមានយន្តហោះ ហោះត្រង់ពីភ្នំពេញ-ទៅស្ទឹងត្រែង  ស្ទឹងត្រែង-ភ្នំពេញ ចឹងវាអាចធ្វើឲ្យចរន្តនៃការដើរទស្សនារបស់ភ្ញៀវទេសចរ ទាំងអស់នោះ កាន់តែមានភាពបាចសាច ពាសពេញប្រទេសកម្ពុជា តែម្ដង”។

លោកស្រី បន្តថា ប្រសិនជាអាចតភ្ជាប់ជើងហោះហើរ ត្រង់ពីភ្នំពេញ-ស្ទឹងត្រែង ស្ទឹងត្រែង-ភ្នំពេញ បានមែននោះ ធ្វើឲ្យមានការចំណេញ ពេលវេលា ដល់ភ្ញៀវទេសចរ ដោយពួកគាត់មិនចាំបាច់ហត់នឿយ ក្នុងការធ្វើដំណើរច្រើនឡើយ។

លោក​ ស៊ិន ចាន់​សិរី​វុត្ថា ​បាន​បន្តថា គំរោង​សាងសង់​ព្រលានយន្តហោះ​ ខេត្តស្ទឹងត្រែង​នេះ បាន​ដាក់ជូន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ហើយ​ក្រសួង​ដាក់ជូន​ដៃគូ​អភិវឌ្ឍន៍​ គឺ​ធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បី​ធនាគារ​នេះ  ​ស្វែងរក​ដៃគូ​វិនិយោគ។ ព្រលានយន្តហោះខេត្តស្ទឹងត្រែង  អាចចំណាយ ថវិកាវិនិយោគ ចន្លោះពី៥០លាន ទៅ ៦០លានដុល្លារ ព្រោះព្រលាននេះ មានដីស្រាប់រួច។

បច្ចុបន្ន ប្រទេសកម្ពុជា ដែលទទួលភ្ញៀវបរទេស ជាង៦លាននាក់ នោះ មានអាកាសយានដ្ឋានចំនួន៣ ក្នុងការទទួលភ្ញៀវអន្តរជាតិ មានអាកាសយានដ្ឋានភ្នំពេញ-សៀមរាប និងកងកេង ខេត្តព្រះសីហនុ៕

ដោយ៖ ធី លីថូ

Facebook Comments

To Top